en     km
en     km

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ២​ ខេត្ត​ ឡើង​មក​ភ្នំពេញ​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​

Share

​ភ្នំពេញ៖  ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន​ ២​ ខេត្ត​ គឺ​ខេត្តបន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង​ បាន​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រគល់​ញត្តិ​ និង​ដាក់​ពាក្យបណ្តឹង​ទៅ​តាម​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ជា​ពិសេស​នាយក​រដ្ឋមន្ត្រី​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ នេះ​។​

​លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ចំនួន​ ២​ គឺ​ខេត្តបន្ទាយមានជ័យ​ និង​ខេត្តបាត់ដំបង​ បាន​លើកគ្នា​ឡើង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​ដូច​គ្នា​ពី​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាន​ រដ្ឋសភា​ និង​ក្រសួងយុត្តិធម៌​ជាដើម​។​

​លោក​ ប៊ុ​ន​ លី​ តំណាង​ប្រជាពលរដ្ឋ​ ៤៣​ គ្រួសារ​ មក​ពី​ភូមិ​ក្បាលស្ពាន​ ១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​ទាំង​ ៤៣​ គ្រួសារ​ ត្រូវ​បាន​អាជ្ញាធរ​បណ្តេញ​ចេញពី​លំនៅ​ដ្ឋា​ន​ទាំង​បង្ខំ​ ដោយ​គ្មាន​សំណង​សមរម្យ​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​។​

​លោក​បន្ត​ថា​ អាជ្ញាធរ​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ ដែល​មានឈ្មោះ​ ស្វាយ​ សុខា​ និង​ ប៊ុ​ន​ ស្រ៊ា​ង​ នៅ​ពីក្រោយ​ ដោយ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ និង​គំរាមកំហែង​អ្នក​ភូមិ​ឱ្យ​ចាក​ចេញពី​ដី​លំនៅ​ដ្ឋា​ន​ ដើម្បី​ឱ្យ​ក្រុមហ៊ុន​យក​ដី​នោះ​ទៅ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​លោក​ ប៊ុ​ន​ លី​ ៖​ «​អត់​ដឹង​ក្រុមហ៊ុន​អី​ទេ​ មានឈ្មោះ​ ប៊ុ​ន​ ស្រ៊ា​ង​ និង​ ស្វាយ​ សុខា​ គាត់​ដេញ​ប្រជាជន​ចេញ​ មិន​ស្គាល់​ថា​បុណ្យ​ ថា​ទាន​ កូន​ក្រហម​រងាល​ក៏​គាត់​មិន​ទុក​ឱ្យ​ដែរ​។​ អ​ញ្ចឹ​ង​បាន​ថា​ ប្រជាជន​ប្រហែល​ ៤០​ គ្រួសារ​ហ្នឹង​រង​ទុក្ខ​កង្វល់​ណា​។​

cover-people-from-BTB-&-BMC-come-to-protest-in-PP
ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ ស៊ុំ​ សា​រឿ​ន​ អភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​ផ្តល់​សម្ភាសន៍​ឱ្យ​ដល់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ អាជ្ញាធរ​ខេត្ត​មិន​មាន​សិទ្ធិ​អ្វី​ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​នោះ​ទេ​ គឺ​អាជ្ញាធរ​ធ្វើ​តាម​សេចក្តីសម្រេច​របស់​តុលាការ​តែ​ប៉ុណ្ណោះ​ ព្រោះ​សំណុំរឿង​នេះ​ធ្លាក់​ដល់​ដៃ​តុលាការ​ទៅ​ហើយ​។​ ទោះជា​យ៉ាងណា​ លោក​ថា​ កន្លង​មក​ប្រជាពលរដ្ឋ​បាន​លក់​ដី​នោះ​ឱ្យ​ក្រុម​ទៅ​ហើយ​ តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​បែរជា​មក​ទាមទារ​យក​ដី​ទៅ​វិញ​ ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​កើតឡើង​។​

​លោក​ ស៊ុំ​ សា​រឿ​ន​ ៖​ «​ខ្ញុំ​អត់​មាន​សិទ្ធិ​អី​ទៅ​ដេញ​ ខ្ញុំ​មិន​មាន​ដី​មួយ​ដុំ​អី​នៅ​ប៉ោយ​ប៉ែ​ត​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ដែល​បាន​ចូលរួម​ដេញ​អី​ទេ​។​ រឿង​ក្តី​តុលាការ​គេ​អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ​ យើង​មិន​អត់​ទៅ​លូកដៃ​ទេ​ ហើយ​មក​ស្អី​ជាមួយនឹង​ខេត្ត​ហ្នឹង​ ខេត្ត​មាន​ដឹង​អី​គ្នា​»​។​

​ចំណែក​តំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​មក​ពី​ខេត្តបាត់ដំបង​វិញ​ លោក​ កូយ​ ញឿ​ន​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​រសៀល​ថ្ងៃនេះ​ថា​ ពលរដ្ឋ​បាន​ដែល​ឡើង​មក​រាជធានី​ភ្នំពេញ​ បាន​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភាជាតិ​ ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ក្រសួងយុត្តិធម៌​ ឱ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​។​

​តំណាង​ពលរដ្ឋ​រូប​នេះ​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​ និង​មន្ត្រី​បរិស្ថាន​ បាន​ចុះ​មក​វាស់វែង​ដី​របស់​ពួក​គាត់​ ដោយ​បាន​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​បង្កបង្កើន​ផល​លើ​តំបន់​មាន​ជម្លោះ​នេះ​ ហើយ​ក្រុមហ៊ុន​ សួន​មាន​ សម្បត្តិ​ បាន​មក​ចរចា​ពី​គោលការណ៍​សំណង​ជាមួយ​ពលរដ្ឋ​តែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅឡើយ​។​

​លោក​ កូយ​ ញឿ​ន​ បញ្ជាក់​ថា​ លោក​នឹង​យក​ញត្តិ​ដាក់​ទៅ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស​ គឺ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ ដើម្បី​ដាក់​សម្ពាធ​ឱ​អាជ្ញាធរ​មូលដ្ឋាន​ប្រគល់​ដី​ជូន​ពលរដ្ឋ​បង្កបង្កើន​ផល​ដូច​មុន​វិញ​ និង​ស្នើ​ឱ្យ​អន្តរាគមន៍​ទៅ​តុលាការ​ដកហូត​បទ​ចោទ​ពី​ពលរដ្ឋ​ ព្រោះថា​ក្នុង​ទំនាស់​ដី​នេះ​ ពលរដ្ឋ​ ១១​ នាក់​ត្រូវ​បាន​តុលាការ​ធ្វើការ​ចោទប្រកាន់​។​

​លោក​ កូយ​ ញឿ​ន​ ៖​ «​មាន​សេចក្តី​សង្ឃឹមថា​ មកនេះ​ សុំ​ឱ្យ​គាត់​ជួយ​ធ្វើការ​ដោះ​លែង​ប្រជាពលរដ្ឋ​ដែល​គាត់​រង​គ្រោះ​ដោយសារ​ង​តែ​ក្រុមហ៊ុន​ចោទប្រកាន់​ពី​បញ្ហា​ដីធ្លី​របស់​គាត់​ ហើយ​ចាប់​គាត់​ដាក់​ពន្ធនាគារ​ដូច​លោក​ ស៊ុន​ ឆាត​ ហើយ​ជាប់​ពន្ធនាគារ​គេ​មិន​ឱ្យ​ចេញ​ទៅ​រកស៊ី​ទៅ​ក្រៅប្រទេស​ទេ​»​។​

WMC​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាលខេត្ត​បាត់​ដំបូង​បាន​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​ ​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ទាំង​ពីរ​ខេត្ត​ខាងលើ​នេះ​ សុទ្ធតែ​មាន​ក្តី​រំពឹង​ដូចៗ​គ្នា​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​អន្តរាគមន៍​ក្នុង​រឿង​នេះ​ ហើយ​នៅ​ពេល​មាន​អន្តរាគមន៍​លូកដៃ​ពី​លោកនាយក​រដ្ឋមន្ត្រី​នោះ​ ប្រសិទ្ធភាព​ដោះស្រាយ​នឹង​មាន​ភាព​វិជ្ជមាន​ ពោល​គឺ​ដូច​ករណី​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ ដែល​តុលាការខេត្ត​នោះ​ បាន​ដោះ​លែង​ស្ត្រី​ ២​ នាក់​ទាំង​កណ្តាល​យប់​បន្ទាប់​ពី​មាន​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី​៕

រូបភាព៖ ផ្ដល់ឱ្យ

Share

Image
Image
Image