ភ្នំពេញ៖ នៅក្នុងពិធីប្រារព្វទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៦នេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំ “កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦” ដែលជាការ ប្រឡង សម្រស់ស្ត្រីកម្មករនៅកម្ពុជា។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួង គឺកម្មវិធីនេះ ដើម្បីបង្ហាញពី សារៈសំខាន់នៃវិស័យវាយនភណ្ឌនៅក្នុងវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ តែបែបនេះក្ដី ក្រុមសហជីព មិនបង្ហាញការចាប់អារម្មណ៍ទេ។ តែមេដឹកនាំសហជីពបានហៅកម្មវិធីនេះថា ធ្វើឡើងដើម្បី បំភ័ន្តការតស៊ូរបស់កម្មករ ដើម្បីសិទ្ធិរបស់ពួកគេទៅវិញ។
រាយការណ៍ដោយ លៀ ស៊ីណា ៖
តំណាងសហជីពទទូចថា ក្រសួងការងារគួរយកថ្ងៃនៃទិវាពលកម្មអន្ដរជាតិទៅបង្កើតជាវេទិកាដើម្បីពន្យល់កម្មករពីការទទួលបានសិទ្ធិរបស់វិញ ប្រសើរជាងការយកថ្ងៃនោះទៅប្ររព្ធពិធីកម្សាន្ដដែលមិនមានប្រយោជន៍ច្រើនសម្រាប់កម្មករ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់វិទ្យុស្ដ្រីថា ថ្ងៃទិវាពលកម្មអន្ដរជាតិរៀងរាល់ឆ្នាំតំណាងសហជីព និង កម្មករតែងតែជួបជុំគ្នាដើម្បីបង្ហាញពីបញ្ហាដែលកម្មករបានជួបប្រទះ។ លោកថា សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗនោះទេ គឺក្រុមកម្មករផ្សេងៗនឹងនៅតែបន្ដជួបគ្នាដដែល។
លោក អាត់ ធន់ ក៏បានបន្ថែមដែរថា ទោះបីក្រសួងការងារ គ្រោងរៀបចំកម្មវិធីកម្សាន្ដនាពេលខាងមុខនេះក្ដីក៏មិនបង្កដល់ការរៀបចំរបស់សហជីពលោកឡើយ។ លោក អាត់ ធន់ បានបញ្ជាក់ថា ប្រសិនក្រសួងការងារមានបំណងចង់ប្រារព្ធពីធីកម្សាន្ដ ដែលចង់រួមចំណែកឱ្យកម្មករបានរីករាយក្នុងឱកាសចូលឆ្នាំមែន ក្រសួងគួរតែឆ្លៀតយកវេទិកានោះ ដើម្បីពន្យល់ប្រាប់កម្មករ-កម្មការិនីអំពីសិទ្ធិ និងយុទ្ធសាស្ដ្រផ្សេងៗរបស់រដ្ឋដែលនឹងផ្ដល់ឱ្យកម្មករ-កម្មការិនីទើបជាការប្រសើរ។
លោកបន្ថែមថា៖ «ក្រសួងគួរតែយកថ្ងៃទិវាពលកម្មអន្ដរជាតិ ពន្យល់កម្មករអំពីការបង្កើតការងារ ឬក៏ការបង្កើតជំនាញ ឬយុទ្ធសាស្ដ្ររបស់រដ្ឋាភិបាល ដើម្បីឃ្លាំមើលការមិនអនុវត្ដច្បាប់របស់រោងចក្រ ឬក្រុមហ៊ុនផ្សេងៗ គឺវាជាការប្រសើរជាងដោយគ្រាន់តែធ្វើទៅលើ (កម្មវិធី) កញ្ញាឯកតែមួយមុខគត់ហ្នឹង»។
ចំណែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) បានមានប្រសានស៍ថា ថ្ងៃ ១ ឧសភា នៃទិវាពលកម្មអន្ដរជាតិនេះ គឺជាថ្ងៃខួបនៃការតស៊ូតដើម្បីរួចផុតពីភាពជាទាសករ និងការជិះជាន់ ក៏ប៉ុន្ដែនៅកម្ពុជាគឺពុំទាន់បានទទួលនៅសិទ្ធិសេរីភាពបានពេញលេញនៅឡើយ។ លោកថា ជាក់ស្ដែងដូចជាការរើសអើងលើស្ដ្រី បញ្ឈប់ស្ដ្រីពីការងារនៅពេលមានផ្ទៃពោះ និងផ្ដល់កិច្ចសន្យាការងាររយៈពេលខ្លីជាដើម។
ប្រធានសម្ព័ន្ធសហជីពជាតិបន្ថែមថា ការគ្រោងរៀបចំពិធីកម្សាន្ដរបស់ក្រសួងការងារនាពេលខាងមុខ គឺជាគោលបំណងរបស់ក្រសួង ប៉ុន្តែលោកថា កម្មករ-កម្មការនី មិនត្រូវភ្លេចពីច្បាប់សហជីពដែលត្រៀមចេញក្នុងពេលឆាប់ៗនោះឡើយដែលលោកថាមានការរិតត្បិតសេរីភាពសហជីពកាន់តែខ្លាំង។
លោក ហ្វា សាលី បញ្ជាក់ថា ការគ្រោងរៀបចំពិធីរបស់ក្រសួងការងារនេះអាចមានបំណងទប់ស្កាត់កុំឱ្យក្រុមកម្មករ ចេញមកតវ៉ាជាមួយសហជីពដូចឆ្នាំមុនៗទៀត។ លោកបន្ថែមថា៖ «គឺខ្ញុំគិតថាគេធ្វើគ្រប់រូបភាព គេចាត់ចែងឱ្យតំណាង ឬនិយោជកហ្នឹងជប់លៀងឱ្យកម្មករនៅតាមរោងចក្រ ចែកទឹកក្រូច ដើម្បីទប់ស្ដាត់ដើម្បីកុំឱ្យពួកគាត់ចេញមកតវ៉ាជាមួយនឹងសហជីព»។
ពាក់ព័ន្ធរឿងនេះដែរ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃអង្គារនេះថា ឆ្នាំ២០១៦ជាលើកទី២ ហើយដែលក្រសួងការងារប្រារព្ធពិធីកម្សាន្តមួយហៅថាសម្រស់ឯកនេះ។
លោក ហេង សួរ បញ្ជាក់ថា គោលបំណងគឺបង្ហាញពីសារៈសំខាន់នៃវិស័យវាយនភណ្ឌនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេស នឹងដើម្បីឱ្យទទួលបានការចាប់អារម្មណ៍ពីគ្រប់ភាគីពាក់ព័ន្ធសំដៅឱ្យពួកគេយកចិត្ដទុកលើវិស័យនេះឱ្យបានកាន់តែធំធេង គឺពុំមែនចង់បង្វែរការចាប់អារម្មណ៍ ឬបង្វែរការ ចូលរួមសម្ដែងមតិជាមួយក្រុមតំណាងសហជីពអ្វីនោះឡើយ។
លោកបន្ថែមថា៖ « និយាយរួមដូចអ្វីដែលខ្ញុំធ្លាប់លើកឡើងរាល់ដងអញ្ចឹង វាគឺជាសេរីភាពនៃអ្នកដែលមានបំណងចង់និយាយក៏ប៉ុន្ដែការនិយាយនោះ តើជាការនិយាយនោះជាការនិយាយដើម្បីប្រឆាំងជាមួយអ្នកផ្សេងទៀតដែលមិនចូលរួមជាមួយគាត់ ឬមួយគាត់គិតថាសកម្មភាពផ្សេងទៀតដែលធ្វើទៅហើយអាចបង្វែរការចាប់អារម្មណ៍ពីសកម្មភាពរបស់កាត់សុទ្ធតែជារឿងដែលមិនល្អ»។
សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាបានចេញសេចក្ដីជួនដំណឹងដល់កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្ម ផ្នែកវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតផល ស្បែកជើងទាំងអស់ឱ្យថា ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយលើកទី ១៣០ នៃទិវាពលកម្ម អន្ដរជាតិ ថ្ងៃទី១ ឧសភា នាពេលខាងមុខនេះ ក្រសួង បានសហការជាមួយសមាគម រោងចក្រ កាត់ដេរ នៅកម្ពុជា ស្ថានីយទូរទស្សន៍ ភី អិន អិន អង្គការវិជ្ជាជីវៈរួម និងដៃគូពាក់ព័ន្ធនានានឹងរៀបចំ “កម្មវិធីសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៦”៕