ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសហែកសំបុត្រទ្រព្យសម្បត្តិរបស់លោក កឹម សុខា ដើម្បីផ្ទៀងផ្ទាត់កំណើនទ្រព្យសម្បត្តិរបស់អ្នកនយោបាយល្បីឈ្មោះរូបនេះ ក្នុងករណី ដែលមានការចោទប្រកាន់ថា មេដឹកនាំបក្សប្រឆាំងនេះ ទិញលំនៅដ្ឋានមួយឱ្យស្រីកំណាន់។
ការថ្លែងរបស់លោក ឱម យ៉ិនទៀង ធ្វើឡើងនៅពេលដែលលោកប្រកាសទទួលយកពាក្យ បណ្ដឹងជាផ្លូវការរបស់យុវជនមួយក្រុម ដែលតាមប្ដឹងលោក កឹម សុខា ករណីរឿងខ្សែអាត់សំឡេង ស្នេហារវាងកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ ហើយបែកធ្លាយនូវពាក្យថា បានទិញលំនៅឋានមួយឱ្យស្រីកំណាន់រូបនេះ។
នៅចំពោះមុខអ្នកសារព័ត៌មានផងនោះ លោក ឱម យ៉ិនទៀង បានថ្លែងថា អង្គភាពរបស់ លោកនឹងហែកលិខិតសម្ងាត់ស្ដីពីទ្រព្យសម្បត្តិរបស់លោក កឹម សុខា ហើយផ្ទៀងផ្ទាត់ ប្រាក់ចំណូលរបស់គាត់ ថាតើកើនឡើងពីប្រភពណាខ្លះ បានជាគាត់មានប្រាក់ទិញលំនៅឋាន ឱ្យស្រីកំណាន់នេះ។
នៅពេលជាមួយគ្នានេះ លោក ឱម យ៉ិនទៀង ប្រកាថា ក្រសួងមហាផ្ទៃបានធ្វើកោសល្យវិច័យ នោះពិតជាសំឡេងរបស់លោក កឹម សុខា ពិតមែន ដែលករណីនេះ លោកថា ស្ថាប័នរបស់ លោក មានសមត្ថកិច្ចធ្វើរឿងនេះ។
ស្របពេលដែរ ស្ថាប័នប្រឆាំងអំពើពុករលួយកំពុងតែចាត់ការករណីលោក កឹម សុខា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏កោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺក្នុងរឿងនេះដែរ។ អ្នកសង្កេតការណ៍មួយចំនួន បានហៅករណីលោក កឹម សុខា ថា ជារឿងនយោបាយ ដើម្បី ផ្ដួលរលំគូប្រកួត មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតសភា ឆ្នាំ២០១៨៕