en     km
en     km

តំណាងរាស្ត្រ​ស្ត្រី​កម្ពុជា​ លោកស្រី​ ជូ​ឡុ​ង​ សូ​មូរ៉ា​ ជាប់​ជា​ប្រធាន​គណៈកម្មការ​មួយ​នៅ​ IPU

Share

Tioulong-Saumura
តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ ​លោកស្រី​ ជូ​ឡុ​ង​ សូ​មូរ៉ា

តំណាងរាស្ត្រ​ស្ត្រី​ មណ្ឌល​ភ្នំពេញ​ គឺ​លោកស្រី​ ជូ​ឡុ​ង​ សូ​មូរ៉ា​ បាន​ជាប់​ជា​ប្រធាន​គណៈកម្មការ​ នៃ​សហភាព​អន្តរ​សភា​  ហៅ​កាត់​ថា​ IPU​ ដែល​តំណាងរាស្ត្រ​កម្ពុជា​មាន​ចំនួន​ ៣​ រូប​ ក្លាយជា​ មន្ត្រី​មាន​តួនាទី​សកម្ម​របស់​ស្ថាប័ន​សភា​អន្តរជាតិ​នេះ​។​

​ការ​អនុម័ត​នេះ​ធ្វើ​ឡើង​កំលុង​សន្និបាត​លើក​ទី​ ១៣៤​ នៃ​សហភាព​អន្តរ​សភា​ (IPU)​ នៅ​ទីក្រុង​ Lusaka​ ប្រទេស​ Zambia​ ពី​ថ្ងៃ​ទី​១៩​ ដល់​ ២៤​ មីនា​ ២០១៦​។​ នេះ​បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្ហោះ​កាលពី​ថ្ងៃ​ទី​២១​ ខែមីនា​ ម្សិលមិញ​។​

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ ដែល​បច្ចុប្បន្ន​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​នោះ​ ក៏​បាន​ឆ្លៀត​ផ្ញើ​សារ​អបអរសាទរ​ដល់​ប្រជាជន​កម្ពុជា​ថា​៖​ «​ជា​កិត្តិយស​មួយ​សម្រាប់​ស្ត្រី​ខ្មែរ​ ទូ​ទាំង​ប្រទេស​កម្ពុជា​»​។​

​ការ​អបអរសាទរ​នេះ​ គឺ​បន្ទាប់​ពី​លោកស្រី​ ជូ​ឡុ​ង​ សូ​មួ​រ៉ា​ តំណាងរាស្ត្រ​ស្ត្រី​មណ្ឌល​ភ្នំពេញ​ និង​ត្រូវជា​ភរិយា​របស់​លោក​ សម​ រ​ង្ស៊ី​ ផង​ដែរ​ ត្រូវ​បាន​អង្គសន្និបាត​តំណាង​ឱ្យ​ ១៧០​ ប្រទេស​ បោះ​ឆ្នោត​ថ្ងៃនេះ​ ឱ្យ​ជាប់​ជា​ប្រធាន​គណៈកម្មការ​ IPU​ ទទួល​បន្ទុក​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​។​

រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី
រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

​លោក​ សម​ រ​ង្ស៊ី​ សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​យ៉ាង​ដូច្នេះ​ថា​៖​ «​នៅ​ក្នុង​សន្និបាត​ទី​ ១៣៤​ នៃ​សហភាព​អន្តរ​សភា​ (IPU)​ ដែល​កំពុង​តែ​ប្រជុំ​នៅ​ទីក្រុង​ Lusaka​ ប្រទេស​ Zambia​ ពី​ថ្ងៃ​ទី​១៩​ ដល់​ ២៤​ មីនា​ ២០១៦​ តំណាងរាស្ត្រ​មក​ពី​ប្រទេស​កម្ពុជា​ គឺ​លោកស្រី​ ជូ​ឡុ​ង​ សូ​មួ​រ៉ា​ ត្រូវ​បាន​អង្គសន្និបាត​តំណាង​ឱ្យ​ ១៧០​ ប្រទេស​ បោះ​ឆ្នោត​ថ្ងៃនេះ​ឱ្យ​ជាប់​ជា​ប្រធាន​គណៈកម្មការ​ IPU​ ទទួល​បន្ទុក​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​»​។​

​មេ​បក្ស​ប្រឆាំង​រូប​នេះ​ មិន​ភ្លេច​រំឭក​ពី​តំណាង​កម្ពុជា​ ២​ រូប​ទៀត​  ដែល​កាលពី​ពេល​ថ្មីៗ​នេះ​ បាន​ជាប់​ឆ្នោត​ជា​ថ្នាក់ដឹកនាំ​ក្នុង​សហភាព​អន្តរ​សភា​ IPU​ ផង​ដែរ​។​ លោក​ថា​តំណាងរាស្ត្រ​ ២​ រូប​នេះ​គឺ​ លោកស្រី​ ឡោ​ ខេ​ង​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ជាប់​ឆ្នោត​ជា​សមាជិកា​ គណៈកម្មការ​ លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​។​  មួយ​រូប​ទៀត​គឺ​ លោក​ ហ៊ុន​ ម៉ា​នី​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ ក៏​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ វេទិកា​តំណាងរាស្ត្រ​វ័យក្មេង​ផង​ដែរ​៕​

Share

Image
Image
Image