ភ្នំពេញ៖ បន្ទាប់ពីពិណបានបាត់បង់ពីប្រទេសកម្ពុជាអស់រយៈពេលជិតមួយពាន់ឆ្នាំរួចមក ពិណបានរស់ឡើងវិញនៅអំឡុងឆ្នាំ ២០១២។ បន្ទាប់ពីការរស់ឡើងវិញនៃឧបករណ៍ពិណនេះ យុវតី ស្ងួន កវីសេរីរ័ត្ន គឺជាមនុស្សដំបូងគេ ដែលរៀនឧបករណ៍ពិណ និងចេះប្រើឧបករណ៍ពិណយ៉ាងស្ទាត់ជំនាញ។
ដើម្បីជ្រាបច្បាស់ថា យុវតី ស្ងួន កវីសេរីរ័ត្ន មានទេពកោសល្យយ៉ាងណានោះ សូមអញ្ជើញស្តាប់នាទីកម្សាន្ត ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ដោយមានការជ្រោមជ្រែង និងបង្ហាត់បង្រៀនពីឪពុកផ្ទាល់ ព្រមទាំងមានការខិតខំប្រឹងប្រែងដោយខ្លួនឯងផងទើបធ្វើឱ្យយុវតី កវីសេរីរ័ត្ន ហាក់ចាប់បានច្រើនពីបែបបទនៃការលេងឧបករណ៍ពិណនេះ។ យុវតីរូបនេះមិនមែនចេះត្រឹមតែឧបករណ៍ពិណប៉ុណ្ណោះទេ តែនាងថែមទាំងចេះឧបករណ៍ភ្លេងបុរាណខ្មែរជាច្រើនទៀត និងចេះឧបករណ៍ភ្លេងបរទេសផងដែរ។
យុវតី ស្ងួន កវីសេរីរ័ត្ន មានពូជពង្សជាកូនអ្នកសិល្បៈច្រើនជំនាន់ នាងមានកំណើតកើតជានៅរាជធានីភ្នំពេញ។ យុវតីរូបនេះអាចលេងឧបករណ៍ពិណ ឧបករណ៍រនាត និងឧបករណ៍ព្យាណូបានក្នុងវ័យដែលនាងទើបតែមានអាយុ ១៦ ឆ្នាំតែប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យមានភាពចាប់អារម្មណ៍ទៅលើយុវតីរូបនេះ គឺដោយសារតែនាងជាមនុស្សដំបូងគេដែលអាចលេងឧបករណ៍ពិណបានយ៉ាងស្ទាត់ជំនាញ។ លើសពីនេះទៀត បច្ចុប្បន្នយុវតី ស្ងួន កវីសេរីរ័ត្ន ដែលមានអាយុទើបតែ ១៦ ឆ្នាំ បានក្លាយទៅជាគ្រូបង្រៀនឧបករណ៍ពិណទៅហើយ។
បច្ចុប្បន្ន សេរីរ័ត្ន រៀននៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ផ្នែកតូតន្ត្រី ហើយនាងក៏រៀនអក្សរសាស្ត្រខ្មែរនៅសាលានេះផងដែរ។ យុវតីរូបនេះបាននិយាយថា ប្អូនរៀនឧបករណ៍ពិណនេះពីឪពុករបស់ខ្លួនផ្ទាល់ ហើយក៏មានការបង្រៀនពីបច្ចេកទេសភ្លេងពិណពីគ្រូជនជាតិបារាំងផងដែរ។
«និយាយតាមខ្ញុំស្រឡាញ់វិញ ខ្ញុំស្រឡាញ់ឧបករណ៍រនាតឯក និងពិណប៉ុន្តែសព្វថ្ងៃនេះខ្ញុំអាចលេងបានតែឧបករណ៍ពិណ រនាតឯកខ្ញុំមិនដែលចេញទៅសម្តែង តែខ្ញុំអាចចេះលេងតិចតួច។ ចំពោះឧបករណ៍ពិណខ្ញុំរៀនជាមួយប៉ារបស់ខ្ញុំជារៀងរាល់យប់ ចំពោះបច្ចេកទេសវិញ រៀនជាមួយគ្រូជនជាតិបារាំង…»។
ដំណើរដើមទងដែលធ្វើឱ្យយុវតីវ័យ ១៦ ឆ្នាំរូបនេះ ស្រលាញ់ចូលចិត្ត និងមានគំនិតលើកស្ទួយឧបករណ៍ភ្លេងបុរាណខ្មែរ ក៏ព្រោះតែនាងមានសែស្រឡាយជាអ្នកសិល្បៈផ្នែកភ្លេងបុរាណនេះស្រាប់ និងអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺដោយសារតែនាងគិតថា ក្នុងនាមខ្លួនជាកូនខ្មែរមួយរូប ប្អូនចង់ថែរក្សាអ្វីដែលជាសម្បត្តិវប្បធម៌ជាតិខ្មែរ និងចង់បង្ហាញប្រាប់កូនខ្មែរជំនាន់ក្រោយឲ្យបានយល់ដឹងពីឧបករណ៍ភ្លេងខ្មែរ។
«ចំពោះចំណាប់អារម្មណ៍នាងខ្ញុំ ដោយសារតែនាងខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំចង់ថែរក្សាវប្បធម៌ខ្មែរយើងកំឲ្យបាត់បង់ ហើយណាមួយចង់ឲ្យកូនខ្មែរជំនាន់ក្រោយ បានយល់ដឹងពីឧបករណ៍ខ្មែរយើង»។
ការសិក្សាឧបករណ៍ពិណនេះ សេរីរ័ត្ន ចាប់ផ្តើមរៀនតាំងពីឆ្នាំ ២០១២ មកម្លេះ គឺចាប់តាំងពីឧបករណ៍ពិណរស់ឡើងវិញ បន្ទាប់ពីបានបាត់ទៅអស់ជាច្រើនរយឆ្នាំមកហើយនោះ។ រ័ត្ន ក៏បានជាប់អាហារូបករណ៍រៀននៅសាលាតូរ្យតន្ត្រី ហឹម សុភី ផងដែរ ។
«ខ្ញុំចាប់ផ្តើមសិក្សាឧបករណ៍ពិណនេះ នៅក្នុងឆ្នាំ២០១២ ប៉ុន្តែខ្ញុំរៀនបច្ចេកទេសឧបករណ៍ពិណនេះ បានតែរយៈពេលបីខែ ហើយបន្ទាប់មកខ្ញុំក៏បានរៀនបទជាមួយប៉ានៅផ្ទះជារៀងរាល់ថ្ងៃ»។
បើតាមយុវតី ស្ងួន កវីសេរីរ័ត្ន ការរៀនឧបករណ៍ពិណនេះ មានការពិបាកនៅពេលដែលរៀនបទថ្មីៗ ហើយនាងក៏មិនមែនរៀនតែឧបករណ៍ពិណតែមួយមុខដែរ។ «មានការលំបាកដែរ ជួនកាលបទថ្មីៗ ខ្ញុំមិនទាន់ចេះ ពេលដែលគាត់ប្រាប់ទៅដល់ពីរបីដងទើបខ្ញុំអាចចាប់បាន។ ពេលដែលរៀនណឹងមានការនឿយហត់ទេ? ប៉ុន្តែខ្ញុំត្រូវតែខំប្រឹងស្តាប់គាត់ ដូងគាត់ប្រាប់យើងត្រូវធ្វើតាមគាត់..»។
សេរីរ័ត្ន រៀនឧបករណ៍ពិណនេះ បានរយៈពេលពីឆ្នាំនាងអាចចេញសម្តែងបាន។ ហើយ សេរីរ័ត្ន ក៏ ធ្លាប់បានទៅសម្តែងនៅក្រៅប្រទេសផងដែរ។ សេរីរ័ត្ន និយាយថា៖ «បើគឹតថាជាលក្ខណៈចូលជាមួយគេបាន រៀនរយៈពេលពីរឆ្នាំ ធ្លាប់ចូលរួមវង់សម្តែងភ្លេងមហោរី និងវង់ភ្លេងការ និងល្ខោនអូប៉េរ៉ា ដំបូងឡើយដែលខ្ញុំចាប់ផ្តើមចេញទៅសម្តែងដំបូងគេគឺ សហភាពសហព័ន្ទយុវជនកម្ពុជា…»។
ក្រៅតែពីរៀនឧបករណ៍ យុវតី សេរីរ័ត្ន ក៏រៀនឧបករណ៍រនាតផងដែរ តែនាងរៀនឧបករណ៍នេះបានតិចតួចប៉ុណ្ណោះ។ ដើម្បីអាចរៀនឧបករណ៍ភ្លេងច្រើនក្នុងពេលតែមួយបាន សេរីរ័ត្ន បាននិយាយថា ត្រូវតែបែងចែកពេលវេលាឲ្យបានច្បាស់លាស់ និងមានការអត់ធ្មត់បំផុត។ អ្វីដែលសំខាន់ទៀតនោះ គឺត្រូវតែព្យាយាមតាមដានស្តាប់គ្រូបង្រៀន។ «ចំពោះនាងខ្ញុំ ខ្ញុំចង់ឲ្យពេលដែលគាត់រៀនពេលតែមួយបានឧបករណ៍ច្រើន គឺគាត់ទីមួយគាត់យកចិត្តទុកដាក់ស្តាប់គ្រូបង្រៀន ទីពីឲ្យគាត់អនុវត្តិក្នុងមួយថ្ងៃរយៈពេលពីបួនទៅប្រាំម៉ោង គាត់គួរតែអត់ធ្មត់ពេលដែលគាត់ខុសគាត់តត្រូវតែស្តាប់គ្រូ…»។
ជាចុងក្រោយ កញ្ញា ស្ងួន កវីសេរីរ័ត្ន បានសំណូមពរទៅដល់កូនខ្មែរទាំងអស់ ឲ្យជួយលើកតំកើងវប្បធម៌ខ្មែរឲ្យខ្ពស់ជាងវប្បធម៌បរទេស។ «ជាចុងក្រោយនាងខ្ញុំចង់ឲ្យយុវជនខ្មែរទាំងអស់ ឲ្យគាត់ជួយលើកតំកើងវប្បធម៌ខ្មែរ ឲ្យច្រើនជាងលើកតំកើងវប្បធម៌ដទៃទៀត ហើយកំឲ្យគាត់ចំឡងវប្បធម៌គេ ឲ្យគាត់លើកតំកើងវប្បធម៌ខ្មែរ»៕