en     km
en     km

អ្នករាយការណ៍​ពិសេស​ អ.ស.ប ព្រួយបារម្ភ​អំពី​ចំនួន​ទណ្ឌិត​កើនឡើង​ច្រើន​នៅ​កម្ពុជា​

Share

អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​ចំនួន​ទណ្ឌិត​កើនឡើង​ច្រើន​នៅ​ក្នុង​ពន្ធ​ធានា​គារ​ ខណៈ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​បាន​បញ្ជាក់​ថា​ ការ​កើនឡើង​អ្នក​ជាប់​ឃុំឃាំង​ដ៏​ច្រើន​លើសលុប​នេះ​ អាច​នឹង​ប៉ះពាល់​ដល់​សុខុមាលភាព​ និង​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

Rona-Smite
​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ចំនួន​ទណ្ឌិត​ និង​អ្នក​កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​លោកស្រី​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​ ដើម្បី​ធានា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

​ការ​សម្តែង​ក្តី​បារម្ភ​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​។​

​ជុំវិញ​បញ្ហា​នេះ​ WMC​ មិន​ទាន់​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​យុ​តិ្ត​ធម៌​ លោក​ ជិន​ ម៉ា​លី​ន​ បាន​នៅឡើយ​ទេ​ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល​។​

​ប៉ុន្តែ​ជុំវិញ​ប​ញ្ហ​នេះ​ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា​ ក្រសួងយុត្តិធម៌​នឹង​ពិចារណា​សំណើរ​នេះ​ តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​ ដើម្បី​បន្ធូរបន្ថយ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ ប៉ុន្តែ​ក្រសួង​ខាងលើ​នេះ​ មិន​ទាន់​បាន​កំណត់​ពេលវេលា​ថា​នឹង​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​នៅ​ពេល​ណា​នោះ​ទេ​។​

​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ បាន​សាទរ​ដែល​ក្រសួងយុត្តិធម៌​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់ព្រហ្មទណ្ឌ​ ក្នុង​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ជាប់​ឃុំឃាំង​នេះ​ ។​ លោក​បន្ត​ថា​ កា​កើនឡើង​នៃ​ចំនួន​ទណ្ឌិត​ និង​អ្នក​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​ ភាគច្រើន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​មាន​ចំនួន​ច្រើន​ជាងគេ​។​

​លោក​ អំ​ សំអាត​ បាន​សម្តែង​ក្តី​បារម្ភ​ថា​ ការ​កើនឡើង​ចំនួន​ទណ្ឌិត​ និង​ពិរុទ្ធជន​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នេះ​ នឹង​អាច​ប៉ះពាល​ដល់​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​នោះ​។​ លោក​ អំ​ សំអាត​ និយាយ​ថា​៖​ «​បញ្ហា​នេះ​ជា​បញ្ហា​សំខាន់​ណាស់​ព្រោះ​ពាក់ព័ន្ធ​ដល់​ផា​សុខភាព​ដល់​ការ​ស្នាក់​នៅ​ សុខភាព​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ ហើយ​ឥឡូវនេះ​ មាន​បទល្មើស​ច្រើន​នៅ​ក្នុង​ពន្ធនាគារ​ដូច​ជា​ករណី​គ្រឿងញៀន​។​ រហូត​ដល់​យើង​ព្រួយបារម្ភ​ខ្លាច​មេ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ធំៗ​ យក​ពន្ធនាគារ​ធ្វើ​ជា​ទីស្នាក់ការ​សម្រាប់​ជួញដូរ​គ្រឿងញៀន​ថែម​ទៀត​ផង​»​។​

​បើ​តាម​សារព័ត៌មាន​ Fresh​ News​ ចុះ​ផ្សាយ​ថា​ អ្នក​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ទូ​ទាំង​ប្រទេស​ ក្នុង​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ជាង​ ១​ ម៉ឺន​ ៧​ ពាន់​នាក់​ ដែល​មាន​ចំនួន​លើស​ការ​កំណត់​ជាង​ ៥​ ពាន់​នាក់​ ស្មើ​និង​ប្រមាណ​២៣,៧៣%​។​ ដោយ​ក្នុង​ក្នុង​នោះ​ អ្នកទោស​ដែល​មាន​សាលក្រម​ស្ថាពរ​ចំនួន​ ៣០%​ និង​៧០%​ ទៀត​ មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​៕

Share

Image
Image
Image