កុមារភាគច្រើនមានឱកាសបានសិក្សា ដោយសារតែឱពុកម្ដាយបានផ្ដល់ឱកាស និងជួយជ្រោមជ្រែង តែកុមារមួយចំនួនទៀតក៏មិនមានឱកាសសិក្សាដែរ។ តើនេះមកពីកត្តាអ្វីទៅបានជាកុមារាទាំងពីរនាក់ខាងលើមិនបានសិក្សារៀនសូត្រ? កត្តាជីវភាពគ្រួសារក្រីក្រ ឬក៏មកពីកត្តាអាណាព្យាបាលមិនយកចិត្តទុកដាក់។
ដើម្បីជ្រាបច្បាស់ ជុំវិញជីវិតកុមារក្រីក្រគ្នាទីពឹងទាំង ២ នេះ ជាបន្ដសូមអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបចំឡើងដោយ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖
ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៧១ ប្រហែលជាម៉ោង ៧ និង ៨ [យប់] នៅក្បែរវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ អ្នកនឹងបានឃើញកុមារពីរនាក់ ដែលម្នាក់ជាអ្នកអូសរទេះ និងម្នាក់ទៀត ជាអ្នករើសជ័រ និងកំប៉ុងទឹកសុទ្ធ ដាក់ចូលក្នុងរទេះរុញ។ កុមារាទាំងពីរនាក់នេះ គឺ ម្នាក់ៗ មានវ័យមិនលើសពី ១០ ឆ្នាំឡើយ។
«ខ្ញុំ ចាប់ផ្ដើមរើសអេតចាយនេះបាន បី បួនឆ្នាំ ហើយ» នេះជាសម្ដីរបស់ កុមារា ឈួន សម្បត្តិ វិឆ័យ។ កុមារសម្បុរស រាងស្គមល្អិត អាយុ ១០ ឆ្នាំរូបនេះ បានប្រាប់បន្ដទៀតថា ពេលនេះខ្លួនគេ និងប្អូនប្រុសបានឈប់រៀនហើយ ។ គេប្រាប់ថា នេះដោយសារតែកត្តាជីវភាពក្នុងគ្រួសារ៖ «ឥឡូវខ្ញុំឈប់រៀនហើយ ដោយសារតែម្ដាយអោយឈប់…»។ ព្រោះតែកត្តាជីវភាពគ្រួសារក្រីក្រវាមិនចម្លែកនោះទេ តែចម្លែកត្រង់ដើមហេតុដែលធ្វើឱ្យកុមារទាំងពីរនាក់បងប្អូននេះ បានបោះបង់ការសិក្សា តាំងពីថ្នាក់ទី២ ទី៤ គឺ ដោយសារតែគ្រួសារ បែកបាក់គ្នា។
កុមារា ឈួន សម្បត្តិវិឆ័យ ថា៖ «ម៉ាក់អោយឈប់ ដោយសារតែអត់លុយ…»។ ជួបជាមួយនឹងកុមារខ្លួនតូចមួយរូបទៀត គឺ កុមារ ឈួន សម្បូរ ដែលជាកុមារអូសរទេះខាងលើ។ កុមារា ឈួន សម្បូរ និយាយថា៖ «បើខ្ញុំមានឱកាសខ្ញុំចង់រៀន…»។
កុមារា សម្បត្តិវិឆ័យ និយាយថា កុមារ សម្បូរ ជាប្អូន បានឈប់សិក្សានៅត្រឹមថ្នាក់ទី២។ តាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ILO កុមារកម្ពុជា ២៤% ពីអាយុ ១០ ឆ្នាំទៅ ១៤ ឆ្នាំ មានសកម្មភាពយ៉ាងសកម្មជួយសេដ្ឋកិច្ចគ្រួសារ តែក្នុងចំណោមពួគេ គឺ ៨% បានបោះបង់ការសិក្សា។
ចំណែក កុមារមួយក្រុមទៀត ដែលបានជួបនៅតាមដងផ្លូវនោះ គឺ ពយ ជ្រុញ ។ នៅក្នុងសម្លៀកបំពាក់អាវយឺតពណ៌ទឹកសមុទ្រ ខោខៀវខ្លី ប្រឡាក់ដីស្រម៉ក ពយ ជ្រុញ អង្គុយ នៅលើចិញ្ចើមថ្នល់កាច់ជ្រុងស្ដុបសណ្ឋាគារ អ៊ីធឺខន ជាមួយមិត្តភក្ដិស្រី ប្រុសប្រមាណជា ១០ នាក់។
កុមាររូបនេះបាននិយាយថា៖ «អត់មាន លុយសម្រាប់រៀនសូត្រតែខ្ញុំ ចង់រៀនឱ្យបានច្រើន ខ្ញុំអត់ចង់សុំគេ អញ្ចឹងទេ អាងារមូសខាំ ខ្ញុំអត់មានភួយមានកន្ទេលដណ្ដប់អីទេ ខ្ញុំដេក នៅលើឥដ្ឋ ពេលភ្លៀងមកសាចទទឹកខ្ញុំអត់មាន បាយហូបគ្រប់គ្រាន់ ពិបាកហា៎ ពេលសុំលុយ មកត្រូវផ្ញើឱ្យម៉ែទៀត ប្អូនផងអីផង ខ្ញុំពិបាក មែនទែន»។ នេះជាការរៀបរាប់របស់កុមារ ពយ ជ្រុញ។
សិ្ថតក្នុងវ័យសិក្សា នឹងរស់នៅទីក្រុងភ្នំពេញនឹងគេដែរ បែរជា មិនមានឱកាស ដូចគេ តើនេះមកពីមូលហេតុអ្វី?
កុមារ៉ាអាយុ ១៣ ឆ្នាំ ពយ ជ្រុញ បានប្រាប់បន្ដនៃដើមហេតុទាំងនេះថា៖ «ម៉ែពុកខ្ញុំស៊ីឈ្នួល ដាំបន្លែឱ្យគេនៅស្រុកស្អាង ខេត្តកណ្ដាល ខ្ញុំបានមករស់នៅទីក្រុងភ្នំពេញជាមួយនឹងបង ប្រុសម្នាក់។ ការមករស់នៅទីក្រុងភ្នំពេញនេះ គឺដើម្បីដើរសុំលុយគេ ផ្ញើទៅឱ្យអ្នកផ្ទះ»។
កុមារកម្ពុជាក្រីក្រកម្ពុជា មានច្រើនបែប គឺមានកុមារដើរសុំទាន កុមារធ្វើពលកម្ម នៅការដ្ឋាន សំណង់ ឡដ៍ឥដ្ឋ នេសាទ និងប្រភេទកុមារខ្លះទៀត ត្រូវបានជួញដូរក្នុងទម្រង់ពលកម្ម ជួញដូរផ្លូវភេទ កុមារសេពថ្នាំញៀន និងធ្វើចោរកម្ម។ កុមារទាំងនេះ មិនមានឱកាសទទួលបានការអប់រំនៅតាមសាលារៀន។ ពួលគេ ជាក្រុមងាយប្រឈមមុខនឹងគ្រោះថ្នាក់ពីសង្គម។
ប្រធានមណ្ឌល និងទីប្រឹក្សាកម្មវិធីសុខុមាលភាពកុមារកម្ពុជា លោក សុខ ផាន់ណា មានប្រសាសន៍ថា កុមារដែរឱពុកម្ដាយមិនបានឱ្យសិក្សារៀនសូត្រ ហើយកុមារដែលត្រូវបោះបង់ការសិក្សាដោយសារតែឱពុកម្ដាយបង្ខំឱ្យដើរជួយរកលុយដូចជា ដើររើសអេតចាយ និងដើរសុំលុយនោះ គឺវាអាចបង្កផលលំបាកដល់សង្គមជាតិដូចជា ការបាត់បង់ធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។
លោក សុខ ផាន់ណា ថា៖ «ដោយសារតែកុមារទាំងអស់នេះ អត់ទទួលបានផ្នែកខាង ធនធានមនុស្ស គឺចំណេះដឹង ហើយពាក់ព័ន្ធនឹងសេដ្ឋកិច្ចផ្ទាល់ខ្លួន ហើយនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ មួយទៀតកាលណា រស់នៅតាមថ្នល់អត់មានការគាំទ្រពីសហគមន៍ ឬក៏ពីរដ្ឋាភិបាលកុមារទាំងអស់នេះ អាចក្លាយជារងគ្រោះដោយប្រការផ្សេងៗដូចជាការរំលោភបំពាន ការប្រើសារធាតុញៀន ឬក៏ប្រព្រឹត្តអំពើផ្សេងៗដែលខុសច្បាប់»។
ទន្ទឹមនឹងនេះ លោកក៏បានលើក ឡើងថា រឿងនេះ មិនត្រឹមតែបានប៉ះពាល់ទៅដល់សង្គមជាតិតែប៉ុណ្ណឹងនោះទេ តែវាក៏បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អនាគតកុមារទាំងអស់នោះផងដែរ ដូចជាធ្វើអោឱ្យកុមារទាំងអស់នោះថ្ងៃក្រោយមិនអាចរកអនាគតខ្លួនឯងឃើញ នៅពេលបច្ចុប្បន្ន ហើយសំខាន់ទៅថ្ងៃអនាគត ពួកគេ ក៏អាចក្លាយជាមនុស្សដែលអត់មានចំណេះដឹង ឬអវិជ្ជា ដោយសារតែពួកគេមិនបានដឹងពីគម្រោងផែនការអនាគតជីវិតបែបណា។
បើតាមស្ថិតិរបស់អង្គការសុខុមាលភាពកុមារកម្ពុជា តាមរយៈលោក សុខ ផាន់ណា គឺថា មកដល់ពេលនេះ កុមារដែលគ្មានទីពឹង និងងាយរងគ្រោះ គឺមានជាង ១ ពាន់នាក់។ដោយក្នុងនោះ កុមារកំព្រា និងងាយរងគ្រោះ មាន ៧០០ នាក់ និងកុមារពិការភ្នែក មាន ២៨០ នាក់ ជាមួយគ្នានេះ កុមារគរថ្លង់មាន ៥០០ នាក់។ ក្នុងចំណោមកុមារដែលបានជួយអប់រំ និងផ្ដល់កន្លែងស្នាក់នៅទាំងនោះ គឺភាគច្រើនជាកុមារអនាថា និងគ្រួសារអនាថា ដែលឱពុកម្ដាយជំរុឱ្យដើររើសអេតចាយ និងដើរសុំទាន៕