ភ្នំពេញ៖ ពលរដ្ឋមានទំនាស់ដីធ្លីចំនួន ២ ខេត្ត គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានធ្វើដំណើរឡើងមករាជធានីភ្នំពេញ ដើម្បីប្រគល់ញត្តិ និងដាក់ពាក្យបណ្តឹងទៅតាមស្ថាប័នដែលពាក់ព័ន្ធ ជាពិសេសនាយករដ្ឋមន្ត្រីដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់ នៅថ្ងៃទី២៣ ខែមីនា នេះ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ ៖
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងខេត្តចំនួន ២ គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានលើកគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីដូចគ្នាពីស្ថាប័នពាក់ព័ន្ធរួមមាន រដ្ឋសភា និងក្រសួងយុត្តិធម៌ជាដើម។
លោក ប៊ុន លី តំណាងប្រជាពលរដ្ឋ ៤៣ គ្រួសារ មកពីភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថា ប្រជាពលរដ្ឋទាំង ៤៣ គ្រួសារ ត្រូវបានអាជ្ញាធរបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំ ដោយគ្មានសំណងសមរម្យជូនប្រជាពលរដ្ឋនៅឡើយ។
លោកបន្តថា អាជ្ញាធរបានឃុបឃិតជាមួយក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះ ស្វាយ សុខា និង ប៊ុន ស្រ៊ាង នៅពីក្រោយ ដោយបានព្យាយាមបញ្ចុះបញ្ចូល និងគំរាមកំហែងអ្នកភូមិឱ្យចាកចេញពីដីលំនៅដ្ឋាន ដើម្បីឱ្យក្រុមហ៊ុនយកដីនោះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន។
លោក ប៊ុន លី ៖ «អត់ដឹងក្រុមហ៊ុនអីទេ មានឈ្មោះ ប៊ុន ស្រ៊ាង និង ស្វាយ សុខា គាត់ដេញប្រជាជនចេញ មិនស្គាល់ថាបុណ្យ ថាទាន កូនក្រហមរងាលក៏គាត់មិនទុកឱ្យដែរ។ អញ្ចឹងបានថា ប្រជាជនប្រហែល ៤០ គ្រួសារហ្នឹងរងទុក្ខកង្វល់ណា។
ពាក់ព័ន្ធក្នុងរឿងនេះ លោក ស៊ុំ សារឿន អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់សម្ភាសន៍ឱ្យដល់សារព័ត៌មានក្នុងស្រុកមួយថា អាជ្ញាធរខេត្តមិនមានសិទ្ធិអ្វីដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាននោះទេ គឺអាជ្ញាធរធ្វើតាមសេចក្តីសម្រេចរបស់តុលាការតែប៉ុណ្ណោះ ព្រោះសំណុំរឿងនេះធ្លាក់ដល់ដៃតុលាការទៅហើយ។ ទោះជាយ៉ាងណា លោកថា កន្លងមកប្រជាពលរដ្ឋបានលក់ដីនោះឱ្យក្រុមទៅហើយ តែមានប្រជាពលរដ្ឋខ្លះបែរជាមកទាមទារយកដីទៅវិញ ដែលបង្កឲ្យមានជម្លោះកើតឡើង។
លោក ស៊ុំ សារឿន ៖ «ខ្ញុំអត់មានសិទ្ធិអីទៅដេញ ខ្ញុំមិនមានដីមួយដុំអីនៅប៉ោយប៉ែតទេ ហើយខ្ញុំក៏មិនដែលបានចូលរួមដេញអីទេ។ រឿងក្តីតុលាការគេអនុវត្តតាមនីតិវិធីរបស់តុលាការ យើងមិនអត់ទៅលូកដៃទេ ហើយមកស្អីជាមួយនឹងខេត្តហ្នឹង ខេត្តមានដឹងអីគ្នា»។
ចំណែកតំណាងពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តបាត់ដំបងវិញ លោក កូយ ញឿន បានប្រាប់វិទ្យុស្រី្តនៅរសៀលថ្ងៃនេះថា ពលរដ្ឋបានដែលឡើងមករាជធានីភ្នំពេញ បានដាក់ញត្តិទៅរដ្ឋសភាជាតិ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ ឱជួយដោះស្រាយបញ្ហាជូនពួកគាត់។
តំណាងពលរដ្ឋរូបនេះបន្តថា អាជ្ញាធរខេត្ត និងមន្ត្រីបរិស្ថាន បានចុះមកវាស់វែងដីរបស់ពួកគាត់ ដោយបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យបង្កបង្កើនផលលើតំបន់មានជម្លោះនេះ ហើយក្រុមហ៊ុន សួនមាន សម្បត្តិ បានមកចរចាពីគោលការណ៍សំណងជាមួយពលរដ្ឋតែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។
លោក កូយ ញឿន បញ្ជាក់ថា លោកនឹងយកញត្តិដាក់ទៅគ្រប់ស្ថាប័នពាក់ព័ន្ធជាពិសេស គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ក្នុងរឿងនេះ ដើម្បីដាក់សម្ពាធឱអាជ្ញាធរមូលដ្ឋានប្រគល់ដីជូនពលរដ្ឋបង្កបង្កើនផលដូចមុនវិញ និងស្នើឱ្យអន្តរាគមន៍ទៅតុលាការដកហូតបទចោទពីពលរដ្ឋ ព្រោះថាក្នុងទំនាស់ដីនេះ ពលរដ្ឋ ១១ នាក់ត្រូវបានតុលាការធ្វើការចោទប្រកាន់។
លោក កូយ ញឿន ៖ «មានសេចក្តីសង្ឃឹមថា មកនេះ សុំឱ្យគាត់ជួយធ្វើការដោះលែងប្រជាពលរដ្ឋដែលគាត់រងគ្រោះដោយសារងតែក្រុមហ៊ុនចោទប្រកាន់ពីបញ្ហាដីធ្លីរបស់គាត់ ហើយចាប់គាត់ដាក់ពន្ធនាគារដូចលោក ស៊ុន ឆាត ហើយជាប់ពន្ធនាគារគេមិនឱ្យចេញទៅរកស៊ីទៅក្រៅប្រទេសទេ»។
WMC មិនទាន់អាចសុំការបំភ្លឺពីអភិបាលខេត្តបាត់ដំបូងបាននៅឡើយទេ ពាក់ព័ន្ធនឹងបញ្ហានេះ។ តំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីទាំងពីរខេត្តខាងលើនេះ សុទ្ធតែមានក្តីរំពឹងដូចៗគ្នាថា ស្ថាប័នពាក់ព័ន្ធ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអន្តរាគមន៍ក្នុងរឿងនេះ ហើយនៅពេលមានអន្តរាគមន៍លូកដៃពីលោកនាយករដ្ឋមន្ត្រីនោះ ប្រសិទ្ធភាពដោះស្រាយនឹងមានភាពវិជ្ជមាន ពោលគឺដូចករណីទំនាស់ដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ ដែលតុលាការខេត្តនោះ បានដោះលែងស្ត្រី ២ នាក់ទាំងកណ្តាលយប់បន្ទាប់ពីមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រី៕
រូបភាព៖ ផ្ដល់ឱ្យ