មីយ៉ាន់ម៉ា៖ លោកស្រី អ៊ុងសាន ស៊ូជី ដែលដឹកនាំគណបក្សមួយឱ្យមានការឈ្នះឆ្នោតជាប្រវត្តិសាស្ដ្រនៅភូមាក្នុងការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នឹងមានតំណែងមួយនៅក្នុ្ងងគណៈរដ្ឋមន្ដ្រីថ្មីនៅក្នុងប្រទេសអតីតរបបយោធាមួយនេះ។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរដ្ឋធម្មនុញ្ញរបស់ពួកយោធាឃាឃាំងលោកស្រីមិនឱ្យចូលកាន់តំណែងប្រធានាធិបតី ប៉ុន្ដែលោកស្រីបានថ្លែងថាលោកស្រីនឹងដើរតួនាទីមួយខ្ពស់ជាងប្រធានាធិបតីទៅទៀត។
នៅក្នុងបញ្ជីគណៈរដ្ឋមន្ដ្រីដែលបានដាក់ឱ្យសភាអនុម័តដោយប្រធានាធិបតីថ្មីគឺ លោក ទិន ក្យូវ ក៏មានឈ្មោះលោកស្រីផងដែរ។ បើតាមបណ្ដាញផ្សាយព័ត៌មាន BBC លោកស្រី អ៊ុងសាន ស៊ូជី នឹងកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងការបរទេស ហើយលោកស្រីមើលការខុសត្រូវផ្ទាល់លើបីក្រសួងទៀត គឺក្រសួងអប់រំ ក្រសួងកិច្ចការជនជាតិដើមភាគតិច និងទីស្ដីការគណៈរដ្ឋមន្ដ្រី។
ប្រភពដដែលនេះបានបញ្ជាក់ថា ក្នុងចំណោមបញ្ជីឈ្មោះគណៈរដ្ឋមន្ដ្រីទាំង ១៨ រូបនេះ គឺលោកមានតែលោកស្រី អ៊ុងសាន ស៊ូជី ម្នាក់គត់ជាស្ដ្រីដែលមាននៅក្នុងសមាសភាពគណៈរដ្ឋមន្ដ្រី។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរដ្ឋធម្មនុញ្ញយោធាភូមាហាមលោកស្រីកាន់តំណែងប្រធានាធិបតីនោះ ដោយសារតែលោកស្រីមានប្ដីជាជនបរទេស គឺជនជាតិអង់គ្លេស៕
ប្រភព៖ BBC