en     km
en     km

អង្គការ​ស្ត្រី​ទទូច​ឱ្យ​ប្រទេស​អាស៊ាន​ការពារ​សិទ្ធិពល​ការិនី​ចំណាកស្រុក​សមាគម​អាស៊ាន​

Share

cover-ASEAN-AC-(printerest.com)​អាស៊ាន​៖​  សមាគម​អាស៊ាន​មាន​ ១០​ ប្រទេស​។​ សមាគម​នេះ​បាន​កើត​រូបរាង​នៅ​ឆ្នាំ​១៩៦៧​  ដែល​ដំបូង​មាន​ប្រទេស​ចំនួន​ ៥​ គឺ​ ថៃ​ ម៉ា​ឡេ​ស៊ី​ សឹ​ង្ហ​បុរី​ ឥណ្ឌូ​នេ​ស៊ី​ និង​ហ្វី​លី​ពី​ន​ ។​ ប្រទេស​ ៥​ ទៀត​គឺ​ ព្រុយ​ណេ​  វៀតណាម​ ឡាវ​ ភូមា​ និង​កម្ពុជា​ បាន​កើត​ក្រោយ​ប៉ុន្មាន​ឆ្នាំ​ ។​

​នៅ​ចុងខែ​វិច្ឆិកា​ មេដឹកនាំ​កំពូល​អាស៊ាន​ បាន​អនុម័ត​រួម​គ្នា​កំណត់​ថ្ងៃ​ទី​៣១​ ធ្នូ​ ឆ្នាំ​២០១៥​ ជា​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដែល​គោលដៅ​តែ​មួយ​គឺ​ លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ ជា​កម្លាំង​តែ​មួយ​។​ ក្នុង​ការ​អនុម័ត​នេះ​ មេដឹកនាំ​អាស៊ាន​ ក៍​មាន​កិច្ចព្រមព្រៀង​រួម​មួយ​ដែល​ស្ដី​ពី​ពលករ​ពល​ការិនី​ចំណាកស្រុក​ក្នុង​តំបន់​នេះ​។​

​តាម​ការ​យល់​ឃើញ​របស់​មេដឹកនាំ​អង្គការ​ស្ត្រី​នៅ​កម្ពុជា​ ទោះបី​អាស៊ាន​មាន​កិច្ចព្រមព្រៀង​ ស្ដី​ពី​ពលករ​ចំណាកស្រុក​ក្ដី​ តែ​ធាតុ​ពិត​អាស៊ាន​មិន​មាន​យន្តការ​ច្បាស់លាស់​ ដើម្បី​ការពារ​ និង​លើកកម្ពស់​សិទ្ធិពល​ការិនី​ ដើម្បី​ជៀស​ផុត​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​នោះ​ដែរ​។​

​លោក​ កែវ​ សុខា​ មាន​សេចក្ដីរាយការណ៍​លម្អិត​ ៖

​សមាគម​អាស៊ាន​ បាន​បង្កើត​សហគមន៍​មួយ​ជា​ផ្លូវការ​ដែល​គេ​ឱ្យ​ហៅ​ថា​សហគមន៍​អាស៊ាន​ ដោយ​ដាក់​ឱ្យ​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​។​ សមាគម​នេះ​មាន​សមាជិក​ចំនួន​ ១០​ ប្រទេស​ ដោយ​មាន​ប្រជាជន​សរុប​ ៦៣០​ លាន​នាក់​និង​មាន​ផលទុន​សរុប​ ២,៤​ ទ្រី​លាន​ដុល្លារ​។​

​សហគមន៍​នេះ​គេ​ដាក់​ឈ្មោះ​ថា​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​សរសរ​ស្ដម្ភ​ទាំង​បួន​ គឺ​បង្កើត​ឱ្យ​បាន​ទីផ្សារ​រួម​ និង​មូលដ្ឋាន​ផលិតផល​រួម​ បង្កើន​ការ​ប្រកួតប្រជែង​ ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​សមភាព​ និង​សមាហរណកម្ម​ ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​។​

​សហគមន៍​នេះ​មាន​គោលដៅ​ចាប់​យក​ប្រទេស​ និង​តំបន់​សេដ្ឋកិច្ច​ធំៗ​នៅ​លើ​ពិភពលោក​ជា​ដៃគូរ​សហប្រតិបត្តិការ​ ដែល​ធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​ក្លាយជា​សេដ្ឋកិច្ច​ធំ​ទី​បួន​របស់​ពិភពលោក​។​

រូបតំណាងពលរដ្ឋចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស (freemalaysiatoday.com)
រូបតំណាងពលរដ្ឋចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស (freemalaysiatoday.com)

តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ ប្រទេស​សមាគម​អាស៊ាន​ មាន​កម្លាំង​ពលករ​ធ្វើ​នៅ​ទូ​ទាំង​ពិ​ភ​ភព​លោក​ មាន​ ២៣២​ លាន​នាក់​។​ ពលករ​អាស៊ាន​ ដែល​ចាក​ចេញពី​ប្រទេស​ពួក​គេ​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្នុង​តំបន់​មាន​ជាង​ ២១​ លាន​នាក់​។​

​កម្ពុជា​ ជា​ប្រទេស​តូច​ និង​មាន​ចំនួន​ពលរដ្ឋ​តិច​ជាងគេ​ តែ​ពលរដ្ឋ​របស់​ប្រទេស​នេះ​ ចាកចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​មាន​ចំនួន​ច្រើន​ដែល​មាន​ចំនួន​ជិត​ ៧០​ ម៉ឺន​នាក់​។​ ក្នុង​ចំណោម​ពួក​គេ​ ក៍​មាន​ស្ត្រី​ផង​ដែរ​។​ ស្ត្រី​ខ្មែរ​ទាំងនោះ​ ភាគច្រើន​ធ្វើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ថៃ​។​ ស្ត្រី​ខ្មែរ​ដែល​ច្រើន​តែ​ជួប​ការ​ធ្វើបាប​ គឺ​ច្រើន​ស្ត្រី​ធ្វើការ​ជា​អ្នកបម្រើ​តាម​ ផ្ទះ​។​

ទាក់ទិន​បញ្ហា​នេះ​ មេដឹកនាំ​មេដឹកនាំ​អង្គការ​ស្ត្រី​ដែល​វិទ្យុ​ស្ត្រី​បាន​សុំ​សម្ភាស​ ពួក​គាត់​សាទរ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ តែ​ពួក​គាត់​មើលឃើញ​ថា​ អង្គការ​តំបន់​នេះ​ គួរ​មាន​គោលការណ៍​រួម​មួយ​ដើម្បី​ការពារ​សិទ្ធិ​ស្ត្រី​ជា​ពល​ការិនី​ ឱ្យ​មាន​ប្រសិទ្ធភាព​ ព្រោះ​កន្លង​មក​ពល​ការី​នី​ខ្មែរ​ធ្វើការ​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ តែងតែ​រង​ការ​ធ្វើ​ទា​ទុ​ណ​កម្ម​ និង​ចាប់រំលោភ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត​។​

លោកស្រី​ រស់​ សុភាព
លោកស្រី​ រស់​ សុភាព

​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ហ្គេ​ត​ស៊ី​ (GADC)​ លើក​ឡើង​ថា​ ពល​ការិនី​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​ តែងតែ​ទទួល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ពី​ថៅកែ​ ការ​គាបសង្កត់​សិទ្ធិ​ក្នុង​ការ​រស់នៅ​ និង​ការ​រំលោភ​ផ្លូវភេទ​ជាដើម​។​ លោកស្រី​ ថា​ មូលហេតុ​ដែល​ពលករ​កម្ពុជា​នៅ​តែ​ជួប​ប្រទះ​បញ្ហា​ទាំងនេះ​ ព្រោះ​ពលករ​ចំណាកស្រុក​ មិន​បានដឹង​ពី​នីតិ​ច្បាប់​ច្បាស់លាស​របស់​ប្រទេស​ទាំងនោះ​ក្នុង​ការ​ ទាមទារ​យុត្តិធម៌​ពី​ករណី​អ្វីមួយ​។​

​លោកស្រី​ រស់​ សុភាព​៖​ «​ដោយសារ​តែ​គាត់​មិនដឹង​ថា​ ផ្អែក​ទៅ​លើ​ច្បាប់​អ្វី​ដើម្បី​ឱ្យ​គាត់​ទាមទារ​សុវត្ថិភាព​ ឬ​ក៏​ទាមទារ​ទៅ​លើ​ភាព​យុត្តិធម៌​សម្រាប់​គាត់​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណូល​ ក៏​ដូច​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ អ្នក​ដែល​ទៅ​ធ្វើការ​ក្រៅប្រទេស​ហ្នឹង​ គាត់​ជា​រឿយៗ​គាត់​តែងតែ​ទទួល​បានការ​គាប់សង្កត់​ទៅ​លើក​សិទ្ធិ​ក្នុង​ការ​រស់នៅ​របស់​គាត់​ ក៏​ដូច​ជា​ផ្នែក​សេដ្ឋកិច្ច​រហូត​ដល់​ទៅ​រំលោភ​ផ្នែក​ផ្លូវភេទ​ទៀត​។​

​តែ​យ៉ាងណា​ លោកស្រី​ថា​ ការ​បង្កើត​គោលនយោបាយ​ ឬ​ច្បាប់​ផ្សេងៗ​ ត្រូវ​មានការ​ចូល​ពី​សំណាក់​អង្គការក្រៅរដ្ឋាភិបាល​ ដើម្បី​ធានា​ថា​ គោលនយោបាយ​ ឬ​ច្បាប់​នោះ​បង្កើត​ឡើង​ស្រប​តាម​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ​។​

​លោកស្រី​ រស់​ សុភាព​៖​ «​សម្រាប់​ខ្ញុំ​គិត​ថា​ប្រទេស​អាស៊ាន​អាច​មាន​គោលនយោបាយ​រួម​មួយ​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ ហើយ​គោលនយោបាយ​ដែល​ធ្វើ​រួម​នេះ​ យើង​ត្រូវ​មានការ​ចូលរួម​ឱ​បាន​ល្អ​ប្រសើរ​ពី​សង្គម​ស៊ី​វិល​ ពីព្រោះ​សង្គម​ស៊ី​វិល​ជា​សំឡេង​របស់​ប្រពល​រដ្ឋ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​  មិនមែន​ធ្វើ​តែ​ប្រទេស​គេ​ហើយ​ ថ្នាក់លើ​របស់​កម្ពុជា​ចេះ​តែ​ឯកភាព​ទៅ​ ដោយ​អត់​បាន​ឆ្លុះ​បញ្ចាំង​ទៅ​លើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​ ក៏​ខ្ញុំ​គិត​ថា​វា​មិនល្អ​ដែរ​»​។​

​ត្រង់​បញ្ហា​នេះ​ ក្រសួងការបរទេស​កម្ពុជា​ ក៏​បាន​ចេញ​សេចក្ដីណែនាំ​ឱ្យ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ក្នុង​សមាគម​ ត្រូវ​ជួយ​ពល​ការិនី​ដែល​មក​ប្ដឹង​សុំ​ជួយ​ពួក​គេ​ដែល​រង​ការ​រំលោភ​បំពាន​។​

​កន្លង​មក​គេ​សង្កេត​ឃើញ​អង្ក​ការ​ ខា​រាម​ និង​អង្គការ​ទេស​ន្ត​ប្រវេសន៍​  បាន​ជួយ​នាំ​ពល​ការិនី​ខ្មែរ​ជា​ច្រើន​នាក់​ត្រឡប់​មក​ប្រទេស​វិញ​ តាម​ការ​ធ្វើ​អន្តរាគមន៍​ជាមួយ​រាជរដ្ឋាភិបាល​ ប្រទេស​ពាក់ព័ន្ធ​ ជា​ពិសេស​ដែល​ពល​ការិនី​ខ្មែរ​បាន​ធ្វើ​ការងារ​នៅ​ប្រទេស​ទាំងនោះ​។​

​ប្រទេស​ចំនួន​ ២​ ដែល​ពលរដ្ឋ​ខ្មែរ​ទាំងប្រុស​ទាំងស្រី​សម្រុក​ទៅ​ធ្វើការ​ច្រើន​ជាងគេ​ គឺ​នៅ​ ប្រទេស​ថៃ​ និង​ម៉ា​ឡេ​ស៊ី​ ហើយ​និង​កូរ៉េ​ខាងត្បូង​ ប៉ុន្តែ​ប្រទេស​នេះ​ មិនមែន​ជា​ សមា​ជិ​អាស៊ាន​ នោះ​ទេ​។​ មេដឹកនាំ​អាស៊ាន​ ដែល​បាន​ជួប​ប្រជុំ​គ្នា​ នៅ​ម៉ា​ឡេ​ស៊ី​កាលពី​ខែ​វិ​ចិ្ឆ​កា​ បាន​អនុម័ត​ច្បាប់​ជា​ច្រើន​ ក្នុង​នោះ​មាន​ទាំង​ច្បាប់​ស្ដី​ពី​ពលករ​ចំណាកស្រុក​នេះ​ ដែរ​។​ ប៉ុន្តែ​ គេ​មិន​ប្រកាស​ពី​នីតិវិធី​នៃ​ការ​អនុវត្តន៍​ដូច​ម្ដេច​នោះ​ទេ​។​

លោកស្រី​ ធីតា​ ឃឹះ
លោកស្រី​ ធីតា​ ឃឹះ

​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​ និង​ជា​ប្រធាន​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ និយាយ​ថា​ អាស៊ាន​មាន​សេចក្តីថ្លែងការណ៍​រួម​មួយ​ស្តី​ពី​ការ​ធ្វើ​អន្តោប្រវេសន៍​ តែ​ដោយឡែក​ប្រទេស​អាស៊ាន​នៅ​មិន​ទាន់​មានច្បាប់​ ឬ​ក៏​យន្តការ​ណាមួយ​ សម្រាប់​អនុវត្ត​ទៅ​លើក​សេចក្តីថ្លែងការណ៍​នោះ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​នោះ​ទេ​ ដែល​នេះ​ជា​ចន្លោះ​ប្រហោង​មួយ​របស់​អាស៊ាន​។​

​លោកស្រី​បន្ត​ថា​ ច្បាប់​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ហាក់​មិនសូវ​មានការ​ការពារ​ដល់​សិទ្ធិ​ពលករ​កម្ពុជា​នោះ​ទេ​ ព្រោះ​ច្បាប់​ការងារ​ម៉ា​ឡេ​ស៊ី​ តម្រូវ​ឱ្យ​ពលករ​បោះ​ថ្លៃ​សេវា​ផ្សេងៗ​ដោយ​ខ្លួនឯង​។​

​លោកស្រី​ ធីតា​ ឃឹះ​ ៖​ «​រាជរដ្ឋាភិបាល​គួរ​មានការ​ប្រុង​ប្រយ័ត្ន​ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​ច្បាប់​ប្រទេស​នោះ​ការពារ​មក​ដល់​ប្រជា​ពលករ​របស់​យើង​។​ ដូច​ជា​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជាដើម​ គឺ​ការ​បង់​សេវា​ថ្លៃ​ ច្បាប់​ការងារ​អី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ហ្នឹង​ គឺជា​បន្ទុក​របស់​កម្មករ​ខ្លួនឯង​មិនមែន​ជា​បន្ទុក​របស់​និយោជក​ ដែល​យក​ពលករ​ទៅ​ធ្វើការ​នោះ​ទេ​។​ មួយទៀត​គឺ​ការ​ដកហូត​ប៉ាស​ស្ព័​រ​ធ្វើ​ដំណើរ​ ធ្វើ​ឱ​ពលករ​មិន​អាច​ដើរហើរ​ដោយ​សេរី​ក្នុង​ប្រទេស​គេ​បាន​ ហើយ​ក៏​មិន​អាច​ធ្វើ​ដំណើរ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​បាន​ដែរ​ នៅ​ក្នុង​ករណី​មិន​សប្បាយចិត្ត​នៅ​ក្នុង​កន្លែងធ្វើការ​ជាដើម​»​។​

​លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ត្រួតពិនិត្យ​ និង​តាមដាន​យន្តការ​ ក៏​ដូច​ជា​ស្តង់ដារ​ប្រទេស​ផ្សេងៗ​ឱ្យ​បាន​ច្បាស់លាស់​ មុន​នឹង​សម្រេច​ធ្វើការ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ទាំងនោះ​។​

​លោកស្រី​ ធីតា​ ឃឹះ​ ៖​ «​ខ្ញុំ​គិត​ថា​អាស៊ាន​មិន​អាច​ធ្វើ​ច្បាប់​រួម​ទេ​ ប៉ុន្តែ​អាស៊ាន​ត្រូវ​តែ​សម្របសម្រួល​ឱ្យ​មាន​ស្តង់ដារ​រួម​មួយ​ សម្រាប់​ប្រទេស​ទាំងអស់​ ហើយ​ជួយ​សម្របសម្រួល​ និង​គាំទ្រ​ប្រទេស​និ​មួយៗ​ធ្វើ​ច្បាប់​ ព្រោះ​អាស៊ាន​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ច្បាប់​នោះ​ទេ​។​ ដូច្នេះ​អាស៊ាន​មាន​តែ​ជួយ​សម្របសម្រួល​ឱ​ប្រទេស​ទាំងអស់​ គោរព​ទៅ​លើ​ច្បាប់​ស្តង់ដា​ហ្នឹង​ ហើយ​បង្កើត​ជា​គណកម្មការ​ដើម្បី​ធ្វើការ​តាមដាន​ការ​អនុវត្ត​ច្បាស់​អស់ហ្នឹង​»​។​

​រីឯ​លោក​ យ៉ា​ ណា​វុ​ធ​ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​ដែល​ធ្វើការ​ងារ​លើ​ពលករ​ចំណាកស្រុក​និយាយ​ថា​ ប្រសិនបើ​ប្រទេស​អាស៊ាន​ទាំងអស់​រួម​គ្នា​បង្កើត​ជា​លិខិត​តុ​បក​រណ៍​ នោះ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​ ពិសេស​គឺ​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​ នឹង​ទទួល​បានការ​ការពារ​ដោយ​សិទ្ធិ​ផ្សេងៗ​ ហើយ​លិខិត​តូប​ករ​ណ៍​នោះ​ នឹង​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ប្រទេស​នៅ​អាស៊ាន​ផង​ដែរ​។​

​លោក​ យ៉ា​ ណា​វុ​ធ​ សង្ឃឹមថា​មេដឹកនាំ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ នឹង​ចាប់ផ្តើម​ធ្វើ​វិ​សោ​ធ​កម្ម​លើក​បទ​បញ្ញា​តិ្ត​ និង​គោលនយោបាយ​របស់​ខ្លួន​ ដើម្បី​ការពារ​សិទ្ធិ​ពលករ​ស្រប​តាម​លិខិត​តូប​ករ​ណ៍​ដែល​មេដឹកនាំ​អាស៊ាន​គ្រង​នឹង​អនុម័ត​នៅ​ពេល​ខាង​មុខ​។​

​លោក​ យ៉ា​ ណា​វុ​ធ​ ៖​ «​បើសិនជា​លិខិតុបករណ៍​ត្រូវ​បាន​អនុម័ត​ដោយ​មេដឹកនាំ​អាស៊ាន​ទាំង​ ១០​ ប្រទេស​ហ្នឹង​ វា​ផ្តល់​ផលប្រយោជន៍​ឱ​ប្រជាពលរដ្ឋ​អាស៊ាន​ ជា​ពិសេស​ពលករ​ចំណាកស្រុក​ដែល​គាត់​ចង់ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អាស៊ាន​ហ្នឹង​ ទោះ​គាត់​ទៅ​ធ្វើ​ការងារ​នៅ​ណា​ក៏​ត្រូវ​បានការ​ពារ​ពី​លិខិតុបករណ៍​ហ្នឹង​ដែរ​»​។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​ទទូច​របស់​មេដឹកនាំ​អង្គការ​ស្ត្រី​ និង​លោក​ យ៉ា​ ណា​វុ​ធ​ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​។​ លោក​ ហេង​ សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​លើក​ឡើង​ថា​ រហូត​ដល់​ទល់​ពេល​នេះ​កម្ពុជា​កំពុង​តែ​ប្រជុំ​បន្ត​ លើក​កិច្ច​ការងារ​នេះ​នៅឡើយ​។​ តែ​លោក​ថា​លិខិត​តូប​ករ​ណ៍​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​នោះ​ទេ​។​

 លោក​ ហេង​ សួ
លោក​ ហេង​ សួ

​តែ​យ៉ាងណា​ លោក​ ហេង​ សួ​ បន្ត​ថា​  បច្ចុប្បន្ន​សម្រាប់​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ គឺ​អាស្រ័យ​ទៅ​លើ​ច្បាប់​រៀងៗ​ខ្លួន​របស់​ប្រទេស​ទាំងនោះ​។ លោក​ ហេង​ សួ​ ៖​ «​បច្ចុប្បន្ន​យើង​មានច្បាប់​ក្នុង​ប្រទេស​រៀងៗ​ខ្លួន​ ហើយ​ការ​ធ្វើ​ទេស​ន្ត​ប្រវេសន៍​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ គឺ​ត្រូវធ្វើ​ឡើង​ស្រប​ដោយ​ស្របច្បាប់​។​ ហើយ​ការ​ធ្វើ​ឡើង​ដោយ​មិន​ស្របច្បាប់​វា​ទៅ​ជា​ការ​ជួញដូរ​មនុស្ស​ ការ​កេងប្រវ័ញ្ច​ទៅ​វិញ​ អ​ញ្ចឹ​ង​វា​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​មួយ​ជាក់ស្តែង​មួយ​ផ្សេង​ទៀត​ ប៉ុន្តែ​បើ​និយាយ​ពី​យន្តការ​នៃ​ការ​ធ្វើ​ទេស​ន្ត​ប្រវេសន៍​ផ្លូវការ​ គឺ​ប្រទេស​អាស៊ាន​និ​មួយៗ​មានច្បាប់​កា​ងារ​របស់​គេ​រៀងៗ​ខ្លួន​ដែល​តម្រូវ​ឱ្យ​និយោជក​របស់​គេ​ត្រូវ​ស្នើ​សូម​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​គេ​ជា​មុន​ មុន​នឹង​ប្រើប្រាស់​កម្មករនិយោជិត​បរទេស​»​។​

​អ្នកនាំពាក្យ​ក្រសួង​ការងារ​រូប​នេះ​បន្ត​ថា​ ករណី​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ខុសច្បាប់​ដូចដែល​សមត្ថកិច្ច​បាន​អន្តរាគមន៍​ជួយ​រំដោះ​កន្លង​មកនេះ​ គឺ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចេញ​ទៅ​ធ្វើការ​ខុសច្បាប់​ តាម​រយៈ​ការ​ឃោសនា​របស់​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ខុសច្បាប់​។​

​កាលពី​ឆ្នាំ​២០១៤​ កម្ពុជា​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​សម្រេច​ឱ្យ​មាន​ អនុស្សា​រណៈ​យោគយល់​គ្នា​ ដើម្បី​ជួយ​ការពារ​ស្ត្រី​ខ្មែរ​ធ្វើការ​នៅ​តាម​ផ្ទះ​ គឺ​សំដៅ​ជួយ​ពួក​គេ​ជៀស​ផុត​ពី​ការ​ធ្វើបាប​ពី​ម្ចាស់ផ្ទះ​ គឺ​បន្ទាប់​ពី​ស្ត្រី​ខ្មែរ​ជា​ច្រើន​នាក់​ ត្រូវ​បាន​ជម្លៀស​ឱ្យមក​ប្រទេស​ខ្លួន​វិញ​។​

​បើ​តាម​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ការណ៍​ដែល​ពលករ​ពល​ការិនី​ខ្មែរ​នៅ​តែ​ងាយ​រង​គ្រោះ​ពី​ការ​ជួញដូរ​ ព្រោះ​ចំណេះដឹង​ពួក​គេ​នៅ​មាន​កម្រិត​ បូក​ផ្សំ​នឹង​ជីវភាព​ខ្វះខាត​ផង​ ដែល​ចាប់​បាច់​តម្រូវ​ឱ្យ​ពួក​គាត់​ខ្លះ​បង្ខំចិត្ត​ទៅ​ធ្វើ​ការងារ​ក្រៅប្រទេស​ទាំង​ប្រថុយប្រថាន​។​ ប្រទេស​ដែល​ពលករ​ ពល​ការិនី​ខ្មែរ​ទៅ​បម្រើ​ការងារ​ច្រើន​ជាងគេ​ គឺ​ប្រទេស​ថៃ​ និង​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ហើយ​ ប្រទេស​សិង្ហ​បុរី​ និង​ ព្រុយ​ណេ​មាន​តិចតួច​៕

Share

ព័ត៌មានទាក់ទង

Image