en     km
en     km

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រកាស​ហែក​សំបុត្រ​ទ្រព្យសម្បត្តិ​របស់​លោក​ កឹ​ម​ សុខា​

Share

ភ្នំពេញ​៖​  ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រកាស​ហែក​សំបុត្រ​ទ្រព្យសម្បត្តិ​របស់​លោក​ កឹ​ម​ សុខា​ ដើម្បី​ផ្ទៀងផ្ទាត់​កំណើន​ទ្រព្យសម្បត្តិ​របស់​អ្នកនយោបាយ​ល្បីឈ្មោះ​រូប​នេះ​ ក្នុង​ករណី​ដែល​មានការ​ចោទប្រកាន់​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ ទិញ​លំនៅ​ដ្ឋា​ន​មួយ​ឱ្យ​ស្រី​កំណាន់​។​ ចំណែក​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ថា​ គឺជា​ល្ខោន​សម្តែង​របស់​គណបក្សកាន់អំណាច​ ដើម្បី​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

​លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ ឱម​ យ៉ិ​ន​ ទៀង​ ប្រកាស​ហែក​សំបុត្រ​ទ្រព្យសម្បត្តិ​របស់​លោក​ កឹ​ម​ សុខា​ ដើម្បី​ផ្ទៀងផ្ទាត់​កំណើន​ទ្រព្យសម្បត្តិ​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ករណី​ដែល​មានការ​ចោទប្រកាន់​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ ទិញ​លំនៅ​ដ្ឋា​ន​មួយ​ឱ្យ​ស្រី​កំណាន់​។​

​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ករណី​បណ្តឹង​របស់​ក្រុម​និស្សិត​មួយ​ក្រុម​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​ នៅ​កិច្ចប្រជុំ​នេះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​ប្រកាស​ថា​ សំឡេង​ខ្សែអាត់​ដែល​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​មួយ​បាន​ផ្សាយ​ចំនួន​ ៣៤​ ភាគ​ គឺជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ និង​សំឡេង​របស់​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​ ដែល​លោក​ថា​ពិតប្រាកដ​ ១០០%​។​

​លោក​ ឱម​ យ៉ិ​ន​ទៀង​ មាន​ប្រសាសន៍​ថា​៖​ «​ទី​១​ សំឡេង​ ៣២​ ឃ្លិប​ ៧៤​ ទំព័រ​ ជា​សំឡេង​ពិត​របស់​តួអង្គ​នីមួយៗ​ អត់​មាន​ថា​មិនមែន​សំឡេង​ខ្លួន​ទេ​ ទី​២​យើង​ព្រម​ទទួលយក​ពាក្យបណ្តឹង​របស់​ប្អូន​ ទី​៣​ បើក​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​»​។​

​ការ​អះអាង​បែប​នេះ​ ដោយ​ផ្អែក​ទៅ​តាម​ការ​វិភាគ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ទៅ​នឹង​សំឡេង​ខ្សែអាត់​ នោះ​មាន​ ៤​ ដំណាក់កាល​ រួម​ទាំង​បង្ហាញ​របាយការណ៍​កម្រាស់​ ៦៤​ ទំព័រ​ផង​ដែរ​។​

​ដំណាល់​កាល​ទី​១​ គឺ​កំណត់​សំឡេង​លោក​ កឹ​ម​ សុខា​ និង​សំឡេង​ កញ្ញា​ ស្រី​មុំ​ ដែល​បាន​ផ្តល់​បទ​សម្ភាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​សំឡេង​ខ្សែអាត់​។​ ដំណាក់កាល​ទី​២​ គឺ​ស្តាប់​សំឡេង​ និង​ធ្វើការ​ផ្ទៀងផ្ទាត់​វិភាគ​។​ ដំណាក់កាល​ទី​៣​ ប្រើ​ឧបករណ៍​បច្ចេកទេស​វិភាគ​ទៅ​លើ​សំឡេង​ និង​ដំណាក់កាល​ចុង​ក្រោយ​ វិភាគ​ប្រៀបធៀប​រលក​ប្រេកង់​សំឡេង​។​

​ចំណែក​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរតែ​ទទួល​ពាក្យបណ្តឹង​ផ្សេង​ទៀត​ ដែល​ទាក់ទង​ទៅ​អំពើ​ពុក​រលួយ​ក្នុង​រឿង​ដីធ្លី​ ដែល​ជា​ប្រយោជន៍​សាធារណៈ​ ប្រសើរ​ជា​ជាង​ទទួល​ពាក្យបណ្តឹង​ឯកជន​នេះ​។​

​លោក​ សន​ ជ័យ​ និយាយ​ថា​៖​ «​ស្ថាន​ប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហាក់បីដូចជា​ធ្វើ​រឿង​មិន​ចំ​គោលដៅ​ ហើយ​មហាជន​បាន​ចាត់ទុកជា​រឿង​ឥតប្រយោជន៍​ និង​បង្ក​ឱ្យ​មាន​សង្គម​មានរឿង​វ៉​ល់ៗ​ ហើយ​និង​បង្ក​ឱ្យ​មានរឿង​ស្រ​ដៀង​គ្នា​កើត​មាន​ជា​ហូរហែរ​»​។​

​លោក​ ព្រាប​ កុ​ល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​បញ្ចេញ​ទស្សនៈ​លើ​ ទំព័រ​ហ្វេ​ស​ប៊ុ​កថា​លោក​ ដោយ​មាន​ន័យ​ដូចនេះ​ថា​៖​ «​ សង្ឃឹមថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នឹង​មាន​ចំណាត់ការ​ដូច​គ្នា​ចំពោះ​មន្ត្រីជាន់ខ្ពស់​ផ្សេងៗ​ទៀត​របស់​រដ្ឋាភិបាល​ ដែល​មាន​តម្រុយ​ ឬ​ការ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ប្រសិនបើ​មានទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ពី​ប្រភព​ ដែល​មិន​អាច​ពន្យល់​បាន​ ឬ​បាន​មក​ពី​ប្រភព​ខុសច្បាប់​ ដោយ​ធៀប​ទៅ​នឹង​ប្រាក់​ចំណូល​ស្របច្បាប់​របស់​គាត់​  (​ដូច​បាន​ចែង​ក្នុង​មាត្រា​ ៣៦​ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​)​។​ ខ្ញុំ​យល់​ថា​តម្រុយ​ ឬ​ការ​សង្ស័យ​ ទៅ​លើ​ករណី​ពុក​រលួយ​របស់​មន្ត្រីជាន់ខ្ពស់​មាន​ដូច​ជា​ ចំនួន​ផ្ទះ​វីឡា​ធំៗ​ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​ឬ​កូនចៅ​គាត់​ រថយន្ត​ទំនើប​ដែល​មាន​តម្លៃ​ថ្លៃ​ និង​ការ​ចំណាយ​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​ ស្រ​ដៀង​ទៅ​នឹង​ករណី​ដែល​ចោទ​ទៅ​លើ​ លោក​ កឹ​ម​ សុខា​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​បានឱ្យ​ដឹង​ថា​ ការ​ទទួលយក​បណ្តឹង​នេះ​ គ្រាន់តែ​ជា​ការ​សម្តែង​ល្ខោន​របស់​គណបក្សកាន់អំណាច​ ដែល​ចង់ឱ្យ​លោក​ កឹ​ម​ សុខា​ បែកបាក់​គ្នា​ជាមួយ​លោក​ សម​ រ​ង្ស៊ី​ ហើយ​អ្វី​ដែល​គណបក្ស​ប្រជាជន​ចង់បាន​ គឺ​ចង់ឱ្យ​លោក​ កឹ​ម​ សុខា​ មាន​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ម្តង​។​

​លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​៖​ «​យើង​មិនបាច់​ឆ្ងល់​រឿង​នេះ​ ជា​ល្ខោន​ដែល​បាន​រៀបចំ​ទុកជា​ស្រេច​»​។​  លោក​បន្ត​ថា​ ម្យ៉ាងទៀត​ គណបក្ស​ប្រជាជន​ចង់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​បុគ្គល​នរណា​ម្នាក់​ ដើម្បី​ឡើងជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​។​ ត្រង់​ចំណុច​នេះ​ លោក​ បណ្ឌិត​ ពន្យល់​ថា​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បែប​នេះ​ មែន​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​បាន​បង់​ជំនឿ​ទុកចិត្ត​ពី​អ្នកគាំទ្រ​។​

​ស្រប​ពេល​ដែរ​ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​តែ​ចាត់ការ​ករណី​លោក​ កឹ​ម​ សុខា​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ក៏​កោះហៅ​លោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​បំភ្លឺ​ក្នុង​រឿង​នេះ​ដែរ​ លោក​ កឹ​ម​ សុខា​ ប្រកាស​ថា​ លោក​ប្រើ​វិធី​ធ្វើ​គ​ធ្វើ​ថ្លង់​ គឺ​ «​មិន​ឆ្លើយ​  មិន​ឆ្លង​ និង​មិន​ឈ្លោះ​»​ ចំពោះ​រឿងរ៉ាវ​របស់​លោក​៕​

Share

ព័ត៌មានទាក់ទង

Image