អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងក្តីបារម្ភចំពោះចំនួនទណ្ឌិតកើនឡើងច្រើននៅក្នុងពន្ធធានាគារ ខណៈអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកបានបញ្ជាក់ថា ការកើនឡើងអ្នកជាប់ឃុំឃាំងដ៏ច្រើនលើសលុបនេះ អាចនឹងប៉ះពាល់ដល់សុខុមាលភាព និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ ៖
លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនទណ្ឌិត និងអ្នកកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារនាពេលបច្ចុប្បន្ននេះ ដោយលោកស្រីស្នើឱ្យក្រសួងយុត្តិធម៌ដោះស្រាយបញ្ហានេះជាបន្ទាន់ ដើម្បីធានាសិទ្ធិមនុស្សនៅកម្ពុជា។
ការសម្តែងក្តីបារម្ភនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។
ជុំវិញបញ្ហានេះ WMC មិនទាន់សុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងយុតិ្តធម៌ លោក ជិន ម៉ាលីន បាននៅឡើយទេ នៅរសៀលថ្ងៃពុធនេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប៉ុន្តែជុំវិញបញ្ហនេះ មានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា ក្រសួងយុត្តិធម៌នឹងពិចារណាសំណើរនេះ តាមរយៈការធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ ដើម្បីបន្ធូរបន្ថយការឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែក្រសួងខាងលើនេះ មិនទាន់បានកំណត់ពេលវេលាថានឹងវិសោធនកម្មច្បាប់ព្រហ្មទណ្ឌនៅពេលណានោះទេ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ការពារសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត បានសាទរដែលក្រសួងយុត្តិធម៌គ្រោងនឹងធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ ក្នុងការកាត់បន្ថយចំនួនអ្នកជាប់ឃុំឃាំងនេះ ។ លោកបន្តថា កាកើនឡើងនៃចំនួនទណ្ឌិត និងអ្នកជាប់ឃុំបណ្តោះអាសន្ននៅក្នុងពន្ធនាគារកម្ពុជា ភាគច្រើនជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនមានចំនួនច្រើនជាងគេ។
លោក អំ សំអាត បានសម្តែងក្តីបារម្ភថា ការកើនឡើងចំនួនទណ្ឌិត និងពិរុទ្ធជនកំពុងឃុំខ្លួនក្នុងពន្ធនាគារនេះ នឹងអាចប៉ះពាលដល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រសិនបើគ្មានដំណោះស្រាយណាមួយនោះ។ លោក អំ សំអាត និយាយថា៖ «បញ្ហានេះជាបញ្ហាសំខាន់ណាស់ព្រោះពាក់ព័ន្ធដល់ផាសុខភាពដល់ការស្នាក់នៅ សុខភាពអ្នកជាប់ឃុំក្នុងពន្ធនាគារ ហើយឥឡូវនេះ មានបទល្មើសច្រើននៅក្នុងពន្ធនាគារដូចជាករណីគ្រឿងញៀន។ រហូតដល់យើងព្រួយបារម្ភខ្លាចមេឈ្មួញជួញដូរគ្រឿងញៀនធំៗ យកពន្ធនាគារធ្វើជាទីស្នាក់ការសម្រាប់ជួញដូរគ្រឿងញៀនថែមទៀតផង»។
បើតាមសារព័ត៌មាន Fresh News ចុះផ្សាយថា អ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារទូទាំងប្រទេស ក្នុងពេលបច្ចុប្បន្នមានចំនួនជាង ១ ម៉ឺន ៧ ពាន់នាក់ ដែលមានចំនួនលើសការកំណត់ជាង ៥ ពាន់នាក់ ស្មើនិងប្រមាណ២៣,៧៣%។ ដោយក្នុងក្នុងនោះ អ្នកទោសដែលមានសាលក្រមស្ថាពរចំនួន ៣០% និង៧០% ទៀត មិនទាន់មានសាលក្រមស្ថាពរ៕