ភ្នំពេញ៖ កម្មករ-កម្មការីនី រោងចក្រ វីន ស៊ីងតិច (ខេមបូឌា) ខូ អិលធីឌី (WIN SHINGTEX (CAMBODIA) CO., LTD)ជាច្រើនរយនាក់កាលពីព្រឹកមិញនេះ បានដង្ហែរក្បួនមកកាន់ក្រសួងការងារ ដោយថ្មើរជើង ក្នុងគោលបំណងដើម្បីឱ្យក្រសួងការងារជួយរកអន្តរាគមន៍ ករណីរឿងថៅកែរំលាយកិច្ចសន្យាមុនពេលកំណត់។ ប៉ុន្តែនៅពេលពួកគេហែក្បួនមកនោះ គណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្ម បានឱ្យតំណាងកម្មករ ធ្វើការចរចានៅរោងចក្រខាងលើជាមុនសិន មុនពេលទៅដាក់ញត្តិឱ្យក្រសួងការងារជួយរកអន្តរាគមន៍។ តែមកដល់រសៀលហើយនោះ ពុំមានដំណោះស្រាយ។

លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ ៖
កម្មករ-កម្មការីនី ប្រមាណជាង ៤០០ នាក់ មកពីរោងចក្រ វីន ស៊ីងតិច នៅសង្កាត់ចោមចៅ នៅថ្ងៃនេះបាននាំគ្នាដង្ហែរក្បួនសំដៅមកក្រសួងការងារ ដើម្បីឱ្យ ជួយរកអន្តរាគមន៍ករណីដែលក្រុមហ៊ុនរំលាយកិច្ចសន្យាពួកគេ មុនពេលកំណត់បានរំសាយការប្រមូលផ្ដុំ ដោយពុំទទួលបានដំណោះស្រាយ។
តំណាងសហជីព ស៊ីខៅឌូ (C.CAWDU) លោក ប៉ាល់ មករា មានប្រសាសន៍ថា កម្មករ-កម្មការីនីបានត្រឡប់ទៅវិញ បន្ទាប់ពីតំណាងត្រូវបានឱ្យទៅឡើងជួបថ្នាក់ដឹកនាំក្រសួង តែលោកថាពុំមានដំណោះស្រាយនៅឡើយ។
លោក ប៉ាល់ មករា បន្តថា ខណៈដែលពួកគាត់បានដង្ហែរក្បួនបានប្រហែលជា ២ គីទ្បូម៉ែត្រ ពីរោងចក្រ វីន ស៊ីងតិច គឺគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មបានឱ្យតំណាងកម្មករទៅធ្វើការចចារនៅរោងចក្រជាមួយភាគីរោងចក្រនេះជាមុនសិន មុនពេលដែលពួកគាត់យកញ្ញត្តិទៅដាក់នៅក្រសួងការងារ។
លោក ប៉ាល់ មករា បន្តថាលទ្ធផលនៃការចរចានោះ គឺពុំមានលទ្ធផលដូចទៅអ្វីដែលកម្មករចង់បាននោះទេ៖ «ជាលទ្ធផលនៃការទាមទារពុំមានលទ្ធផលនោះទេ ប៉ុន្តែបានតែការណាត់ជួប យើងបានជជែកគ្នាថាស្អែកហ្នឹងយើងណាត់ជួបម៉ោង ៩ កន្លះបន្ថែមទៀត ខាងក្រសួង ខាងមេធាវីដោយតំណាងនៃក្រុមហ៊ុនហ្នឹង…»។
ជុំវិញបញ្ហានេះអគ្គលេខាធិការងនៃគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្ម និងគ្រប់មុខសញ្ញានៃក្រសួងការងារ លោក វង្ស សុវណ្ណ បានផ្តល់បទសម្ភាសជាមួយវិទ្យុស្ត្រី នៅថ្ងៃនេះដែរថា ការជួបពិភក្សាជាមួយតំណាងក្រុមកម្មករកាលពីព្រឹកមិញទាក់ទងនឹងរឿងថៅកែរំលាយកិច្ចសន្យាមុនពេលកំណត់ទៅលើកម្មករ និយោជិត នៅក្នុងក្រុមហ៊ុន វីន ស៊ីងតិច គឺពុំទាន់ទទួលបានលទ្ធផលអ្វីជាផ្លែផ្កានៅទ្បើយនោះទេ ដោយសារតែនាយកក្រុមហ៊ុនអវត្តមាននៅក្នុងជំនួបរវាងតំណាងកម្មករ និង ថៅកែក្រុមហ៊ុន។
លោក វង្ស សុវណ្ណ បន្ថែមទៀតថា៖ «ដោយសារតែថ្ងៃនេះយើងអត់បានជួបខាងរោងចក្រ ហើយតំណាងខាងមេធាវីរបស់រោងចក្រគេមិននៅ អញ្ចឹងយើងណាត់ស្អែកហ្នឹងគឺថាកំណត់ពេលទៅជួបគ្នាជាក់លាក់មួយដើម្បីស្វែងរកដំណោះស្រាយជូនបងប្អូនកម្មកររបស់យើងគឺយើងបានកំណត់យកម៉ោង ៩ កន្លះព្រឹកស្អែក គឺដើម្បីរកដំណោះស្រាយបន្ត»។
លិខិតជូនដំណឹងរបស់ក្រុមហ៊ុន វីន ស៊ីងតិច ដែលមានទីតាំងនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ស្តីពីការរំលាយកិច្ចសន្យាការងារមុនពេលកំណត់បានឱ្យដឹងថា ដោយសារតែក្រុមហ៊ុនមិនទទួលបាននូវការបញ្ជាទិញថ្មីក្នុងឆ្នាំនេះពីអតិថិជនក្រៅប្រទេស ជាហេតុធ្វើឱ្យសង្វាក់ផលិតកម្ម និងការផលិតរបស់រោងចក្រកាត់ដេរសំលៀកបំពាក់ពុំអាចដំណើរការតទៅទៀតបាន។
លិខិតរបស់ក្រុមហ៊ុនបន្តថាក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការបង់ប្រាក់ឈ្នួលជូនបុគ្គលិក កម្មករ និយោជិត និងបង់ថ្លៃចំណាយសម្រាប់ដំណើរការផលិតនៅក្នុងរោងចក្របានទេ។ លិខិតជូនដំណឹងដដែលបន្តថា ក្រុមហ៊ុនសម្រេចធ្វើការរំលាយកិច្ចសន្យាការងារមានកំណត់ថិរវេលា និងកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ហើយក្រុមហ៊ុននឹងមិនបន្តកិច្ចសន្យាការងារសម្រាប់បុគ្គលិក កម្មករ និយោជិតទៀតទ្បើយ ចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នេះតទៅ។
សូមបញ្ជាក់ថា យោងតាមលិខិតសុំអន្តរាគមន៍របស់កម្មករ និយោជិត បានឱ្យដឹងថា ក្រុមហ៊ុន វីន ស៊ីងតិច ជូនដំណឹងរំលាយកិច្ចសន្យាការងាររបស់កម្មករនិយោជិតទាំងអស់ចំនួន ៥៥០ នាក់ តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែក្រុមហ៊ុនពុំទាន់បានទូទាត់ប្រាក់បំណាច់កិច្ចសន្យាតាមច្បាប់ស្តីពីការងារនោះទ្បើយ ចាប់តាំងពីថ្ងៃជូនដំណឹងនោះមកដែលជា ដើមចមឱ្យមានការតវ៉ានេះកើតឡើង៕