ភ្នំពេញ៖ តបតាមការស្នើសុំរបស់តំណាងយុវជនមួយក្រុម ដែលបានដាក់ញត្តិសុំឱ្យរដ្ឋសភាអន្តរាគមន៍អញ្ជើញលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ចូលបំភ្លឺរឿង ខ្សែអាត់សំឡេងស្នេហា ដែលសន្និដ្ឋានថា ជាសំឡេងរបស់លោក កឹម សុខា កាលពីថ្ងៃម្សិលមិញអគ្គលេខាធិការដ្ឋានបានសរសេរលិខិតស្នើឱ្យលោក កឹម សុខា ចូលបំភ្លឺរឿងនេះ។ ចំណែកអ្នកតាមដានស្ថានការណ៍សង្គមវិញ បានចាត់ទុករឿងនេះថា ជារឿងឥតប្រយោជន៍ ដែលគណបក្សនយោបាយមិនគួរឈ្លោះប្រកែកគ្នា។
លម្អិតព័ត៌មានដោយលោក ម៉ៅ សំណាង ៖
លិខិតរបស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋានរដ្ឋសភាបានរៀបរាប់ថា លោក ងួន ញិល ក្នុងនាមប្រធានស្ដីទីរដ្ឋសភាបានបញ្ជូនលិខិតរបស់លោក ស្រី ចំរើន តំណាងយុវជនមួយក្រុម ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ បញ្ចូនមករដ្ឋសភាដោយសុំឱ្យលោក កឹម សុខា ឆ្លើយបំភ្លឺរឿងសំឡេងស្នេហាតាមខ្សែអាត់មកបង្គាប់ឱ្យលោកជូនដំណឹងនេះ។
លិខិតរបស់រដ្ឋសភាសុំឱ្យលោក កឹម សុខា ពិនិត្យពិចារណាឆ្លើយបំភ្លឺតាមសំណើនេះឱ្យបានឆាប់តាមការគួរ ដើម្បីការពារកិត្យានុភាពរដ្ឋសភា ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់តំណាងរាស្ត្រ។ ប៉ុន្តែលិខិតនេះមិនបានបញ្ជាក់ពីការមានវិធានការដើម្បីគាបសង្កត់លោក កឹម សុខា ឱ្យមកបំភ្លឺនោះទេ គឺគ្រាន់តែដើម្បីការពារកិត្តិយសក្នុងនាមស្ថាប័សភា និងអ្នកតំណាងរាស្ត្រប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិ បានបង្ហាញជំហរថា មិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ ជុំវិញបញ្ហារឿងខ្សែអាត់សំឡេងនេះឡើយ។
ជុំវិញការចេញលិខិតរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាសុំឱ្យលោក កឹម សុខា ចូលបំភ្លឺរឿងខ្សែអាត់សំឡេងនេះ លោក ម៉ៅ មុនីវណ្ណ មន្ត្រីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍យ៉ាងខ្លីថា ដោយសារតែពេលវេលាបោះឆ្នោតជិតឈានចូលមកដល់ ដូច្នេះមានរឿងហេតុជាច្រើនកើតឡើងជាទម្លាប់៖ «វាជារឿងដដែលៗ ឱ្យតែដល់ពេលជិតបោះឆ្នោតមានរឿងអ៊ីញ្ចឹង ដូច្នេះខ្ញុំមិនធ្វើអត្ថាធិប្បាយអ្វីទេព្រោះវាដដែលៗ»។
ចំណែកលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការឆ្លើយតប ឬ មិនឆ្លើយចំពោះការស្នើសុំឱ្យបកស្រាយខ្សែអាត់សំឡេងជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ។
លោកថា តាមនីតិវិធីច្បាប់ការស្នើសុំឱ្យបកស្រាយរឿងអ្វីមួយ រដ្ឋសភានឹងធ្វើឡើងតាមនីតិវិធី ហើយប្រសិនបើគ្មានការឆ្លើយតបរដ្ឋសភានឹងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្ដឹងវិញ៖ «សភាធ្វើតាមនីតិវិធី រដ្ឋធម្មនុញ្ញបានចែងថា អង្គការរដ្ឋត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលសំណូមពរមក… គេប្រជុំគ្នាហើយ បានឱ្យអគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជូនសំបុត្រទៅកាន់គាត់ (លោក កឹម សុខា) ប្រសិនបើគាត់ឆ្លើយ ឬមិនឆ្លើយ រដ្ឋសភានឹងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្ដឹងវិញ»។
លោក ហេង ស្រ៊ាង អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយកម្ពុជា មានប្រសាសន៍ថា រដ្ឋសភាមិនគួរចំណាយពេលវេលាលើរឿងរ៉ាវខ្សែអាត់សំឡេងដែលគ្រាន់តែជាការសន្និដ្ឋានថាជាសំឡេងរបស់លោក កឹម សុខា ដោយគ្មានកាសិក្សាច្បាស់លាស់នោះទេ។ លោកបានចាត់ទុកថា រឿងរ៉ាវខ្សែអាត់សំឡេងនេះជារឿងរបស់បុគ្គលតែប៉ុណ្ណោះដែល មិនបានផ្តល់ផលប្រយោជន៍អ្វីដល់សង្គមជាតិឡើយ។
«ខ្ញុំមិនដឹងថាសភាត្រូវដោះស្រាយ ឬ ចោទប្រកាន់លោក កឹម សុខា ពីអ្វីនោះទេ ប៉ុន្តែប្រហែលជាអាចបញ្ហាសីលធម៌តំណាងរាស្ត្រ ប៉ុន្តែវាជារឿងផ្ទាល់ខ្លួន ហើយខ្សែអាត់នោះក៏គ្មានការស៊ើបអង្កេតច្បាស់លាស់ដែរ។ ខ្ញុំគិតថា សភាស្រុកខ្មែរភាគច្រើនអារឿងកំប៉ិចកំប៉ុក រឿងបុគ្គលផ្ទាល់ខ្លួនហ្នឹង រដ្ឋសភាហាក់ចំណាយអត់ប្រយោជន៍»។
សូមជម្រាបថា នៅពេលជាមួយគ្នានេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៍បានកោះហៅយុវជនដាក់ពាក្យបណ្ដឹងដែលតំណាងដោយយុវជន ម្នាក់ឈ្មោះ ស្រី ចំរើន ចូលបំភ្លឺ នៅព្រឹកមិញនេះ ។ ក្នុងការបំភ្លឺនេះ លោក ឱម យិនទៀង ប្រធានអង្គភាព បាននិយាយថា ស្ថាប័ននឹងឆ្លើយតបទៅក្រុមយុវជននៅថ្ងៃនេះថាតើ អាចបន្តសិក្សាស្រាវជ្រាវ ឬក៍ច្រានចោល ឬមួយប្រគល់សំណុំរឿងនេះទៅក្រសួងយុតុ្តធម៌៕