en     km
en     km

ក្រុម​សមាជិក​សភា​អា​មេ​រិ​ក​ ថា​ករណី​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​ចំណុច​ផ្ដើម​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ​

Share

cover-Sam-Rainsy
ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​វិទ្យុ​ VOA​ ខ្មែរ​នា​ពេល​ថ្មីៗ​នេះ​ ក្រុម​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​សហរដ្ឋអាមេរិក​ បានឱ្យ​ដឹង​ថា​ពួក​គាត់​សម្រេច​ប​ង្កើ​ប​ក្រុមការងារ​មួយ​ដើម្បី​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ហើយ​ពួក​គាត់​ថា​នឹង​លើកយក​បញ្ហា​គណបក្សប្រឆាំង​នៅ​កម្ពុជា​ ជា​ពិសេស​គឺ​ករណី​លោក​ សម​ រ​ង្ស៊ី​ លើក​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សម្រាល​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​។​ ក្រៅពី​នេះ​ ពួក​គាត់​បាន​បង្កើត​ក្រុម​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ដែរ​ ។​ តែ​មន្ត្រី​គណបក្សកាន់អំណាច​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ កម្ពុជា​មាន​សមាជិក​សភា​ធ្វើការ​គ្រប់គ្រាន់​ហើយ​ មិន​ចាំបាច់​ត្រូវការ​ក្រុម​អ្នកតំណាង​រាស្ត្រ​មក​ពី​អា​មេ​រិ​ក​លូកដៃ​ចូល​កិច្ច​របស់​កម្ពុជា​នោះ​ទេ​។​

​លោក​ អេ​ឡេ​ន​ ឡូ​វេន​ថុ​ល​ (Alan​ Lowenthal)​ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​ VOA​ ខ្មែរ​ថា​ លោក​ និង​លោក​ Steve​ Chabot​ មក​ពី​គណបក្ស​សាធារណរដ្ឋ​ កំពុង​សម្របសម្រួល​អ្នកតំណាង​រាស្ត្រ​ច្រើន​ឱ្យ​ជួយ​គាំទ្រ​ក្រុមការងារ​ពិសេស​មួយ​នេះ​ ដើម្បី​សង្កេតការណ៍​ និង​វាយតម្លៃ​ស្ថាន​ការ​នយោបាយ​ ជា​ពិសេស​ករណី​លោក​ សម​ រ​ង្ស៊ី​។​ ក្រុម​សមាជិក​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​ ដើម្បី​តាមដាន​កា​រវិ​វត្ត​នយោបាយ​ និង​សេដ្ឋកិច្ច​កម្ពុជា​នេះ​ ទើបបាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧​ ខែមីនា​ កន្លង​ទៅ​នេះ​។​

​លោក​ អេ​ឡេ​ន​ ឡូ​វេន​ថុ​ល​ បញ្ជាក់​ថា​ ក្រុម​តំណាងរាស្ត្រ​ដែល​មក​ពី​សមាជិក​សភា​គណបក្ស​ធំៗ​នៅ​ឯ​សហរដ្ឋអាមេរិក​នេះ​ ក៏​មាន​បំណង​ជួប​ពិភាក្សា​ជាមួយ​កម្ពុជា​ផង​ដែរ​ ដើម្បី​ជួយ​សម្របសម្រួល​ផ្នែក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើ​យ៉ាង​ជួយ​ឱ​លោក​ សម​ រ​ង្ស៊ី​ អាច​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​បាន​ ដោយ​រួច​ផុស​ពី​ការ​ចាប់ខ្លួន​របស់​តុលាការ​។​

​លោក​ថា​ ការ​គ្រោង​ជួយ​សម្របសម្រួល​នេះ​ គឺ​ដើម្បី​ធានា​ឱ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​តម្លា​ត​ភាព​ សេរី​ និង​យុត្តិធម៌​ ព្រោះថា​ការ​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់​ គឺ​ត្រូវ​មានការ​ចូលរួម​ពី​បក្ស​ប្រឆាំង​ដោយ​មិន​មានការ​គំរាម​ក​ហែង​។​ ចំណុច​នេះ​ ទទួល​បានការ​គាំទ្រ​ភ្លាម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក​ យឹ​ម​ សុវណ្ណ
លោក​ យឹ​ម​ សុវណ្ណ

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ សង្ឃឹមថា​ ក្រុម​តំណាងរាស្ត្រ​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ដែល​សមាជិក​សភា​អា​មេ​រិ​ក​ទើប​បង្កើត​នេះ​ នឹង​អាច​ជួយ​ស្តារ​បរិយាកាស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ធូរស្បើយ​ឡើង​វិញ​បាន​។​ លោក​ថា​ កិច្ច​អន្តរាគមន៍​ទាំង​ក្នុង​ប្រទេស​ និង​ពី​សហគមន៍​អន្តរជាតិ​ គឺជា​ការ​រួមចំណែក​មិន​អាច​ខ្វះ​បាន​។​

​លោក​ យឹ​ម​ សុវណ្ណ​៖​ «​យើង​ដឹង​ហើយ​ថា​ កា​រវិ​វត្ត​ទៅ​មិនសូវ​ល្អ​ប៉ុន្មាន​នោះ​ទេ​ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​បរិយាកាស​នយោបាយ​ហ្នឹង​ ការ​ជួយ​ជំរុញ​ឱ​មានកា​រវិ​វត្ត​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ប្រទេស​កម្ពុជា​ លុះត្រាតែ​យើង​ជួយ​គ្នា​ទាំង​កម្លាំង​ក្នុង​ប្រទេស​ ទាំង​កម្លាំង​ក្រៅប្រទេស​ ជា​ពិសេស​អា​មេ​រិ​ក​ដែល​ជា​ប្រទេស​មហាអំណាច​ហ្នឹង​ គឺជា​ការ​ចំ​បាច់​ត្រូវ​តែ​ជួយ​កិច្ច​ទាំងអស់​ហ្នឹង​»​។​

​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា​ គឺជា​សិទ្ធិ​របស់​សមាជិក​សភា​អា​មេ​រិ​ក​ ប៉ុន្តែ​លោក​ថា​ការ​ទទួលស្គាល់​ឬ​មិន​ទទួលស្គាល់​គឺជា​សិទ្ធិ​ដោយឡែក​របស់​កម្ពុជា​។​

លោក សុខ ឥសាន
លោក សុខ ឥសាន

​យ៉ាង​លោក​ សុខ​ ឥ​សាន​ ថា​ ការ​វិល​ត្រឡប់​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​សិទ្ធិ​របស់​មេ​បក្ស​ប្រឆាំង​ តែ​លោក​ថា​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ព្រោះ​លោក​បាន​ប្រព្រឹត្ត​ខុសច្បាប់​។​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា​ ទោះបីជា​អវត្តមាន​លោក​ សម​ រ​ង្ស៊ី​ ពី​កម្ពុជា​ក៏​ដោយ​ ក៏​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌​បាន​ផង​ដែរ​។​

​លោក​ សុខ​ ឥ​សាន​៖​ «​គាត់​ប្រព្រឹត្តិ​ល្មើសច្បាប់​ គាត់​ចូល​មក​ក្នុងស្រុក​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​អាហ្នឹង​ជា​ការ​ល្អ​ ដែល​បង្ហាញ​នូវ​វីរភាព​របស់​គាត់​ ដែល​គាត់​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ អ​ញ្ចឹ​ង​ខ្ញុំ​យល់​ថា​ទោះបី​មាន​អន្តរាគមន៍​ពី​បរទេស​ណា​ក៏​ដោយ​ក៏​ឥតប្រយោជន៍​ដែរ​ ហើយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ និង​មាន​អធិបតេយ្យ​ត្រឹមត្រូវ​ មិន​ទទួលយក​នូវ​ការ​លូក​ចូល​កិច្ច​ផ្ទៃក្នុង​របស់​កម្ពុជា​ពី​ជនបរទេស​ណាមួយ​ឡើយ​»​។​

​ចំណែក​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​កម្ពុជា​ លោក​ រស់​ រ៉ា​វុ​ធ​ លើក​ឡើង​ថា​ ការ​ឃ្លាំមើល​ពី​សំណាក់​ប្រទេស​មហាអំណាច​ គឺ​មិនមែន​ជា​ប្រការ​ល្អ​នោះ​ទេ​ ពោល​គឺ​មាន​តែ​អង្គការសហប្រជាជាតិ​នោះ​ទេ​ ដែល​មាន​ឥទ្ធិពល​អន្តរាគមន៍​ក្នុង​ប្រទេស​ដែល​កំពុង​ប្រព្រឹត្តិ​ខុសឆ្គង​។​

លោក រស់ រ៉ាវុធ
លោក រស់ រ៉ាវុធ

​តែ​យ៉ាងណា​លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ពិនិត្យ​មើល​ដំណើរការ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​ឡើង​វិញ​ផង​ដែរ​ ស្រប​ពេល​ដែល​ប្រទេស​មហាអំណាច​ចង់​លូកដៃ​ចូល​អន្តរាគមន៍​។​ លោក​ រស់​ រ៉ា​វុ​ធ​ ៖​ «​នៅ​ពេល​យើង​ពឹង​សៀម​បាន​កាត់​ដី​ឱ​សៀម​ នៅ​ពេល​ដែល​យើង​ពឹង​អា​មេ​រិ​ក​កាំ​ង​ អា​មេ​រិ​ក​កាំ​ង​ ទម្លាក់​គ្រាប់បែក​រាប់​តោន​មក​លើ​ប្រទេស​កម្ពុជា​ដែល​បាន​បន្សល់​សំណល់​ស​ង្គ្រោ​ម​ ហើយ​នៅទេ​ដែល​យើង​ពឹង​ចិន​គឺ​បាន​បន្សល់​វាល​ពិឃាត​។​ អ​ញ្ចឹ​ង​ទេ​!​ ហេតុ​អី្វ​បានជា​ខ្មែរ​មិន​ព្រម​និយាយ​គ្នា​ មិន​ព្រម​ចរចា​គ្នា​ដោយ​ត្រង់​ទៅ​ត្រង់​មក​ លើក​ការងារ​យក​មក​ដាក់​លើ​តុ​ ហើយ​បើ​នៅ​តែ​ពឹង​បរទេស​នេះ​ទៀត​ខ្មែរ​នៅ​តែ​បន្ត​ការ​ហែក​ហូរ​គ្នា​មិន​ចេះ​ចប់​ ព្រោះ​យើង​មិន​អាច​កាត់​ក្បាល​តម្រូវ​មួក​បាន​ទេ​»​។​

​គួរ​តក់​សម្គាល់ថា​ ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​ បាន​សន្យា​ផ្ដល់​ជំនួយ​ និង​បញ្ជូន​អ្នក​សង្កេតការណ៍​ មក​កាន់​ កម្ពុជា​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​។​ ការ​ប្រកាស​របស់​អា​មេ​រិ​ក​ បន្ទាប់​ពី​លោក​ ច​ន​ ឃើ​រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ប្រទេស​មហាអំណាច​នេះ​មក​ទស្សនកិច្ច​ នៅ​កម្ពុជា​ កាលពីដើម​ឆ្នាំ​២០១៦​ ដោយនៅ​ពេល​នោះ​ លោក​ ច​ន​ ឃើ​រី​ បាន​ប្រាប់​សម្ដេច​ ហ៊ុន​ សែន​ ថា​អា​មេ​រិ​ក​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ តែ​ចំណែក​ លោក​ សម​ រ​ង្ស៊ី​ វិញ​ គឺ​លោក​បាន​គេចខ្លួន​ទៅ​បរទេស​មាន​រយៈពេល​ជិត​ ៤​ ខែ​មក​ហើយ​ ហើយ​សំណុំរឿង​របស់​លោក​នៅ​តុលាការ​កើនឡើង​ ៤​ ករណី​ដែរ​៕​

Share

Image
Image
Image