ភ្នំពេញ៖ និយាយហាក់ដូចជាអស់សំណើច លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងថា គណបក្សតូចៗ ដែលទើបតែបង្កើតថ្មី ដើម្បីត្រៀមធ្វើការប្រកួតប្រជែងនៅអាណត្តិទី៦ នៃការបោះឆ្នោតឆ្នាំ ២០១៧ - ២០១៨ ខាងមុខ ពុំមានគោលនយោបាយរឹងមាំណាមួយ សម្រាប់តតាំងជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះទេ។
ផ្ទុយទៅវិញ គណបក្សតូចៗទាំងនោះ បែរជាបង្កើតឡើងសម្រាប់តែប្រឆាំងជាមួយនឹងគណបក្សសង្គ្រោះជាតិទៅវិញ។ ការថ្លែងរបស់លោក កឹម សុខា បែបនេះ ធ្វើឡើងនៅក្នុង វេទិកាសកម្មជនមូលដ្ឋាន នៅភូមិត្រាង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៦។
លោក កឹម សុខា និយាយដូច្នេះថា ៖ «នេះជាបរិបទរវាងគូប្រកួតរបស់យើង និងយើង។ មកដល់ពេលនេះ យើងឃើញមានគណបក្សនយោបាយកើតច្រើនណាស់បងប្អូន មានពីរនាក់ក៏កើត មានម្នាក់ក៏បង្កើតគណបក្សមួយដែរ ចេញមកពីគ្រប់ជ្រុង គ្រប់ជ្រោយទាំងអស់ ប៉ុន្តែអ្វីដែលយើង មិនមានការព្រួយបារម្មណ៍ ដែលគណបក្សសង្គ្រោះជាតិ នៅតែមានការរឹងមាំដដែលនោះ ដោយយើងឃើញថា គណបក្សដែលកើតនោះ គឺមិនមានគោលនយោបាយដើម្បីទៅដណ្តើមអំណាចឈ្នះគណបក្សកាន់អំណាច ដើម្បីទៅដឹកនាំប្រទេសទេ។
ធម្មតាប្រទេសណាក៏ដោយ គណបក្សណាក៏ដោយ កាលណាគេបង្កើតដើម្បីយកគំនិតគេ យកគោលនយោបាយគេ ទៅដឹកនាំប្រទេស ហើយដើម្បីដឹកនាំប្រទេសបានត្រូវតែទៅប្រកួតជាមួយគណបក្ស ដែលកំពុងកាន់អំណាច។ តែផ្ទុយទៅវិញ ពួកគេមិនទៅប្រកួតជាមួយបក្សដឹកនាំប្រទេស តែបែរមកប្រកួតជាមួយបក្សសង្គ្រោះជាតិទៅវិញ ត្រង់នេះហើយដែលប្រជាពលរដ្ឋឃើញច្បាស់ថា ពួកគេធ្វើដើម្បីអ្វីហើយ…!»។
លោក កឹម សុខា ចោទជាសំណួរថា មូលហេតុអ្វីបានជាគណបក្សដែលទើបតែបង្កើតថ្មី មិនព្រមរៀបចំយុទ្ធសាស្ត្រ ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ដើម្បីឡើងដឹកនាំប្រទេសម្តង តែបែរជាមកប្រកួតប្រជែងជាមួយបក្សក្រៅរដ្ឋាភិបាលទៅវិញ។ ចំពោះបញ្ហានេះ លោក កឹម សុខា ដាក់ការសង្ស័យថា ការបង្កើតគណបក្សថ្មីៗជាច្រើនស្អេកស្កះនេះ ទំនងជាចង់បំបែកសំឡេងគណបក្សសង្គ្រោះជាតិ ៕