en     km
en     km

អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ស្នើ​ឱ្យ​លោក​ កឹ​ម​ សុខា​ ចូល​បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង​ស្នេហា​

Share

​ភ្នំពេញ​៖​ តប​តាម​ការ​ស្នើ​សុំ​របស់​តំណាង​យុវជន​មួយ​ក្រុម​ ដែល​បាន​ដាក់​ញត្តិ​សុំ​ឱ្យ​រដ្ឋសភា​អន្តរាគមន៍​អញ្ជើញលោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​បំភ្លឺ​រឿង​ ខ្សែអាត់​សំឡេង​ស្នេហា​ ដែល​សន្និដ្ឋាន​ថា​ ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​  កាលពី​ថ្ងៃ​ម្សិលមិញ​អគ្គលេខាធិការដ្ឋាន​បាន​សរសេរ​លិខិតស្នើ​ឱ្យ​លោក​ កឹ​ម​ សុខា​ ចូល​បំភ្លឺ​រឿង​នេះ​។​ ចំណែក​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​វិញ​ បាន​ចាត់​ទុក​រឿង​នេះ​ថា​ ជា​រឿង​ឥតប្រយោជន៍​ ដែល​គណបក្ស​នយោបាយ​មិន​គួរ​ឈ្លោះប្រកែក​គ្នា​។​

cover-Secretariat-of-Natinal-Assembly

​លម្អិត​ព័ត៌មាន​ដោយ​លោក​ ម៉ៅ​ សំណាង​ ៖

​លិខិត​របស់​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​រៀបរាប់​ថា​ លោក​ ងួ​ន​ ញិ​ល​ ក្នុង​នាម​ប្រធាន​ស្ដីទី​រដ្ឋសភា​បាន​បញ្ជូន​លិខិត​របស់​លោក​ ស្រី​ ចំរើន​ តំណាង​យុវជន​មួយ​ក្រុម​ ចុះ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ ឆ្នាំ​ ២០១៦​ ប​ញ្ចូ​ន​មក​រដ្ឋសភា​ដោយ​សុំ​ឱ្យ​លោក​ កឹ​ម​ សុខា​ ឆ្លើយ​បំភ្លឺ​រឿង​សំឡេង​ស្នេហា​តាម​ខ្សែអាត់​មក​បង្គាប់​ឱ្យ​លោក​ជូនដំណឹង​នេះ​។​

លិខិត​របស់​រដ្ឋសភា​សុំ​ឱ្យ​លោក​ កឹ​ម​ សុខា​ ពិនិត្យ​ពិចារណា​ឆ្លើយ​បំភ្លឺ​តាម​សំណើ​នេះ​ឱ្យ​បាន​ឆាប់​តាម​ការ​គួរ​ ដើម្បី​ការពារ​កិត្យានុភាព​រដ្ឋសភា​ ការពារ​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ​។​  ប៉ុន្តែ​លិខិត​នេះ​មិន​បាន​បញ្ជាក់​ពី​ការ​មាន​វិធានការ​ដើម្បី​គាបសង្កត់​លោក​ កឹ​ម​ សុខា​ ឱ្យមក​បំភ្លឺ​នោះ​ទេ​ គឺ​គ្រាន់តែ​ដើម្បី​ការពារ​កិត្តិយស​ក្នុង​នាម​ស្ថា​ប័ស​ភា​ និង​អ្នកតំណាង​រាស្ត្រ​ប៉ុណ្ណោះ​។​

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​ជំហរ​ថា​ មិន​ឆ្លើយ​ មិន​ឆ្លង​ និង​មិន​ឈ្លោះ​ ជុំវិញ​បញ្ហា​រឿង​ខ្សែអាត់​សំឡេង​នេះ​ឡើយ​។​

ជុំវិញ​ការ​ចេញ​លិខិត​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​សុំ​ឱ្យ​លោក​ កឹ​ម​ សុខា​ ចូល​បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង​នេះ​ លោក​ ម៉ៅ​ មុនី​វណ្ណ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ ដោយសារ​តែ​ពេលវេលា​បោះ​ឆ្នោត​ជិត​ឈាន​ចូល​មក​ដល់​ ដូច្នេះ​មានរឿង​ហេតុ​ជា​ច្រើន​កើត​ឡើងជា​ទម្លាប់​៖ «​វា​ជា​រឿង​ដដែលៗ​ ឱ្យ​តែ​ដល់​ពេល​ជិត​បោះ​ឆ្នោត​មានរឿង​អ៊ី​ញ្ចឹ​ង​ ដូច្នេះ​ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ព្រោះ​វា​ដដែលៗ​»​។​

ចំណែក​លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​ឆ្លើយ​តប​ ឬ​ មិន​ឆ្លើយ​ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​បកស្រាយ​ខ្សែអាត់​សំឡេង​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក​ថា​ តាម​នីតិវិធី​ច្បាប់​ការ​ស្នើ​សុំ​ឱ្យ​បកស្រាយ​រឿង​អ្វីមួយ​ រដ្ឋសភា​នឹង​ធ្វើ​ឡើង​តាម​នីតិវិធី​ ហើយ​ប្រសិនបើ​គ្មាន​ការ​ឆ្លើយ​តប​រដ្ឋសភា​នឹង​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្ដឹង​វិញ​៖ «​សភា​ធ្វើ​តាម​នីតិវិធី​ រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ អង្គការ​រដ្ឋ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​សំណូមពរ​មក​…​ គេ​ប្រជុំ​គ្នា​ហើយ​ បានឱ្យ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បញ្ជូន​សំបុត្រ​ទៅ​កាន់​គាត់​ (​លោក​ កឹ​ម​ សុខា​)​ ប្រសិនបើ​គាត់​ឆ្លើយ​ ឬ​មិន​ឆ្លើយ​ រដ្ឋសភា​នឹង​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​ម្ចាស់​បណ្ដឹង​វិញ​»​។​

លោក​ ហេង​ ស្រ៊ា​ង​ អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម​ និង​នយោបាយ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រដ្ឋសភា​មិន​គួរ​ចំណាយ​ពេលវេលា​លើ​រឿងរ៉ាវ​ខ្សែអាត់​សំឡេង​ដែល​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ថា​ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ដោយ​គ្មាន​កា​សិក្សា​ច្បាស់លាស់​នោះ​ទេ​។​ លោក​បាន​ចាត់​ទុក​ថា​ រឿងរ៉ាវ​ខ្សែអាត់​សំឡេង​នេះ​ជា​រឿង​របស់​បុគ្គល​តែ​ប៉ុណ្ណោះ​ដែល​ មិន​បាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ​ឡើយ​។​

«​ខ្ញុំ​មិនដឹង​ថា​សភា​ត្រូវ​ដោះស្រាយ​ ឬ​ ចោទប្រកាន់​លោក​ កឹ​ម​ សុខា​ ពី​អ្វី​នោះ​ទេ​ ប៉ុន្តែ​ប្រហែលជា​អាច​បញ្ហា​សីលធម៌​តំណាងរាស្ត្រ​ ប៉ុន្តែ​វា​ជា​រឿង​ផ្ទាល់ខ្លួន​ ហើយ​ខ្សែអាត់​នោះ​ក៏​គ្មាន​ការ​ស៊ើបអង្កេត​ច្បាស់លាស់​ដែរ​។​ ខ្ញុំ​គិត​ថា​ សភា​ស្រុក​ខ្មែរ​ភាគច្រើន​អា​រឿង​កំ​ប៉ិច​កំប៉ុក​ រឿង​បុគ្គល​ផ្ទាល់ខ្លួន​ហ្នឹង​ រដ្ឋសភា​ហាក់​ចំណាយ​អត់​ប្រយោជន៍​»​។​

​សូម​ជម្រាប​ថា​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៍បាន​កោះហៅ​យុវជន​ដាក់​ពាក្យបណ្ដឹង​ដែល​តំណាង​ដោយ​យុវជន​ ម្នាក់​ឈ្មោះ​ ស្រី​ ចំរើន​ ចូល​បំភ្លឺ​ នៅ​ព្រឹក​មិ​ញ​នេះ​ ។​ ក្នុង​ការ​បំភ្លឺ​នេះ​ លោក​ ឱម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ បាន​និយាយ​ថា​ ស្ថាប័ន​នឹង​ឆ្លើយ​តប​ទៅ​ក្រុម​យុវជន​នៅ​ថ្ងៃនេះ​ថា​តើ​ អាច​បន្ត​សិក្សា​ស្រាវជ្រាវ​ ឬក៍​ច្រានចោល​ ឬ​មួយ​ប្រគល់​សំណុំរឿង​នេះ​ទៅ​ក្រសួង​យុ​តុ្ត​ធម៌​៕

Share

Image
Image
Image