រដ្ឋាភិបាលថៃបានឯកភាព និងអនុញ្ញាតឱ្យពលរដ្ឋកម្ពុជា ដែលចូលមកស្នាក់នៅប្រទេសថៃ ដែលធ្វើការដោយខុសច្បាប់ មានសិទ្ធិបន្ដធ្វើការងាររយៈពេល ២ ឆ្នាំទៀត។
សេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលបានចុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ បានឱ្យដឹងបន្ថែមថា ដើម្បីសុំសិទ្ធិទាំងនោះ គឺពលករ-ពលការិនី ត្រូវរួសរាន់ទៅបង្ហាញខ្លួននៅមជ្ឈមណ្ឌលច្រកចេញចូលតែមួយ (OSS) តាមខេត្តដែលខ្ឡួនស្នាក់នៅចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីសុំបន្ដសុពលភាពសិទ្ធិធ្វើការងារនៅថៃរហូតដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០១៨។
តាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃដដែលនេះ លក្ខខណ្ឌដែលពលករ-ពលការិនី ដែលនឹងមកបង្ហាញខ្លួនរួមមាន៖ ទីមួយ អ្នកកាន់បណ្ណស៊ីជម្ពូ ដែលផ្ដល់នៅអំឡុងឆ្នាំ២០១៤ និង២០១៦ និងទីពីរ ពលករដែលកាន់ឯកសារចេញដោយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដែលរួមមានលិខិត ឆ្លងដែន លិខិតធ្វើដំណើររបស់ពលករ ឬលិខិតបញ្ជាក់អត្ដសញ្ញាណ៕