ភ្នំពេញ៖ ពិណជាឧបករណ៍ភ្លេងខ្មែរបុរាណមួយបែប ស្ថិតក្នុងចំណោមឧបករណ៍ភ្លេងបុរាណខ្មែរជាច្រើនទៀត មានដូចជា រនាតឯក រនាតធុង ស្រឡៃ សាដៀវ ចាប៉ីដងវែង ខ្លុយ និងមានឧបករណ៍ជាច្រើនទៀត ដែលខ្មែរយើងមានតាំងពីយូរយារណាស់មកហើយ។
នាទីកម្សាន្តថ្ងៃនេះ នឹងនាំអារម្មណ៍នាងកញ្ញា លោក លោកស្រី ទៅកម្សាន្តជាមួយនឹងភ្លេងពិណខ្មែរ ហើយលោកអ្នកនឹងបានដឹងពីប្រវត្តិពិណថា មានតាំងពីពេលណាមក ហើយឧបករណ៍ពិណនេះ អាចលេងជាមួយឧបករណ៍ភ្លេងអ្វីខ្លះ ហើយលេងនៅក្នុងវង់ភ្លេងណាខ្លះ? ជាបន្តទៅទៀតនេះ សូមនាងកញ្ញា លោក លោកស្រី ស្តាប់នាទីកម្សាន្តដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
បើយោងតាមអ្នកជំនាញ “ពិណ” គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ ដែលមានប្រភពដើមកំណើតមកពីប្រទេសឥណ្ឌា ។ “ពិណ” មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីសតវត្សរ៍ទី៧ មកម៉្លេះ ហើយបាត់ទៅវិញ នៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣។ នេះបើតាមការបញ្ជាក់ពីលោក កែវ សុនន្ទកវី សាស្ត្រាចារ្យមហាវិទ្យាល័យដូរតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោក កែវ សុនន្ទកវី មានប្រសាសន៍ថា ពិណមានដើមកំណើតតាំងពីយូរណាស់មកហើយ តាំងពីសម័យមុននៅក្នុងវង់ភ្លេងពិណពាទ្យ គឺមានឧបករណ៍ពិណបូក និងឧបករណ៍ពាទ្យ ដែលឧបករណ៍ពាទ្យនេះ គឺជាគងពាទ្យផ្លែប្រាំបី ឬប្រាំបួនដែលហៅថាគងពាទ្យ។ ឧបករណ៍ពិណ និងពាទ្យនេះ បូកបញ្ចូលគ្នា ទើបគេហៅថា ពិណពាទ្យ។ មកដល់ពេលបច្ចុប្បន្ននេះ ក្នុងវង់ភ្លេងពិណពាទ្យ មិនមានឧបករណ៍ពិណទៀតឡើយ។ តែទោះជាមិនមានឧបករណ៍ពិណនៅក្នុងវង់ភ្លេងនេះក៏ដោយ ពលរដ្ឋខ្មែរ នៅតែហៅវង់ភ្លេងនេះថាពិណពាទ្យដដែល។
«ពាក្យ ពិណពាទ្យ មានន័យថា ឧបករណ៍ឈ្មោះពីដែលបូកបញ្ចូលគ្នា មានន័យថាពិណ និងពាទ្យ ពិណជាឧបករណ៍ពិណដែលខ្ញុំទើបនិងបង្កើតឡើងនេះ ហើយពាទ្យនោះគឺជាគង គងផ្លែប្រាំបី ឬ ប្រាំបួនហ្នឹង គឺហៅគងពាទ្យ អីចឹងឈ្មោះទាំងពីនេះមានន័យថា ឈ្មោះថា ពិណពាទ្យ»។
លោកសាស្ត្រាចារ្យ បានបន្តថា ឧបករណ៍ពិណ អាចយកទៅលេងជាមួយគ្រប់វង់ភ្លេងបុរាណខ្មែរ ទាំងអស់ ដូចជាលេងក្នុងវង់ភ្លេងពិណពាទ្យ វង់ភ្លេងមហោរី និងអាចយកទៅលេងក្នុងវង់ភ្លេងបស្ចឹមប្រទេសបានទៀតផង។
«ឧបករណ៍ពិណខ្មែរយើងនេះ គឺយើងយកទៅលេងនៅក្នុងគ្រប់វង់ទាំងអស់បាន ដោយសារមានមូលហេតុពីរ បើសិនជានៅក្នុងវង់ភ្លេងខ្មែរ យើងរឹងកាំសំឡេងហៅថាស្កេលរបៀបខ្មែរ ដល់យកទៅបស្ចឹមប្រទេសយើងរឹត យ៉ាតូនិច របៀបបស្ចឹមប្រទេស»។
លោកសាស្ត្រាចារ្យបញ្ជាក់ទៀតថា វង់ភ្លេងពិណពាទ្យ គឺជាឈ្មោះវង់ភ្លេងពីដើមដែលមានតែប្រាំឧបករណ៍ភ្លេងតែប៉ុណ្ណោះ គឺមាន ពិណ គងពាទ្យ សំភោ ខ្លុយ និងឆឹង ក្រោយមកទើបមានឧបករណ៍ភ្លេងបន្ថែមទៀត។ « វង់ពិណនេះហៅថា វង់ដើម គឺដែលមានប្រាំឧបករណ៍ទេ មានតែពិណ គងពាទ្យ សម្ភោរ ខ្លុយ និងឈិង អាហ្នឹងវង់ដើមរបស់គេ ក្រោយមកទើបយើងមានរនាតឯក រនាតធុងបន្តទៀត»។
លោកសាស្ត្រាចារ្យ កែវ សុនន្ទកវី ៖ «ពិណ ត្រូវបានអ្នកជំនាញឆ្លាក់នៅលើសិលាចារិកស្ទើរគ្រប់ប្រសាទទាំងអស់ ដូចជា ប្រសាទសំបូរព្រៃគុក ប្រាសាទបន្ទាយឆ្មា ប្រាសាទបាយ័ន និងមានប្រាសាទជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ អំពីឧបករណ៍ពិណនេះ គឺយើងមានសិលាចារិកនៅគ្រប់ប្រាសាទសឹងទាំងអស់ តាំងពីសំបូរព្រៃគុក បន្ទាយឆ្មា បាយ័ន បន្ទាយសម្រែ … សម្បូរបែបមែនទែន ហើយមានប្រភេទពិណច្រើនមែនទែន…»។
បើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ កែវ សុនន្ទកវី ពិណជាឧបករណ៍ភ្លេងម្យ៉ាងដែលមានសំឡេងស្រាលបែបមនោសញ្ចេតនា ហើយមានលក្ខណៈណែងណងរណ្តំចិត្តកម្រិតណានោះ អាស្រ័យលើអ្នកនិពន្ធ និងលេង។
«បញ្ហាបច្ចេកទេសពីឧបករណ៍ពិណ ដែលក្មួយសួរថា យកទៅលេងវង់នោះវង់នេះ ណែងណងយ៉ាងណានោះគឺវាអាស្រ័យទៅលើអ្នកនិពន្ធ គ្រាន់តែថាឧបករណ៍ពិណនេះ ជាឧបករណ៍ដែលមានសំឡេងស្រាល ឧបករណ៍ដែលមានសំឡេងលក្ខណៈជាខ្សែរដែរ គ្រាន់ថាវាជាមនោសញ្ចេតនា ត្រឹងៗ…»៕