ភ្នំពេញ៖ កម្មករ-កម្មការីនី រោងចក្រ វីន ស៊ីងតិច ខេមបូឌា ខូ អិលធីឌី (WIN SHINGTEX (CAMBODIA) CO.,LTD) ប្រមាណជាង ៤០០ នាក់ នឹងទ្បើងមកសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២១ ខែមីនា ស្អែកនេះ។ ការសុំកិច្ចអន្តរាគមន៍ពីក្រសួងនេះ ក្នុងគោលបំណងស្នើក្រសួងការងារ ជួយជំរុញឱ្យថៅកែក្រុមហ៊ុនបើកប្រាក់បំណាច់គ្រប់ប្រភេទតាមច្បាប់ការងារជូនកម្មករនិយោជិតទាំងអស់ និងសូមឱ្យក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួលពេញ ក្នុងខែមីនាជូនកម្មករនិយោជិត។
កម្មករ-កម្មការីនីប្រមាណជាង ៤០០ នាក់ គ្រោងដង្ហែរក្បួនមកក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ដើម្បីឱ្យក្រសួងជួយរកអន្តរាគមន៍ករណីដែលក្រុមហ៊ុន វីន ស៊ីងតិច រំលាយកិច្ចសន្យាពួកគេមុនពេលកំណត់ដោយមិនទាន់បានផ្តល់ប្រាក់សំណងជូនពួកគេនៅទ្បើយ។
តំណាងសហជីពមូលដ្ឋាន ស៊ីខៅឌូ (C.CAWDU) លោក ប៉ាល់ មករា បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី២០ ខែមីនា នេះថា មូលហេតុដែលកម្មករគ្រោងដង្ហែរក្បួនមកក្រសួងការងារនៅថ្ងៃស្អែកនេះ ដោយសារតែក្រុមហ៊ុន វីន ស៊ីងតិច បានរំលាយកិច្ចសន្យាកម្មករមុនពេលកំណត់ ហើយមិនទាន់បានផ្តល់សំណងទៅកម្មករនៅទ្បើយ ដូច្នេះទើបពួកលោកសម្រេចចិត្តថានឹងទ្បើងមកសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ។
«ក្នុងករណីហ្នឹងគឺក្រុមហ៊ុនគាត់បានរំលាយកិច្ចសន្យាទាំងស្រុងមុនកំណត់ ហ្នឹងហើយអ្វីដែលយើងស្នើសុំ គឺសូមក្រុមហ៊ុនអនុវត្តទៅតាមច្បាប់ ហើយតាមច្បាប់នឹងមានអី មានប្រាក់សំណងគ្រប់ប្រភេទដែលក្រុមហ៊ុនបានរំលាយកិច្ចសន្យាគ្រប់ប្រភេទហ្នឹងឯង..» ។
ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋបាលក្រុមហ៊ុន វីន ស៊ីងតិច ដែលសុំមិនបញ្ចេញឈ្មោះ មិនធ្វើការអត្ថាធិប្បាយ លើបញ្ហានេះទេ ដោយអ្នកស្រីឱ្យរង់ចាំខាងតំណាងមេធាវីរបស់ក្រុមហ៊ុនជាអ្នកដោះស្រាយពីបញ្ហានេះ។
«ខាងខ្ញុំ ខ្ញុំអត់ទាន់ឆ្លើយតបអីទេ ព្រោះខាងក្រុមហ៊ុនខ្ញុំគាត់មានអ្នកតំណាងខាងមេធាវីខ្ញុំអត់មានសិទ្ធិឆ្លើយអីទាំងអស់ទាំងអស់ទេដោយសារតែគាត់មានខាងតំណាងមេធាវីដែលក្រុមហ៊ុនគេចាត់តាំង»។
យោងតាមលិខិតជូនដំណឹងរបស់ក្រុមហ៊ុន វីន ស៊ីងតិច (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចុះថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០១៦ ស្តីពីការរំលាយកិច្ចសន្យាការងារមុនពេលកំណត់បានឱ្យដឹងថា ដោយសារតែក្រុមហ៊ុនមិនទទួលបាននូវការបញ្ជាទិញថ្មី ក្នុងឆ្នាំនេះពីអតិថិជននៅក្រៅប្រទេស ជាហេតុធ្វើឱ្យសង្វាក់ផលិតកម្ម និងការផលិតរបស់រោងចក្រកាត់ដេរសម្លៀកកំពាក់ពុំអាចដំណើរការតទៅទៀតបាន។ ដូច្នេះក្រុមហ៊ុនពុំមានលទ្ធភាពក្នុងការបង់ប្រាក់ឈ្នួលជូនបុគ្គលិក កម្មករ និយោជិត និងបង់ថ្លៃចំណាយសម្រាប់ដំណើរការផលិតនៅក្នុងរោងចក្របានទេ។
លិខិតជូនដំណឹងដដែលបន្តថា ក្រុមហ៊ុនសម្រេចធ្វើការរំលាយទាំងកិច្ចសន្យាការងារមានកំណត់ថិរវេលា និងកិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ហើយក្រុមហ៊ុននឹងមិនបន្តកិច្ចសន្យាការងារសម្រាប់បុគ្គលិក កម្មករ និយោជិតទៀតទ្បើយ ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នេះតទៅ។
សូមបញ្ជាក់ថា យោងតាមលិខិតសុំអន្តរាគមន៍របស់កម្មករ និយោជិត បានឱ្យដឹងថា ក្រុមហ៊ុន វីន ស៊ីងតិច ជូនដំណឹងរំលាយកិច្ចសន្យាការងាររបស់កម្មករនិយោជិតទាំងអស់ចំនួន ៥៥០ នាក់ តាំងពីថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១៦ ប៉ុន្តែក្រុមហ៊ុនពុំទាន់បានទូទាត់ប្រាក់បំណាច់កិច្ចសន្យាតាមច្បាប់ស្តីពីការងារនោះទ្បើយ ចាប់តាំងពីថ្ងៃជូនដំណឹងនោះមក។
គួរបញ្ជាក់ផងដែរថា ចំណុចដែលក្រុមកម្មករ និយោជិតទាមទារមានពីរចំណុចធំៗគឺ៖ ទីមួយ សុំឱ្យក្រុមហ៊ុនបើកប្រាក់បំណាច់គ្រប់ប្រភេទតាមច្បាប់ការងារជូនកម្មករទាំងអស់ និងទីពីរ សុំក្រុមហ៊ុនផ្តល់ប្រាក់ឈ្នួលពេញក្នុងខែមីនា ជូនកម្មករនិយោជិត៕