en     km
en     km

ក្រសួងយុត្តិធម៌​កោះ​ប្រជុំ​មន្ត្រី​តុលាការ​ទូ​ទាំង​ប្រទេស ​រឿង​ឃុំខ្លួន​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​

Share

ភ្នំពេញ៖ ក្រសួង​យុតិ្ត​ធម៌​បាន​កោះ​ប្រជុំ​មន្ត្រី​តុលាការ​ទូ​ទាំង​ប្រទេស​ជា​បន្ទាន់​ ក្នុង​ការ​សម្រេច​ឃុំខ្លួន​ប្រជា​ពល​រដ្ឋ​​រឿង​​ទំនាស់​ដីធ្លី​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ម្សិលមិញ​។​ កិច្ចប្រជុំ​មន្ត្រី​តុលាការ​នេះ​ បន្ទាប់​ពី​សម្តេច ​ហ៊ុន​ សែន​ បាន​​សម្តែង​ការ​ខកចិត្ត​ ចំពោះ​ការ​ឃុំខ្លួន​ពលរដ្ឋ​ពីរ​នាក់​ក្នុង​រឿង​ទំនាស់​ដីធ្លី​ដោយ​អយុត្តិធម៌​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន​ មាន​ប្រសាសន៍​នៅ​ក្នុង​ស​ន្និ​សី​ទ​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ប្រ​ជុំ​​មន្ត្រី​តុលា​ការ​​ទូ​​ទាំង​រាជធានី​ ខេត្ត​ថា​ កិច្ចប្រជុំ​នេះ​ ក្នុង​គោលបំណង​ដើម្បី​បង្កើត​យន្តការ​ដោះស្រាយ​បញ្ហា​ឃុំ​​ខ្លូ​ន​​បណ្តោះអាសន្ន​ក្នុង​រឿង​ទំនាស់​ដីធ្លី​ ដែល​មាន​លក្ខណៈ​សមូហភាព​។​

Chin-Malin-Ministry-of-Justice
លោក​ ជិន​ ម៉ា​លី​ន​ នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ច​ប្រ​ជុំ​​មន្ត្រី​តុលា​ការ​​ទូ​​ទាំង​រាជធានី​ – ខេត្ត នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៦

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​ការ​ប្រជុំ​នេះ​បាន​​​​​ណែ​​​​នាំ​​​​​មន្ត្រី​​​តុលា​​ការ​​ទាំង​អស់​​ត្រូវ​​ចេះ​​ថ្លឹង​​ថ្លែង​​​ឱ្យ​​​​បាន​​​​ត្រឹម​ត្រូវ​តា​ម​​​ច្បាប់​ និង​​មាន​ភាព​​ទន់​​ភ្លន់​​ក្នុង​​​ការ​​​​សម្រេច​​ចិត្ត​​​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន​​​ក្នុង​​សំណុំ​​រឿង​​​វិវាទ​​ដីធ្លី​​សមូ​ហ​ភាព​​។​

​លើស​​ពី​នេះ​​ទៅ​ទៀត​ លោក​ ​ជិន​ ​ម៉ា​លី​ន​ ​ថា​ តុលា​​​ការ​​​ទាំង​​អស់​​​ត្រូវ​​ធ្វើ​ការ​​ពិភាក្សា​​គ្នា​​ជា​​​មុន​សិន​​ ​មុន​​​​និង​​​​ធ្វើ​ការ​​​សម្រេច​​​កាត់​​​​សេច​ក្តី​​​ក្នុង​​​រឿង​​​​រសើប​​​ៗ​​ ដែល​​​​​ពាក់​​ព័ន្ធ​​​រឿង​​អយុត្តិ​​ធម៌​​​ក្នុង​​សង្គម​​ ​ដូច​​​ជា​​​ករណី​​​ឃុំ​​ខ្លួន​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ពីរ​​​​​នាក់​​​នៅ​​​​ខេត្ត​កំពង់​ស្ពឺ​​ ដែល​​ត្រូវ​​បាន​​ដោះ​​លែង​​ឱ្យ​​នៅ​ក្រៅ​ឃុំ​វិញ​ បន្ទាប់​ពី​មាន​កិច្ច​អន្តរាគមន៍​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ ​ប៉ុន្តែ​ការ​សម្រេចចិត្ត​យ៉ាង​ណា​នោះ​គឺ​ ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​តែ​ប៉ុណ្ណោះ​។​

​«​យើង​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ គឺ​មុន​សម្រេចសេចក្តី​បញ្ហា​រសើប​ ឬ​រឿង​អយុ​ត្តិធម៌​​ក្នុង​សង្គម​ ពាក់ព័ន្ធ​ប្រ​យោន៍​សមូហ​ភាព​ ប៉ុន្តែ​មិនមែន​ថា​គាត់​ [​តុលាការ​] ​មិន​អាច​សម្រេចសេចក្តី​ដោយ​ខ្លួនឯង​បាន​ទេ​ ប៉ុន្តែ​គាត់​អាច​ធ្វើការ​ពិភាក្សា​គ្នា​ជា​ក្រុម​បាន​ តាម​រយៈ​តេ​លេ​ក្រាម​ ឬ​ គ្រុប​ឆាត​ផ្សេងៗ​ ថា​តើ​ត្រូវធ្វើ​យ៉ាង​ដូ​ច​ម្ត៉េ​ច​ តែ​ការ​សម្រេចចិត្ត​យ៉ាងណា​នោះ​ស្ថិត​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​តែ​ប៉ុណ្ណោះ​»​។

កាលពី​ពេល​ថ្មីៗ​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ឱ្យកូនប្រុស​របស់​សម្តេច​ទាំង​ពីរ​នាក់ ​គឺ​លោក​ ហ៊ុន​ ម៉ា​និ​ត​ និង​ លោក​ ហ៊ុន​ ម៉ា​នី​ ធ្វើ​​ដំណើរ​​ទៅ​កាន់​ទីស្នាក់ការ​តុលាការខេត្ត​កំពង់ស្ពឺ​ទាំង​យប់​ ដើម្បី​ដោះ​លែង​ស្ត្រី​ ២​ នាក់​ ដែល​ជាប់​ឃុំ​ក្នុង​រឿង​ទំនាស់​ដីធ្លី​។​

​ការ​ដោះ​លែង​ប្រជាពលរដ្ឋ​ពីរ​នាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ តាម​បញ្ជា​សម្តេច​ ហ៊ុន​ សែន នេះ​ ត្រូវ​បាន​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​តាមដាន​ស្ថាន​ការ​ណ៍សង្គម​ថា​ បាន​លូកដៃ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ។​

​ជុំវិញ​រឿង​នេះ​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ ជិន​ ម៉ា​លី​ន ​បាន​បញ្ជាក់​ថា​ បញ្ហា​នេះ​ រដ្ឋាភិបាល​ពុំ​បាន​លូកដៃ​ទៅ​ក្នុង​ស្ថា​​ប័ន​​តុលាការ​ឡើយ​ ព្រោះ​លោក​យល់​ថា​ សម្តេច​ ហ៊ុន​ សែន​ គ្រាន់តែ​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុង​រឿង​ដីធ្លី​ដោយ​​អយុត្តិធម៌​បុ​ណ្ណោះ​ ។​

​«​តាម​ទស្សនៈ​របស់ខ្ញុំ​គិត​ថា​ ការ​បញ្ជូន​កូន​សម្តេច​ទាំង​ពីរ​មិនមែន​ជា​ការ​ដាក់​សម្ពាធ​ ឬ​ការ​ជ្រៀតជ្រែក​អ្វី​ទេ​ ធម្មតា​គាត់​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​មែន​ ក៏​ប៉ុន្តែ​គាត់​មាន​ទឹកចិត្ត​មនោ​ស​ញ្ចេតនា​ដូច​មនុស្ស​ទូទៅ​ដែរ​ មាន​ក្តី​អាណិតអាសូរ​ មាន​ក្តី​មេត្តា​ ដោយ​គាត់​សម្លឹង​​ទៅ​មើល​យុត្តិធម៌​ក្នុង​សង្គម​ជា​រួម​ ហើយ​គាត់​សឹងតែ​ដោយសារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ គាត់​អាច​ប្តូរ​ជាមួយ​កូន​របស់​សម្តេច​បាន​»​។​

ស្ត្រី​ម្នាក់​នាក់​​ក្នុង​ចំណោម​ស្ត្រី​ ២​នាក់​ គឺ​អ្នកស្រី​ យូ​ រ៉​ន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ថា​ កូនប្រុស​របស់​សម្តេចទាំងពីរ​ បាន​​ទៅ​ដោះ​លែង​អ្នកស្រី​ និង​​តំណាង​​សហ​គន៍​​ម្នាក់​ទៀត ​គឺ​អ្នកស្រី​ អ៊ិ​ត​ រុំ​ ទាំង​យប់​ ព្រម​ទាំង​​នាំ​ពួក​គេ​ទៅ​សម្រាកនៅ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ រហូត​ដល់​ព្រឹក​ឡើង​ ទើប​កូន​លោកនាយក​រដ្ឋមន្ត្រី​ដឹក​អ្នក​ស្ត្រី​តាម​រថយន្ត​ ទៅ​គេហដ្ឋាន​អ្នកស្រី​ ព្រមទាំង​ជួយ​ឧ​បត្ត​ម​ស្ត្រី​ចំនួន​ ៣០០​ ដុល្លារ​ ក្នុង​ម្នាក់ៗ​ផង​ដែរ​។​

អ្នកស្រី​ យូ​ រ៉​ន​ និង​អ្នក​ស្ត្រី​ អ៊ិ​ត​ រុំ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច​​នៅ​ភូមិ​ថ្មី​ ឃុំ​តាំង​សំរោង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ រឿង​បញ្ហា​វិវាទ​ដីធ្លី​។​

បើ​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ (ADHOC)​ កាលពី​ឆ្នាំ​២០១១​ បាន​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០ ​​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់​ និង​មនុស្ស​ ៩៥ ​នាក់​ក្នុង​ចំណោម​នោះ​ ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​រឿង​តវ៉ា​ជម្លោះដីធ្លី​។​

​ចំណែក​​របាយការណ៍​ស្រាវជ្រាវ​រឿង​ដីធ្លី​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ ហៅ​កាត់​ថា​ NGO​ Forum​ បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទកាសែត​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​ ២០១៦​ ឱ្យ​ដឹង​ថា​ ករណី​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​មាន​ចំនួន​ ១៣​ ករណី​ស្ថិត​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​៕​

Share

ព័ត៌មានទាក់ទង

Image