en     km
en     km

សមយុទ្ធ​ឆ្មាំ​អង្គរ​នឹង​បិទ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​

Share

កំពង់ស្ពឺ​៖​  សមយុទ្ធ​ឆ្មាំ​អង្គរ​នៅ​ខេត្តកំពង់ស្ពឺ​ រវាង​កង​យោធពលខេមរភូមិន្ទ​ និង​កងកម្លាំង​ជើង​គោក​អា​មេ​រិ​ក​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ នឹង​ត្រូវ​រៀបចំ​ពី​ធី​បិទ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ខាង​មុខ​នេះ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ ម្សិលមិញ​។​

​យោង​តាម​សេចក្តី​ប្រកាស​នេះ​ សមយុទ្ធ​ឆ្មាំ​អង្គរ​ គឺជា​កម្ម​វី​ធី​ទ្វេភាគី​ប្រចាំឆ្នាំ​ ដែល​ឧបត្ថម្ភ​ដោយ​កងកម្លាំង​ជើង​គោក​អា​មេ​រិ​ក​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​មានការ​ចូលរួម​ពី​កង​យោធពលខេមរភូមិន្ទ​ជា​ម្ចាស់ផ្ទះ​ ហើយ​ផ្តោត​លើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​សង្គ្រោះ​មហន្តរាយ​ និង​ជំនួយ​មនុស្សធម៌​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ សកម្មភាព​សំខាន់​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ​ រួម​មានការ​ហ្វឹកហ្វឺន​នៅ​ប៉ុ​ស្ត៍​បញ្ជាការ​ ការ​ផ្លាស់​ប្តូរ​គ្នា​លើ​ជំនាញ​វិស្វកម្ម​ ការ​សង្គ្រោះ​បន្ទាន់​ផ្នែក​ពេទ្យ​ និង​ការ​ហ្វឹកហ្វឺន​លើ​ការ​កម្ចាត់​យុទ្ធភណ្ឌ​ផ្ទុះ​ និង​យុទ្ធនាការ​ផ្ដល់​ឈាម​ផង​ដែរ​។​

​ក្នុង​ពី​ធី​បិទ​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦​នេះ​ ក៏​មាន​សុន្ទរកថា​ពី​មន្ត្រី​កងកម្លាំង​ជើង​គោក​អា​មេ​រិ​ក​ និង​កង​យោធពលខេមរភូមិន្ទ​ ព្រមទាំង​ធ្វើការ​បង្ហាញ​ឡើង​វិញ​នូវ​ការ​ជន្លៀស​អ្នក​រង​គ្រោះ​ក្នុង​កំលុង​ពេល​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព​ ការ​លោតឆ័ត្រ​យោង​ យុទ្ធ​ការ​ផ្ដល់​ឈាម​ និង​ការ​បង្ហាញ​ផ្សេង​។​

​សូម​បញ្ជាក់​ថា​ សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៦​ នេះ​ គឺជា​សមយុទ្ធ​លើក​ទី​៧​ ដែល​កម្ពុជា​ និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​រួម​គ្នា​ជា​រៀង​រាល់​ឆ្នាំ​។​ សម្រាប់​នៅ​ឆ្នាំ​នេះ​ សមយុទ្ធ​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១៤​ ដល់​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ខេត្តកំពង់ស្ពឺ​៕​
US-embassy's-MA-on-21.31.6

Share

Image
Image
Image