ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ពីសំណាក់អ្នកវិភាគ និងបក្សប្រឆាំងទៅលើការរុះរើគណៈរដ្ឋមន្ត្រី ថា មន្ដ្រីដែលបានផ្លាស់ចេញពីមុខតំណែង ទៅកាន់តួនាទីថ្មីនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ជាមន្ដ្រី មុខដដែលៗនោះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីព្រឹកមិញនេះ បានប្រតិម្មខ្លាំងៗ ទៅក្រុមអ្នកវិភាគ និងបក្សប្រឆាំងដែលបានរិះគន់វិញថា ការផ្លាស់ប្ដូរអោយមានប្រសិទ្ធិ ភាពការងារមិនចាំបាច់ផ្លាស់ប្ដូរមនុស្សនោះទេ។
លោក ថា មនុស្សថ្មីមិនប្រាកដថាធ្វើឱ្យមានប្រសិទ្ធិភាពការងារ ហើយមនុស្សចាស់ផ្លាស់ប្ដូរចរិតការងារថ្មី ទើបធ្វើឱ្យប្រទេសជាតិរីកចម្រើន និងផ្លាស់ប្ដូរខ្លាំង។ តែអ្នកវិភាគ និងតំណាងបក្សប្រឆាំងមិនទទួលយកការបកស្រាយនេះឡើយ។
ព័ត៌មាននេះរាយការណ៍ដោយ កញ្ញា ជុំ ជោគជាតា ៖
ថ្លែងនៅក្នុងកម្មវិធីដាក់ឱ្យអនុវត្ត “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” លើកទី៣ នៅឯសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នេះ សម្តេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា មានអ្នកវិភាគ និងបក្សប្រឆាំងវាយប្រហារ ថា អ្នកថ្មី និងអ្នកចាស់ចូលកាន់តំណែង ដែលលោកថារុះរើគណៈរដ្ឋមន្ត្រីគឺមនុស្សមុខដដែល។
លោកចំអកថា មុខដដែល មេបក្សប្រឆាំង និងអ្នកវិភាគក៏ដដែលដែរ គឺគ្មានអ្វីចម្លែកទេហើយសំខាន់បំផុត រក្សាធនធានមនុស្សឱ្យគង់វង្សគឺជាការប្រសើរ។ សម្ដេច៖ «ខ្ញុំសូមផ្ដាំអស់លោកអ្នក បើទោះបីមុខចាស់ ក៏ដោយ ប៉ុន្ដែចរិតការងារឱ្យវាថ្មី អាហ្នឹងហើយការផ្លាស់ប្ដូរ វាមិនចាំបាច់មុខថ្មីមានការ ផ្លាស់ប្ដូរទេ មុខចាស់ក៏ប៉ុន្ដែធ្វើសកម្មភាពផ្លាស់ប្ដូរ អាហ្នឹងគឺវាផ្លាស់ប្ដូរ អាមុខថ្មីវាមិនទាន់ ប្រាកដថាវាផ្លាស់ប្ដូរទេ វាផ្លាស់ប្ដូរតែមនុស្ស ក៏ប៉ុន្ដែអាមុខចាស់ដែរវាផ្លាស់ប្ដូរទើបវាខ្លាំង»។
នៅពេលបកស្រាយហើយនោះ សម្ដេច ហ៊ុន សែន ថ្លែងចំអកទៀតថា លោកនឹងធ្វើនាយករដ្ឋមន្ត្រីរហូត គឺលុះត្រាសម្ដេចខ្ជិល។ សម្ដេច ហ៊ុន សែន ថា៖ «និយាយចឹងថា ខ្ញុំមិនចង់ផ្លាស់ ផ្ទេរឱ្យខ្ញុំទៅណា បើប្រជាជជនបោះឆ្នោតឱ្យខ្ញុំ ខ្ញុំនៅតែធ្វើតែចឹង ធ្វើរហូតទាល់តែខ្ញុំចង់ខ្ជឹលធ្វើហ៎ អាឯងធ្វើបក្សប្រឆាំង មួយជីវិតហើយ នៅតែប្រឆាំង …»។
ពាក់ព័ន្ធនឹងរឿងនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើង ថា គណបក្សរបស់លោកបានឈ្នះសំឡេងគ្រប់អាណត្តិ ហើយប្រជាពលរដ្ឋលែងគាំទ្រ គឺ ត្រូវចាកចេញពីតំណែង។
លោក យឹម សុវណ្ណ ៖ «បាទ! អ្នកដែលសម្រេច គឺម្ចាស់ឆ្នោត ដូច្នេះបើម្ចាស់ឆ្នោតសម្រេច អោយអ្នកណាម្នាក់នៅធ្វើជានាយករដ្ឋមន្ដ្រី នោះគាត់អាចបន្ដធ្វើជានាយករដ្ឋមន្ដ្រីតទៅទៀតំ បាន តែបើម្ចាស់ឆ្នោតសម្រេចថា ឈប់ឱ្យធ្វើនាយករដ្ឋមន្ដ្រី គឺអ្នកណាក៏មិនអាចធ្វើ បានតទៅដែរ។ សំខាន់ថាតើឆន្ទះរបស់ប្រជាពលរដ្ឋហ្នឹង មានបានឆ្លុះបញ្ជាំងតាមការ បោះឆ្នោតត្រឹមត្រូវ និងយុត្ថិធម៌ដែលរឺអត់? នេះជាបញ្ហាសំខាន់»។
លោក យឹម សុវណ្ណ បានលើកឡើងបន្ដទៀតថា នៅពេលនេះគណបក្សសង្គ្រោះជាតិបាន និងកំពុងប្រឹងប្រែង ចំពោះផលប្រយោជន៍ជាតិ តាមលទ្ធផលដែលបានបង្ហាញ ពីការគាំទ្រ របស់ប្រជាពលរដ្ឋពីមួយអាណត្តិទៅមួយអាណត្តិ។
លោក យឹម សុវណ្ណ ថា៖ «ខ្ញុំគិតថា គណបក្សសង្គ្រោះជាតិបាន និងកំពុងប្រឹងប្រែងចំពោះ ផលប្រយោជន៍ជាតិ ហើយលទ្ធផលស្ដែងចេញតាមសម្លេងគាំទ្រនៃការបោះឆ្នោតជារៀងរាល់ អាណត្តិ ពីព្រោះពីអាណត្តិមួយទៅអាណត្តិមួយ គឺគណបក្សសង្គ្រោះជាតិ កើនកៅអី …»។
ជុំវិញរឿងនេះដែរ លោក សូ ចន្ថា សាស្ដ្រចារ្យវិទ្យាសាស្ដ្រនយោបាយ មានប្រសាសន៍ថា ការដោះដូរមនុស្សចាស់ មិនដាក់មនុស្សថ្មី ហើយថែមរក្សាទុកមនុស្សចាស់ដដែល មិនមានអ្វីជាទស្សនៈថ្មី ដែលអាចជំរុញឱ្យមានការរីកចម្រើននោះទេ ព្រោះថាប្រព័ន្ធនៃការត្រួតពិនិត្យតាមដាន និងការធ្វើវិមជ្ឈការអំណាចហាក់ដូចជាមិនមាន។ លោកថា ការលើកឡើងរបស់សម្ដេច ហ៊ុន សែន គ្រាន់តែជាការដោះសារបិទបាំង និងមិនទទួលស្គាល់ការពិតតែប៉ុណ្ណោះ។
សាស្ដ្រចារ្យ សូ ចន្ថា៖ «ការឆ្លើយរបស់លោកគ្រាន់តែជាដោះសារ ហើយបិទបាំងមិនទទួល ស្គាល់ការពិតតែប៉ុណ្ណោះ ទីមួយ ហើយមួយទៀត យើងឃើញថា ក្រសួងសំខាន់ពីរដែល មិនបានធ្វើការកែសម្រួល កែទម្រង់ក្រសួងយុត្ថិធម៌ និងក្រសួងសុខាភិបាលដែលកំពុងមាន បញ្ហាធ្ងន់ធ្ងរ»។
លោក សាស្ដ្រចារ្យ សូ ចន្ថា ក៏បានលើកឡើងបន្ថែមថា បើមនុស្សចាស់ផ្លាស់ប្ដូរចរិតការងារថ្មី អាចធ្វើអោយមានប្រសិទ្ធិភាពការងារនោះ លោកហាក់ដូចជាពុំមាន ជំនឿជឿជាក់ទៅលើអ្វីដែលសម្ដេច ហ៊ុន សែន បានលើកឡើងនោះឡើយ ពីព្រោះលោកថា មន្ដ្រីចាស់ៗមួយចំនួន នៅតែបង្ហាញពីភាពស្ពឹកស្រពន់ក្នុងការងារដដែល។
សាស្ដ្រចារ្យ សូ ចន្ថា៖ «ខ្ញុំហាក់ដូចជាពុំមាន ជំនឿជឿជាក់ថា មនុស្សចាស់ទាំងអស់នោះ អាចផ្លាស់ប្ដូរឥរិយាបថ ទៅជាវិជ្ជមាននោះទេ ពីព្រោះអ្វីដែលគាត់ធ្លាប់ធ្វើពីមុនមក ភាពស្ពឹក ស្រពន់នៅតែមាន គួបផ្សំនឹងប្រព័ន្ធការងារ ប្រព័ន្ធត្រួតពិនិត្យអីនៅដដែល មិនមានអី ប្រែប្រួល បើសិនជាដាក់មនុស្សថ្មីមក អាចមានទស្សនៈ អាចមានយោបល់ និងមានគំនិត អីច្រើន បាទ»។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា សមាជិកសភានឹងបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៤ មេសា ខាងមុខនេះ ដើម្ប បោះឆ្នោតគាំទ្រការរុះរើគណៈរដ្ឋមន្ត្រីតាមសំណើរបស់សម្ដេច ហ៊ុន សែន ដោយមានសមាសភាពរដ្ឋមន្ត្រី ៨ រូប និងរដ្ឋលើខាធិការជាង ១០ រូប តែក្នុងនោះ លោក ហោ ណាំហុង ត្រូវបានបញ្ចប់មុខតំណែងរដ្ឋមន្ត្រីការបរទេស លោក គាត ឈុន បញ្ចប់មុខងារ ឧបនាយករដ្ឋមន្ត្រី និងលោក អឹម ឈុនលឹម បញ្ចប់មុខងាររដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់៕