កំពង់ចាម៖ នៅក្នុងពិធីបុណ្យទន្លេ ក្នុងខេត្តកំពង់ចាមឆ្នាំ២០១៦ នេះ មានអ្នកចូលរួមជាច្រើនម៉ឺននាក់ ដែលបានចូលរួមដើរកម្សាន្ត។ នៅក្នុងកម្មវិធីនោះ ក៏មានការដាក់តាំងលក់ ផលិតផលប្រមាណ ៥០០ ស្តង់ ក្នុងនោះស្ដង់ផលិតផលថៃមានប្រមាណជា ១០០ ស្ដង់ ក៏បានដាក់តាំងលក់នៅពេលនោះដែរ។
ប៉ុន្តែអ្វីដែលធ្វើឱ្យអាជីវករថៃត្អូញត្អែរគឺ តម្លៃស្តង់សម្រាប់ផលិតផលរបស់ពួកគេត្រូវ បានកំណត់តម្លៃខ្ពស់ ដែលជាប្រការមួយធ្វើពួកគាត់មិនអាចយកផលិតផលមកដាក់លក់ នៅពេលពីធីនេះរៀបចំឡើងនៅឆ្នាំក្រោយ។ ក្រុមអាជីវករថៃ ដែលពលរដ្ឋខ្មែរជាតំណាងអ្នកឈរលក់ទំនិញបានទទូចថា គេគួរពិចារណាបញ្ចុះតម្លៃស្តង់នេះឡើងវិញ ទើបពួកគាត់មានឱកាស យកផលិតផលថៃមកបង្ហាញដាក់លក់នៅក្នុងពិធីនេះនៅឆ្នាំក្រោយទៀត។
ដើម្បីជ្រាបកាន់តែច្បាស់ សូមស្ដាប់បទយកការណ៍ដែររៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
កំពង់ចាម ជាខេត្តមួយល្បីល្បាញខាងផលិតផលដំណាំកៅស៊ូ និង ដំណាំហូបផ្លែជាច្រើនមុនផ្សេងទៀត។ កំពង់ចាម នេះក៏ជាខេត្តមួយដែលជាប់នឹងដងទន្លេមេគង្គផងដែរ។ ចាប់តាំងពីឆ្នាំ២០១៥ មក ប្រទេសកម្ពុជាបានរៀបចំពិធីបុណ្យទន្លេត្រូវបានប្រារព្ធជាលើកដំបូងនៅខេត្តក្រចេះ ហើយនៅក្នុងឆ្នាំ២០១៦ នេះ រៀបចំឡើងនៅក្នុងខេត្តកំពង់ចាម ក៏ត្រូវបានគេរៀបចំពិធីបុណ្យនេះដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១១-១២ និង១៣ ខែមីនា។
នៅក្នុងថ្ងៃទី៣ នៃកម្មវិធីបុណ្យទន្លេក្នុងខេត្តកំពង់ចាមឆ្នាំនេះ ម៉ោងប្រមាណ ១១ ថ្ងៃត្រង់ មានមនុស្សម្នាជាច្រើនកំពុងដើរមើលផលិតផល ដែលបានដាក់តាំងលក់នៅក្នុងកម្មវីធីបុណ្យប្រមាណជាង ៥០០ ស្ដង់ ដែលបានដាក់តាំងដោយមានរបៀបរាបរយតាមជួរមាត់ទន្លេ ចាប់តាំងពីក្រោយមន្ទីរវប្បធម៌ខេត្តមកដល់ស្ពានគីហ្សូណា។ ក្នុងពិធីនេះមាន អ្នកចូលរួមប្រមាណជា ៥ ម៉ឺននាក់។
អ្នកស្រី អ៊ែល ប៊ុន ធឿន ជាអាជីវករលក់នំបំពង និងប្រហិតចៀន ដែលជាផលិតផលមកពីប្រទេសថៃ។ អ្នកស្រី ថាគាត់ធ្លាប់បានដើរលក់លិតផលជាមួយ ថៅកែថៃនេះជាច្រើនឆ្នាំមកហើយ។ ស្ត្រីដែលមានសម្បុរសក្នុងសម្លៀកបំពាកជាជាចុងភៅម្នាក់នេះនិយាយបណ្តើរ ដៃ ច្រកប្រហិតចៀនចូលក្នុងថង់ប្លាស្ទិចបណ្តើរ បន្តថា ការមកលក់ក្នុងកម្មវិធី បុណ្យទន្លេនេះលក់ដាច់ខ្លាំងដែរ គឺនៅយប់ថ្ងៃទី២ តែសម្រាប់ថ្ងៃ ២ ឬ ៤ ថ្ងៃដំបូងក្នុងកម្មវិធីតាំងពិព័រណ៍ថៃមុនថ្ងៃបុណ្យទន្លេ គឺលក់មិនស៊ូដាច់ទេ។
នៅពេលអ្នកសារកាសែតសួរថាតើឆ្នាំក្រោយមកលក់ទៀតទេ។ ស្រី្តម្នាក់នេះបែជាដាក់ទឹកមុខចុះបន្តិច ហើយបន្តថា ឆ្នាំក្រោយថៅកែគាត់ថាមិនមកលក់ទៀតទេ។ អ្នកស្រីថា ព្រោះតែមិនចំណេញ ដោយអ្នកស្រីបានលើកឡើងពីហេតុផលថា តម្លៃស្ដង់ថ្លៃពេក គឺមានតម្លៃដល់ទៅ ២ ម៉ឺនបាត ដែលស្មើប្រមាណជាង ២ លានរៀល សម្រាប់ស្តង់មួយៗ។
«ខ្ញុំថាថ្លៃ សឹងថាអត់បានបង់ថ្លៃតូបផង កាលពីមុនទៅលក់កន្លែងផ្សេងៗតែ ១៥០០០ បង [១៥០០០ បាត] តែពេលមកលក់តាំងពិព័រណ៍បុណ្យទន្លេ នឹងឡើង ២០០០០ តែម្តង [២០០០០ បាត] ហើយលក់អត់សូវដាច់ មុនសល់ ច្រើនតែគេមិនសូវទិញ»។
ជុំវិញបញ្ហានេះ លោក ប៊ុន យឿន តំណាងឱ្យអាជីវករថៃលក់គ្រឿងសង្ហារឹម មានដូចជាពូក ខ្នើយគង ជាដើម ក៏បានលើកឡើងពីតម្លៃស្ដង់នេះដែរ។ លោកថា ព្រោះតែ តម្លៃស្ដង់ថ្លៃយ៉ាងនេះ គឺលោកត្រូវលក់ឥវ៉ាន់តម្លៃថ្លៃបន្តិចដែរ។ លោកបន្តទាំងទឹកមុខមាំថា បើទោះជាលក់ដាច់បានច្រើនក៏ពិតមែន តែមិនចំណេញទេ តម្លៃស្ដង់មានតម្លៃរហូតដល់ ១៧ ០០០ បាត ដែលលោកត្រូវចំណាយលើឈ្នួលកម្មករ និងការដឹកជញ្ជូនស្ទើរតែគ្មានសល់។
«ដល់បុណ្យទន្លេអញ្ចឹង ២០០០០ បាត តែម្ដង… លើកក្រោយខ្ញុំមិន និងថៅកែខ្ញុំមិនមក ទៀតទេ គាត់អត់រួចខ្លួនអត់ចំណេញទេ គាត់ថាគ្រាន់តែចេញពីច្រកព្រំដែនបង់ឱ្យគេ ១០០០០ បាត គាត់ថាគ្រាន់តែលក់ប្រហិតអស់អស់ អត់លុយចាក់សាំងទៅវិញផង»។
រយៈពេលបីថ្ងៃនៃកម្មវិធីបុណ្យទន្លេ អាជីវកររំពឹងថាលក់ដាច់បានច្រើន ឯអតិថិជនរំពឹងថាទិញបានផលិតផលល្អ និងតម្លៃសមរម្យតែបែជាខុសពីការរំពឹងទុក គឺអ្នកលក់ត្រូវលក់ដំឡើងថ្លៃទៅតាមតម្លៃស្តង់។
ដូចគ្នានេះដែរលោក ប៊ុន យឿន ថា បើពួកគាត់លក់ថោកជាងនេះអាចមានអតិថិជនច្រើនជាងនេះទៅទៀត តែបើលក់ថោកជាងនេះមុខ ជាគ្មានលុយបង់ថ្លៃសេវាឆ្លងព្រំដែនបាននោះទេ៖ «មិនមកទេក្រុមហ្នឹងយកថ្លៃណាស់ ថ្លៃជួលស្ដង់ថ្លៃពេក រត់អត់រួចយើងរកបាន ១០០ ០០០ បាត សល់តែពី ១០០០០ បាតទៅផ្ទះមានទឹកចិត្តរកទេ? អត់មានទឹកចិត្តនោះទេ»
ជុំវិញការត្អូញត្អែររបស់អាជីវករនេះ អភិបាលក្រុងកំពង់ចាម លោក ចាន់ ផល្លី មានប្រសាសន៍ថា ថ្លៃស្តង់ខាងខេត្តមិនមែនជាអ្នកដាក់តម្លៃស្ដង់នោះទេ ប៉ុន្តែលោកថា ក្រុមសហគ្រាសធុនតូច និងមធ្យមជាអ្នករៀបចំ។
«តម្លៃស្ដង់ គីលោកឧកញ៉ា តែ តាំងប៉ ជាអ្នករៀបចំបង្កើតស្តង់តាមរយៈក្រសួងទេសចរណ៍ហើយនិងសាលាខេត្កំពង់ចាម … មកដល់ម៉ោងនេះមានស្ដង់មាន ៥៤៨ ស្ដង់ ក្នុងហ្នឹង មានស្ដង់ខ្មែរ ២០០ ក្រៅពីនេះស្ដង់ខ្មែរ»។
ចំណែកលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានប្រសាសន៍ដែរថា ខាងក្រសួងតែងតែចង់ឱ្យប្រជាពលរដ្ឋអាច បានមកដាក់តាំងលក់នូវផលិតផលរបស់សហគមន៍ ដោយសឹងតែមិនឱ្យយកឈ្នួលស្ដង់ផង។ លោកបានបន្តថា កន្លងមកលោក តែងតែងលើកឡើងក្នុងការប្រជុំ ថាមិនយកដំឡើងថ្លៃស្ដង់ ស្នាក់នៅផ្សេងជាដើម។
ចំពោះស្ដង់អាជីវករថៃលោក ក៏ចង់ឱ្យមានការចូលរួមច្រើនដែរ ដើម្បីឱ្យបានផ្លាស់ប្តូរបទពិសោធគ្នានៃការលក់ទំនិញពីប្រទេសជិតខាងមួយនេះ។
«មិនហាមឃាត់ការចូលរួមរបស់បរទេសទេ ខ្ញុំបានណែនាំរឿង និងប្រជុំគ្រប់ពេលខ្ញុំតែងតែលើកឡើងពីរឿងហ្នឹង អាហ្នឹងប្រគល់ឱ្យខេត្ត ខេត្តទៅទាក់ទង SME សហគ្រាសធុនតូច និង មធ្យម លោកឧកញ៉ា តែ តាំងប៉ និងដឹងយ៉ាងម៉េចស្ដង់ហ្នឹង នៅតែថ្លៃ…»។
ចំណែកបញ្ហាអនាម័យ និងសុខភាព លោកអភិបាលក្រុងកំពង់ចាម ចាន់ ផល្លី បានបញ្ជាក់ថា វាមិនមានបញ្ហាជាចោទទេ ព្រោះខេត្ត និងមន្ទីរបានរៀបចំឱ្យមានបន្ទប់ទឹកជាង ២០ បន្ទប់។ ចំណែកឯបញ្ហាសុខភាព គឺខេត្តបានរៀបចំឱ្យមានកន្លែងសង្គ្រោះបឋមផងដែរ។ រីឯបញ្ហាសំរាម គឺលោកអភិបាលក្រុងបញ្ជាក់ថា ប្រជាពលរដ្ឋលោកមិនសូវសហការ ប៉ុន្តែខាងខេត្តបានរៀបចំឱ្យមានការប្រមូលសំរាមចោលទាំងព្រឹកទាំងល្ងាច៖ «ខ្ញុំមិនបានដឹងថា ប្រជាពលរអ៊ូរទេ តែយើងមានបង្គន់សារធារណៈចំនួន ២២ យើងដាក់ពង្រាយតាមមាត់ទន្លេ និងក្រោមស្ពាន ហើយនិងផ្សាររាត្រី…»។
សូមបញ្ជាក់ថានេះជាលើកទីពីរហើយ ដែលពិធីបុណ្យទន្លេត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន ដែលកាលពី លើកទី១ រៀបចំឡើងក្នុងខេត្តក្រចេះ លើកទី២ ក្នុងខេត្តកំពង់ចាម និង គម្រោងលើកទី៣ រៀបចំឡើងក្នុងខេត្តស្ទឹងត្រែង។ ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីទាកទាញភ្ញៀវទេសចរ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃទន្លេមេគង្គ ហើយចូលរួមចំណែកឱ្យប្រជាសហគមន៍ បានបង្ហាញផលិតផលក្នុងស្រុកដើម្បីឱ្យពួកគាត់បានបង្កើនជីវភាពបន្ថែមទៀត៕