ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចខណ្ឌសែនសុខ និងខណ្ឌចំការមន ហាមឃាត់ក្រុមអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌មិនឱ្យធ្វើកិច្ចការសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍ តាមដងផ្លូវក្នុងរាជធានីភ្នំពេញនាពេលថ្មីៗនេះ ក្រុមការងារកម្លាំងមនុស្សធម៌សុំសមត្ថកិច្ចផ្តល់ឱកាសឱ្យខ្លួនធ្វើចរាចរណ៍ក្នុងរាជធានីឡើងវិញ។ ដោយឡែកលោកអធិការខណ្ឌសែនសុខ បានចាត់ទុកសកម្មភាពជួយសម្រួលការកកស្ទះចរាចរណ៍លើដងផ្លូវនេះ ថាជាសកម្មភាពធ្វើខុសពីតួនាទី ព្រមទាំងបំពានដែនសមត្ថកិច្ចនគរបាលចរាចរណ៍។
រាយការណ៍ដោយលោក ម៉ៅ សំណាង ៖
ទោះបីមានការគំរាមចាប់ខ្លួនពីសំណាក់អធិការខណ្ឌសែនសុខ និង ខណ្ឌចំការមន មិនឱ្យធ្វើសម្មភាពសម្រួលការកកស្ទះចរាចរណ៍លើដងផ្លូវទីសាធារណៈនានាក្នុងរាធានីភ្នំពេញ ក៏ក្រុមអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌មិនបោះបង់ឆន្ទៈរបស់ខ្លួន ព្រមទាំងសុំសមត្ថកិច្ចផ្តល់ឱកាសឱ្យខ្លួនធ្វើចរាចរណ៍ក្នុងរាជធានីឡើងវិញ។
លោក ឃឿន សុឡា ចាងហ្វាងអង្គភាពសារព័ត៌មានកម្លាំងមនុស្សធម៌ មានប្រសាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា លោកខកចិត្តយ៉ាងខ្លាំងចំពោះសមត្ថកិច្ចខណ្ឌសែនសុខ និងខណ្ឌចំការមន បានហាមឃាត់ក្រុមការងារសារព័ត៌មានកម្លាំងមនុស្សធម៌ មិនឱ្យចូលរួមជួយសម្រួលការកកស្ទះចររាចរណ៍ក្នុងរាជធានីភ្នំពេញ។ លោកថា មូលហេតុនៃការហាមឃាត់នេះទំនងជាសមត្ថកិច្ចយល់ថា ក្រុមការងារសារព័ត៌មានកម្លាំងមនុស្សធម៌ធ្វើកិច្ចការបានល្អជាងនគរបាលចរាចរណ៍ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការសម្រួលចររាចរណ៍តាមទីសាធារណៈ និងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋក្នុងរាជាធានី។
លោក ឃឿន សុឡា បានបន្តថា សមត្ថកិច្ចអាជ្ញាធរដែនដីគួរណាស់ផ្តល់ឱកាស និងលើកទឹកចិត្តដល់ក្រុមការងារកម្លាំងមនុស្សធម៌ដែលកំពុងធ្វើសកម្មភាពជួយសង្គម។ លោកថា ក្រុមការងារកម្លាំងមនុស្សធម៌ធ្វើការងារស្ម័គ្រចិត្តជួយសង្គម ដោយមិនទាមទារប្រាក់កម្រៃពីរាជរដ្ឋាភិបាលឬស្ថាប័នណាមួយឡើយ ពោលគឺធ្វើដោយស្ម័គ្រចិត្ត ព្រមទាំងទទួលបានជំនួយបន្តិចបន្តួចពីសប្បុរសជនតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ការបញ្ឈប់សកម្មភាពរបស់ក្រុមការងារកម្លាំងមនុស្សធម៌មិនសម្រួលចរាចរណ៍តាមទីសារធារណៈ រូបលោក និងក្រុមការងារសោកស្តាយបំផុតចំពោះទង្វើហាមឃាត់របស់អធិការខណ្ឌសែនសុខ និងខណ្ឌចំការមន។
«…ខំប្រឹងមិនថាក្តៅរងា ប៉ុន្តែបែរជាបានផលអវិជ្ជមានវិញ ខ្ញុំមានអារម្មណ៍ថាអន់ចិត្ត... សមណាស់តែមានការលើកទឹកនិងមកធ្វើការជាមួយពួកខ្ញុំ អត់យល់មិនដឹងថាយកអ្វីមកគិតបានជាធ្វើអញ្ចឹង…»។
ចំណែកលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ មានប្រសាសន៍ជាមួយវិទ្យុស្ត្រីថា ការបញ្ឈប់សកម្មភាពរបស់ក្រុមសារអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌មិនឱ្យធ្វើចរាចរណ៍បន្តទៀត គឺជាការចង់រក្សាសណ្ដាប់ធ្នាប់សង្គមលើដងផ្លូវឱ្យបានល្អ ហើយសកម្មភាពរបស់ក្រុមកម្លាំងមនុស្សធម៌នេះ កន្លងទៅបានធ្វើខុសពីតួនាទីជាប្រជាពលរដ្ឋ និងកំពុងបំពានដែនសមត្ថកិច្ចនគរបាលចរាចរណ៍។ លោកបន្តថា រឿងបញ្ជាឬសម្រួលចររាចរណ៍លើដងផ្លូវជាតួនាទីរបស់មន្ត្រីនរគបាលចរាចរណ៍។
«វាអត់ចាំបាច់វាជាភារកិច្ចរបស់ប៉ូលីស កន្លែងណាដែលជាគោលដៅកកស្ទះទូរស័ព្ទប្រាប់ប៉ូលីសមក យើងអាចសម្រួលចរាចរណ៍ ឬផាកពិន័យ ចុះបើគាត់ទៅធ្វើប៉ូលីសធ្វើការងារអ្វីកើត ស្រួលមិនស្រួលមានរឿងហិង្សាជាមួយអ្នកដំណើរទៀត រឿងវាមិនកាន់តែធំទៀត…»។
អធិការខណ្ឌសែនសុខរូបនេះ ទទួលស្គាល់ថា បច្ចុប្បន្នមិនថាតែខណ្ឌសែនសុខនោះទេ ដែលខ្វះមន្ត្រីនគរបាលចរាចរណ៍ សូប្បីតែនៅទូទាំងប្រទេសក៏ខ្វះមន្ត្រីនគរបាលចរាចរណ៍ដែរ ដែលជាហេតុនាំឱ្យពិបាកនៅក្នុងការដោះស្រាយការកកស្ទះចរាចរណ៍។
ចំណែកលោក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការសម្រួលឬបញ្ជារចររាចរណ៍លើដងផ្លូវជាតួនាទីរបស់មន្ត្រីនរគបាលចរាចរណ៍ ប៉ុន្តែកន្លងទៅលោកទទួលស្គាល់ថា ការជួយសម្រួលចរាចរណ៍របស់ក្រុមអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌ ពិតជាជួយសម្រួលដល់ការកកស្ទះចរាចរណ៍លើដងផ្លូវពិតមែន។ ទន្ទឹមគ្នានេះ លោក ចេវ ហាក់ បានលើកឡើងថា ក្រុមអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌ គួររាយការណ៍ព័ត៌មានជូនមន្ត្រីនរគបាលចរាចរណ៍ ប្រសើរជាងការចេញមកបញ្ជារចររាចរណ៍ដោយផ្ទាល់ ដែលខ្លួនមិនមានតួនាទីនៅក្នុងរឿងនេះ។
ជុំវិញរឿងនេះ លោក សន ជ័យ យល់ឃើញថា ការធ្វើសកម្មភាពជួយសង្គមមានដូចជា ការសម្រួលសណ្ដាប់ធ្នាប់ចរាចរណ៍លើដងផ្លូវពេលកកស្ទះជាដើម ពលរដ្ឋតួនាទីជួយសម្រួល ឬរាយការណ៍ទៅកាន់មន្ត្រីចរាចរណ៍ សមត្ថកិច្ចក្នុងមូលដ្ឋានដើម្បីអន្តរាគមន៍។
លោក សន ជ័យ បានបន្តថា៖ «ការធ្វើសកម្មភាពជួយសង្គមរបស់ក្រុមអ្នកសារព័ត៌មានកម្លាំងមនុស្សធម៌ ហាក់ដូចជាលើសពីតួនាទីជាពលរដ្ឋ ព្រោះរឿងសម្រួលការកក់ស្ទះចរាចរណ៍នេះ ក្រុមកម្លាំងមនុស្សធម៌អាចធ្វើបានត្រឹមតែជាអ្នកជួយសម្រួល ឬ រាយការណ៍ទៅកាន់មន្ត្រីចរាចរណ៍តែប៉ុណ្ណោះ ចំពោះការបញ្ជារ ឬ ហាមឃាត់អ្នកដំណើរក្នុងករណីឈ្មើសច្បាប់ចរាចរណ៍ផ្សេងៗ ជាតួនាទីមន្ត្រីចរាចរណ៍»។
លោក សន ជ័យ បានឱ្យដឹងទៀតថា ដើម្បីបន្តសកម្មភាពជួយសង្គមបានបន្តទៀត អង្គភាពសារព័ត៌មានកម្លាំងមនុស្សធម៌ គួរតែធ្វើលិខិតស្នាមរដ្ឋបាលសុំការអនុញ្ញាត ឬ ធ្វើលិខិតយោគយល់គ្នារវាងអង្គភាព ជាមួយមន្ត្រីអាជ្ញាក្នុងមូលដ្ឋានដែលចុះជួយសម្រួលការកកស្ទះចរាចរណ៍។ លោកថា ប្រសិនបើគ្មានលិខិតស្នាមយោគយល់គ្នាជាក់លាក់នោះទេ បញ្ហាប្រឈមដដែលៗនឹងកើតមានចំពោះក្រុមកម្លាំងមនុស្សធម៌ជាក់ជាពុំខាន។
ជាការកត់សម្គាល់ រាល់ពេលកកស្ទះចរាចរណ៍នៅបណ្តាផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ជារឿងៗក្រុមការងារអង្គភាពសារព័ត៌មានកម្លាំងមនុស្សធម៌ តែងជួយសម្រួលការកកស្ទះទាំងនោះ ព្រមទាំងមានការគាំទ្រពីប្រជាពលរដ្ឋអ្នកធ្វើដំណើរផងដែរ៕