កំពង់ស្ពឺ៖ សមយុទ្ធឆ្មាំអង្គរនៅខេត្តកំពង់ស្ពឺ រវាងកងយោធពលខេមរភូមិន្ទ និងកងកម្លាំងជើងគោកអាមេរិកប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិច នឹងត្រូវរៀបចំពីធីបិទជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញ។
យោងតាមសេចក្តីប្រកាសនេះ សមយុទ្ធឆ្មាំអង្គរ គឺជាកម្មវីធីទ្វេភាគីប្រចាំឆ្នាំ ដែលឧបត្ថម្ភដោយកងកម្លាំងជើងគោកអាមេរិកប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយមានការចូលរួមពីកងយោធពលខេមរភូមិន្ទជាម្ចាស់ផ្ទះ ហើយផ្តោតលើប្រតិបត្តិការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា សកម្មភាពសំខាន់នៃសមយុទ្ធឆ្មាំអង្គរ រួមមានការហ្វឹកហ្វឺននៅប៉ុស្ត៍បញ្ជាការ ការផ្លាស់ប្តូរគ្នាលើជំនាញវិស្វកម្ម ការសង្គ្រោះបន្ទាន់ផ្នែកពេទ្យ និងការហ្វឹកហ្វឺនលើការកម្ចាត់យុទ្ធភណ្ឌផ្ទុះ និងយុទ្ធនាការផ្ដល់ឈាមផងដែរ។
ក្នុងពីធីបិទសមយុទ្ធឆ្មាំអង្គរឆ្នាំ២០១៦នេះ ក៏មានសុន្ទរកថាពីមន្ត្រីកងកម្លាំងជើងគោកអាមេរិក និងកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើការបង្ហាញឡើងវិញនូវការជន្លៀសអ្នករងគ្រោះក្នុងកំលុងពេលនៃបេសកកម្មថែរក្សាសន្តិភាព ការលោតឆ័ត្រយោង យុទ្ធការផ្ដល់ឈាម និងការបង្ហាញផ្សេង។
សូមបញ្ជាក់ថា សមយុទ្ធឆ្មាំអង្គរឆ្នាំ២០១៦ នេះ គឺជាសមយុទ្ធលើកទី៧ ដែលកម្ពុជា និងសហរដ្ឋអាមេរិកបានធ្វើរួមគ្នាជារៀងរាល់ឆ្នាំ។ សម្រាប់នៅឆ្នាំនេះ សមយុទ្ធ ប្រព្រឹត្តទៅនៅថ្ងៃ១៤ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅខេត្តកំពង់ស្ពឺ៕