ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ យូនីសាន់ ហ្គាមេន ប្រមាណជាង៤០០ នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យក្រសួងការងារជួយអន្តរាគមន៍រកដំណោះស្រាយរវាងវិវាទកម្មករនិងថៅកែរោងចក្រ។ ក្រុមកម្មកររោងចក្រទាំងនោះបានមកជួបជុំគ្នានារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នេះ ដោយមានលើកផ្ទាំងបដាសរសេរពីលក្ខខ័ណ្ឌការងារផ្សេងៗឡើងព្រោងព្រាតនេះ ក្នុងគោលបំណងទាមទារឱ្យភាគីរោងចក្រគោរពច្បាប់ការងារនិងគោរពសិទ្ធិកម្មករ។
លោក អ៊ុន ដារ៉ា ជាប្រធានសហជីពស្មារតីកម្មករឯករាជ្យ ដែលបានដឹកនាំកម្មករមកធ្វើការតវ៉ានៅមុខក្រសួងការងារថ្ងៃនេះ បាននិយាយថា មូលហេតុដែលនាំឱ្យកម្មករផ្ទុះការតវ៉ាគឺដោយសារតែភាគីនិយោជកកំពុងបង្កការលំបាកដល់កម្មករ ដូចជា ឱ្យកម្មករធ្វើការហួសម៉ោងកំណត់ កាត់ប្រាក់បន្ថែមផ្សេងៗរបស់កម្មករ ការជេរប្រមាថដល់កម្មករពីថៅកែរោងចក្រ និងការបញ្ឈប់ការងារកម្មករដោយគ្មានលក្ខខណ្ឌ។ ប្រធានសហជីពរូបនេះ បានប្រាប់ឱ្យដឹងទៀតថា ភាគីរោងចក្រ យូនីសាន់ ហ្គាមេន ពុំតំរូវឱ្យរោងចក្រនេះមានសហជីពធ្វើការងារជាមួយកម្មករឡើយ។
នៅរសៀលថ្ងៃនេះដែរ អ្នកសារព័ត៌របស់មណ្ឌលព័ត៌មានស្ត្រី ពុំអាចសុំការបំភ្លឺណាមួយពីភាគីរោងចក្របានឡើង ដោយតំណាងភាគីរោងចក្រប្រាប់តាមរយៈទូរសព្ចថាកំពុងជាប់ប្រជុំ។
«នៅក្នុងការតវ៉ាទាមទារនៅរសៀលថ្ងៃនេះ មានសហជីពចំនួនបីបានចូលរួមដឹកនាំក្រុមកម្មកររួមមាន សហជីពស្មារតីកម្មករឯករាជ្យ សហព័ន្ធសហជីពនិងស្មារតីកម្មករ និងសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា។ ទន្ទឹមគ្នានេះដែរ ប្រសិនបើនៅរសៀលថ្ងៃនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាគីរោងចក្រពុំព្រមផ្ដល់ដំណោះស្រាយសមស្របណាមួយនោះទេ កម្មករនិងសហជីពនឹងធ្វើបាតុកម្មនៅថ្ងៃបន្តបន្ទាប់ទៀតនៅខាងមុខស្ថាប័នរបស់រដ្ឋផ្សេងៗដែលពាក់ព័ន្ធ មានដូចជានៅខាងមុខរដ្ឋសភាជាដើម រហូតទាល់តែមានមានដំណោះស្រាយសមស្របសម្រាប់កម្មករ»។ នេះជាការបញ្ជាក់របស់លោក អ៊ុន ដារ៉ា ជាប្រធានសហជីពស្មារតីកម្មករឯករាជ្យ។
សូមបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ យូនីសាន់ ហ្គាមេន មានទីតាំងនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ៕