en     km
en     km

ក្រុម​កម្ម​ករ​រោង​ចក្រ​ យូនី​សាន់​ ប្រមូល​ផ្តុំ​គ្នា​មុខ​ក្រសួង​ការ​ងារ​ទាម​ទារ​ឱ្យ​ភាគី​រោង​ចក្រ​គោរព​ច្បាប់​ការងារ​

Share

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ យូនីសាន់ ហ្គាមេន ​ប្រមាណ​ជាង​៤០០ នាក់បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បី​ឱ្យ​ក្រសួង​ការ​ងារ​ជួយ​អន្តរា​គមន៍​រក​ដំណោះ​ស្រាយ​រវាង​វិវាទ​កម្មករ​និង​ថៅកែ​រោង​ចក្រ។ ក្រុម​កម្មករ​រោង​ចក្រទាំងនោះបានមកជួបជុំគ្នានារសៀល​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៥ នេះ​ ​ដោយមានលើក​ផ្ទាំង​បដាសរសេរ​ពី​លក្ខខ័ណ្ឌ​​ការ​ងារ​ផ្សេងៗឡើង​ព្រោង​ព្រាត​នេះ ក្នុង​​គោល​​បំណង​ទាម​ទារ​ឱ្យ​ភាគី​រោង​ចក្រ​គោរព​ច្បាប់ការងារ​និង​គោរព​សិទ្ធិ​កម្មករ។

ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ យូនីសាន់ ហ្គាមេន កំពុងលើកផ្ទាំងបដាសរសេរពីលក្ខខ័ណ្ឌការងារ - (រូបភាព៖ ម៉ៅ សំណាង)
ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ យូនីសាន់ ហ្គាមេន កំពុងលើកផ្ទាំងបដាសរសេរពីលក្ខខ័ណ្ឌការងារ – (រូបភាព៖ ម៉ៅ សំណាង)

លោក អ៊ុន​ ដារ៉ា ជា​ប្រធាន​សហជីព​ស្មារតី​កម្មករ​ឯករាជ្យ ដែល​បាន​ដឹក​នាំ​កម្ម​ករ​មក​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ក្រសួង​ការ​ងារ​ថ្ងៃនេះ បាន​និយាយ​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​កម្មករ​ផ្ទុះ​ការ​តវ៉ា​គឺ​ដោយ​សារ​តែ​ភាគី​និយោជក​កំពុង​បង្ក​ការ​លំបាក​ដល់​កម្ម​ករ ដូច​ជា ឱ្យ​កម្ម​ករ​ធ្វើ​ការ​ហួស​ម៉ោង​កំណត់ កាត់​ប្រាក់​បន្ថែម​ផ្សេងៗ​របស់​កម្ម​ករ ការ​ជេរ​ប្រមាថ​ដល់​កម្ម​ករពី​ថៅ​កែ​រោង​ចក្រ និង​ការ​បញ្ឈប់ការងារ​កម្មករ​ដោយ​គ្មាន​លក្ខខណ្ឌ។​ ប្រធាន​សហជីព​រូប​នេះ បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ភាគី​រោង​ចក្រ យូ​នី​សាន់ ហ្គា​មេន ពុំ​តំរូវ​ឱ្យ​រោង​ចក្រ​នេះ​មាន​សហជីព​ធ្វើ​ការ​ងារ​ជា​មួយ​កម្ម​ករឡើយ​។

នៅ​រសៀល​ថ្ងៃ​នេះ​ដែរ អ្នក​សារ​ព័ត៌​របស់​មណ្ឌលព័ត៌មានស្ត្រី​ ពុំ​អាច​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី​ភាគី​រោង​ចក្រ​បាន​ឡើង ដោយ​តំណាង​ភាគីរោង​ចក្រប្រាប់តាមរយៈទូរសព្ចថា​កំពុង​ជាប់​ប្រជុំ​។

«នៅ​ក្នុង​ការ​តវ៉ា​ទាម​ទារ​នៅ​រសៀល​ថ្ងៃ​នេះ មាន​សហ​ជីព​ចំនួន​បី​​បាន​ចូល​រួម​ដឹក​នាំ​ក្រុម​កម្ម​ករ​រួម​មាន សហ​ជីព​ស្មារ​តី​កម្ម​ករឯក​រាជ្យ សហ​ព័ន្ធ​សហជីព​និង​ស្មារតី​កម្មករ និង​សហ​ព័ន្ធ​សហជីព​ដើម្បី​កម្ម​ករ​កម្ពុជា​។​ ទន្ទឹម​គ្នា​នេះ​ដែរ ប្រសិន​បើ​នៅ​រសៀល​ថ្ងៃ​នេះ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​ភាគី​រោង​ចក្រ​ពុំ​ព្រម​ផ្ដល់​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយនោះ​ទេ កម្ម​ករ​និង​សហជីព​នឹង​ធ្វើ​បាតុ​កម្ម​នៅ​ថ្ងៃ​បន្ត​បន្ទាប់ទៀត​នៅ​ខាងមុខ​ស្ថាប័ន​របស់​រដ្ឋ​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ មានដូច​ជា​នៅ​ខាង​មុខ​​​រដ្ឋ​​សភា​​​ជា​​ដើម រហូត​ទាល់​តែ​មាន​មាន​ដំណោះ​ស្រាយ​សម​ស្រប​​សម្រាប់​កម្មករ​»។​ នេះ​ជា​ការ​បញ្ជាក់​របស់​លោក អ៊ុន​ ដារ៉ា ជា​ប្រធាន​សហ​ជីព​ស្មារតី​កម្ម​ករ​ឯក​រាជ្យ​។

សូម​បញ្ជាក់​ថា រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ យូនី​សាន់ ហ្គា​មេន មាន​ទី​តាំង​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខ័ណ្ឌ​ពោធិ៍​សែន​​ជ័យ រាធានី​ភ្នំពេញ​៕

 

Share

Image
Image
Image