en     km
en     km

អគ្គស្នងការ​រង​នគរបាល​ជាតិ​៖​ កំណើន​យានយន្ត​ពុំ​អាច​កាត់​បន្ថយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​

Share

ភ្នំពេញ៖  ​យោង​តាម​របាយការណ៍​ស្តី​ពី​ស្ថានភាព​ចរាចរណ៍​ បាន​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ អាច​កាត់​បន្ថយ​បាន​តិចតួច​ប៉ុណ្ណោះ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​ រវាង​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦​ ទោះជា​រដ្ឋាភិបាល​ប្រឹងប្រែង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចាប់​ឆ្នាំ​ ២០១៦​ នេះ​យ៉ាងណា​ក្តី​។​

​ឆ្លើយ​តប​បញ្ហា​នេះ​ លោក​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរ​បាន​ជាតិ​ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​កម្ពុជា​ ពិបាក​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ថា​ ដោយសារ​កម្ពុជា​ ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ ជា​ពិសេស​កំណើន​យានយន្ត​។​ ការ​ថ្លែង​របស់​លោក​ ហ៊ឹ​ម​ យ៉ា​ន​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​លទ្ធ​ផលបូក​សរុប​ការងារ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំត្រីមាស​ទី​១​ នៅ​សាល​ប្រជុំ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ម្សិលមិញ​។​

​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

​គិត​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ បើ​ធៀប​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១៥​ គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើតឡើង​ចំនួន​ ៨៨៧​ លើក​ គឺ​ថយ​ចុះ​១១៥​ លើក​ បណ្តាល​ឱ្យ​សា្ល​ប់​ចំនួន​ ៤៥២​ នាក់​ កើនឡើង​ ១​នាក់​ និង​របួស​ ១៥០៨​ នាក់​ ថយ​ចុះ​១៨២​ នាក់​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​  លោក​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​។​

​លោក​ ហ៊ឹ​ម​ យ៉ា​ន​ បន្ត​ថា​ គ្រោះថ្នាក​ចរាចរណ៍​ភាគច្រើន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​ រាជធានី​ភ្នំពេញ​ ខេត្តតាកែវ​ និង​ខេត្តបន្ទាយមានជ័យ​។​ មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ ដោយសារ​ការ​បើកបរ​លើស​ល្បឿន​កំណត់​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ មិន​ប្រកាន់​ស្តាំ​ មិន​គោរព​សិទ្ធិ​អាទិភាព​ វ៉ា​ជែង​ បត់​ កត្តា​យានយន្ត​ និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត​។​

cover-Hoem-Yan
លោក​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ


បើ​តាម​ លោក​ ហ៊ឹ​ម​ យ៉ា​ន​ កម្ពុជា​ពិបាក​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​មាន​បញ្ហា​ប្រឈម​នានា​ រួម​មាន​៖​ ការ​កើនឡើង​នៅ​កំណើន​យានយន្ត​ កត្តា​អ្នកបើកបរ​មិន​អើពើ​ក្នុង​ការ​គោរព​ និង​អនុវត្ត​ច្បាប់​ជាដើម​៖​ «​អម្បាញ់មិញ​ខ្ញុំ​បាន​លើក​ឡើង​ហើយ​មូលហេតុ​ដែល​ធ្ងន់ធ្ងរ​ គឺ​ចំពោះ​រថយន្ត​ដឹក​កម្មករ​ ឥឡូវ​បទ​ពិសោធ​របស់​យើង​នេះ​កំពុង​តែ​ក្តោប​ទៅ​លើ​អា​គ្រោះថ្នាក់​ដុំ​ វាយលុក​ទៅ​គ្រោះថ្នាក់​ដុំ​ ប៉ុន្តែ​មិន​ទាន់​បាន​លទ្ធផល​ភ្លាមៗ​ទេ​…»​។​

​លោក​ ហ៊ឹ​ម​ យ៉ា​ន​ អះអាង​ថា​ អគ្គស្នងការ​រង​នគរ​បាន​ជាតិ​ នឹង​ខិតខំ​បង្ការ​ធ្វើ​យ៉ាងណា​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន​កាន់តែ​តិច​ជាង​មុន​។​ លោក​បន្ថែម​ថា​ ទិស​ដៅ​បន្ត​ទៀត​  អគ្គស្នងការ​នគរ​បាន​ជាតិ​នឹង​បន្ត​រិ​ត​បន្តឹង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ទាំង​ថ្ងៃ​ ទាំង​យប់​ ប្រកបដោយ​តម្លាភាព​ ស្មើភាព​ ជា​ពិសេស​ ត្រូវ​ផ្តោត​លើ​បញ្ហា​ ជា​អ​ទិ​ភាព​ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​ទន្ទឹម​នឹង​នេះ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ លើក​ឡើង​ថា​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​កម្រិត​។​ លើស​ពី​នេះ​ទៀត​ លោក​ ហ៊ឹ​ម​ យ៉ា​ន​ បញ្ជាក់​ថា​ លោក​នឹង​ជំរុញ​ឱ្យ​ច្បាប់​នេះ​ចេញ​ឱ្យ​បាន​លឿន​ផង​ដែរ​។​

​ចំណែក​លោក​ គឹ​ម​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​  មើលឃើញ​ថា​ បញ្ហា​ប្រឈម​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​ការ​អនុវត្ត​ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ទាន់​បាន​ពេញលេញ​ និង​នៅ​មាន​កម្រិត​នៅឡើយ​។​

​លោក​ គឹ​ម​ បញ្ញា​ ទទូច​ឱ្យ​កងកម្លាំង​នគរបាល​ចរាចរណ៍​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដោយ​ផ្តោត​លើ​កត្តា​ហានិភ័យ​ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ដូច​ជា​ការ​បើក​លើស​ល្បឿន​កំណត់​ ការ​មិន​ពាក់​មូ​ក​សុ​វត្តិភាព​ទាំង​អ្នក​ឌុ​ប​ និង​អ្នក​ជិះ​ពីក្រោយ​ និង​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ឱ្យ​បាន​តឹងរ៉ឹង​ និង​ឱ្យ​បាន​ម៉ឺងម៉ាត់​ ប្រកបដោយ​តម្លាភាព​ និង​ស្នើ​ភាព​គ្នា​។​ បន្ថែម​ពី​លើស​នេះ​ លោក​ថា​ រដ្ឋាភិបាល​ត្រូវ​ជំរុញ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​ពួក​គាត់​មានការ​ភ្ញាក់រឭក​ បើកបរ​ដោយសារ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​គោរព​ច្បាប់​ចរាចរណ៍​។​

​លោក​បន្ត​ថា​៖​ «​ទី​៣​ ខ្ញុំ​មើលឃើញ​ថា​ ការ​ចូលរួម​ ពី​វិស័យ​ឯកជន​ ពី​សង្គម​ស៊ី​វិល​ ពី​អ្នក​ពាក់ព័ន្ធ​។​ ខ្ញុំ​គិត​ថា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ វា​ត្រូ​ការ​ការ​ឆ្លើយ​តប​ពី​ វិធានការ​សរុប​ ពី​វិធានការ​រួម​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​វិស័យ​ឯកជន​គួរតែ​ពិនិត្យ​ពី​វិធានការ​ ក្នុង​ការ​ដាក់​ចេញ​ជា​បទបញ្ជា​ ព្រោះថា​យើង​ធ្វើ​បែប​នេះ​ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​យើង​ និង​ធនធានមនុស្ស​របស់​យើង​…»​។​

​សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​យានយន្ត​ដែល​បាន​ចុះបញ្ជី​ មាន​ជាង​ ៣​លាន​ ២​សែន​គ្រឿង​ (៣.២០០.៣២០​ គ្រឿង​)​ ក្នុង​នោះ​ម៉ូតូ​មាន​ ជិត​ ៣​លាន​គ្រឿង​ (២.៧១៤.១៩៣​ គ្រឿង​)​ និង​រថយន្ត​គ្រប់​ប្រភេទ​មាន​ប្រមាណ​ជិត​ ៥​សែន​គ្រឿង​ (៤៨៦.១២៧​ គ្រឿង​)​។​ នេះ​បើ​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​៕​

Share

ព័ត៌មានទាក់ទង

Image