តំណាងរាស្ត្រស្ត្រី មណ្ឌលភ្នំពេញ គឺលោកស្រី ជូឡុង សូមូរ៉ា បានជាប់ជាប្រធានគណៈកម្មការ នៃសហភាពអន្តរសភា ហៅកាត់ថា IPU ដែលតំណាងរាស្ត្រកម្ពុជាមានចំនួន ៣ រូប ក្លាយជា មន្ត្រីមានតួនាទីសកម្មរបស់ស្ថាប័នសភាអន្តរជាតិនេះ។
ការអនុម័តនេះធ្វើឡើងកំលុងសន្និបាតលើកទី ១៣៤ នៃសហភាពអន្តរសភា (IPU) នៅទីក្រុង Lusaka ប្រទេស Zambia ពីថ្ងៃទី១៩ ដល់ ២៤ មីនា ២០១៦។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបង្ហោះកាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ក៏បានឆ្លៀតផ្ញើសារអបអរសាទរដល់ប្រជាជនកម្ពុជាថា៖ «ជាកិត្តិយសមួយសម្រាប់ស្ត្រីខ្មែរ ទូទាំងប្រទេសកម្ពុជា»។
ការអបអរសាទរនេះ គឺបន្ទាប់ពីលោកស្រី ជូឡុង សូមួរ៉ា តំណាងរាស្ត្រស្ត្រីមណ្ឌលភ្នំពេញ និងត្រូវជាភរិយារបស់លោក សម រង្ស៊ី ផងដែរ ត្រូវបានអង្គសន្និបាតតំណាងឱ្យ ១៧០ ប្រទេស បោះឆ្នោតថ្ងៃនេះ ឱ្យជាប់ជាប្រធានគណៈកម្មការ IPU ទទួលបន្ទុកអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «នៅក្នុងសន្និបាតទី ១៣៤ នៃសហភាពអន្តរសភា (IPU) ដែលកំពុងតែប្រជុំនៅទីក្រុង Lusaka ប្រទេស Zambia ពីថ្ងៃទី១៩ ដល់ ២៤ មីនា ២០១៦ តំណាងរាស្ត្រមកពីប្រទេសកម្ពុជា គឺលោកស្រី ជូឡុង សូមួរ៉ា ត្រូវបានអង្គសន្និបាតតំណាងឱ្យ ១៧០ ប្រទេស បោះឆ្នោតថ្ងៃនេះឱ្យជាប់ជាប្រធានគណៈកម្មការ IPU ទទួលបន្ទុកអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម»។
មេបក្សប្រឆាំងរូបនេះ មិនភ្លេចរំឭកពីតំណាងកម្ពុជា ២ រូបទៀត ដែលកាលពីពេលថ្មីៗនេះ បានជាប់ឆ្នោតជាថ្នាក់ដឹកនាំក្នុងសហភាពអន្តរសភា IPU ផងដែរ។ លោកថាតំណាងរាស្ត្រ ២ រូបនេះគឺ លោកស្រី ឡោ ខេង តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោតជាសមាជិកា គណៈកម្មការ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ មួយរូបទៀតគឺ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជន ក៏បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាល វេទិកាតំណាងរាស្ត្រវ័យក្មេងផងដែរ៕