en     km
en     km

NGO Forum​ ស្នើ​រាជរដ្ឋាភិបាល​ជួយ​ព​ន្លឿ​ន​ដោះស្រាយ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ១៣ ​ករណី​​នៅ​កម្ពុជា​

Share

ភ្នំពេញ​៖​ ​​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ NGO Forum​ ​នឹង​​ស្នើ​ទៅ​ប្រមុខ​​រាជ​រដ្ឋា​ភិបា​ល​ សម្តេច​​ ​​ហ៊ុន ​សែន ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ព​ន្លឿ​ន​ឱ្យ​បាន​ឆាប់រហ័ស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ធំៗ​ដ៏​រ៉ាំរ៉ៃ​ចំនួន​ ១៣​ ករ​ណី​ ដែល​​កំពុង​​កើត​​មាននៅ​​កម្ពុជា​ ដើម្បី​បញ្ចប់​បញ្ហា​ទាំងនេះ​ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ឱ្យ​បាន​ប្រសើរ​ឡើង​។​ នេះ​បើ​តាម​ការ​ឱ្យដឹងពី​លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋា​ភិបាល​​ស្តី​ពី​កម្ពុជា ក្នុង​សន្និ​​សីទ​សារ​ព័ត៌​មាន ​នៅ​​ទីស្នាក់ការ​ NGO Forum​ នា​ព្រឹក​ថ្ងៃ​ទី​ ១៨ ​ខែ​មីនា​​ ឆ្នាំ ២០១៦ ​។​

NGO-FORUM2-By-Mao-Samnang
លោក​ តឹក​ វ​ណ្ណា​រ៉ា​ បង្ហាញរបាយការណ៍ស៊ើបអង្កេត​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ រវាង​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច ជាមួយក្រុមហ៊ុនវិនិយោគក្នុងសហគមន៍ចក់ចារ ខេត្តមណ្ឌលគីរី

ថ្លែង​ក្នុង​សន្និសីទកាសែត​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​ប្រទេស​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែមីនា​ កន្លងទៅ​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​សាទរ​ចំណា​ត់​ការ​របស់​រាជរដ្ឋាភិបាល​ ចំពោះ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ការ​ធ្វើ​កំណែ​ក​ទម្រង់ដី​សម្បទាន​សេដ្ឋកិច្ច​ កំណែ​ទម្រង់​​ក្រសួង​ដោយ​ផ្ទាល់​ការ​គ្រប់គ្រង​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ព្រៃ​ការពារ​អភិរក្ស​រវាង​ក្រសួង​បរិ​ស្ថាន​​ និង​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ នឹងស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​ និង​អ្នករាយ​ការណ៍​​ពិសេស​​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ សូមយកចិត្តទុកដាក់​បន្ថែម​ទៀត​ ចំពោះ​​ការ​​ដោះ​ស្រាយ​វិវាទ​ដីធ្លី​មាន​លក្ខណៈ​​រ៉ាំរ៉ៃ​ចំនួន​ ១៣​ ករណី​ជាមួយ​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន​។​

​ករណី​ទំនាស់​ដីធ្លី​ទាំង​ ១៣​ នោះ​ រួម​មាន​ ករណី​ទំនាស់​ដីធ្លី​នៅ​ យូ​ឌី​ជី​ និង​ជាយ​អា​រ៉ែ​ង​នៅ​ខេត្តកោះកុង​,​ ករណី​ដី​ធ្លី​ព្រះ​មេរុ​នៅ​ខេត្តព្រះវិហារ​,​ ករណី​ចក់​ចារ​និង​ពូ​គង់នៅ​ខេត្តមណ្ឌលគិរី​​,​ ករណី​ថ្មដា​នៅ​ខេត្តពោធិ៍សាត់​,​ ករណី​​កោះ​រុង​​នៅ​​ខេត្ត​​ព្រះ​​សីហ​នុ​​,​ ករណី​​ស៊ី​ង​​បាយ​​អូ​​ទិច​​នៅ​​ខេត្តក្រចេះ​​,​ ករណី​​ប៊ូ​ស្រា​​នៅ​​ខេត្ត​មណ្ឌល​គិរី​,​ ករណី​​សេ​​សាន​​ក្រោម​​២​ នៅ​​ខេត្ត​ស្ទឹង​ត្រែង​​,​ ករណី​​ឡ​​ពាង​​នៅ​​ខេត្ត​កំពង់​ឆ្នាំង​,​​ ​ករណី​​បឹង​​ប្រាំ​​នៅ​​ខេត្ត​បាត់​ដំបង​​,​ ករណី​​ក្រុម​ហ៊ុន​​ហង់​​អញ ​យ៉ាក​ឡាយ​ ​នៅ​​ខេត្ត​រតនគិរី​,​ ករណី​​ក្រុមហ៊ុន​​ស្ករ​អំពៅ​​នៅ​ខេត្តឧត្តរមាន​ជ័យ​ ព្រះ​វិហារ​ កោះកុង​ និង​ករណី​វិវាទ​ដីធ្លី​រវាង​ប្រជា​ពលរដ្ឋ​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ភូមិ​​ចក់​​ចារ​ និង​​ក្រុមហ៊ុន​​ប៊ិ​ញ​ហ្វឿ​ក​ ក្រចេះ​រ៉ាប់​​ប៊ឺ​១​ នៅ​​ភូមិ​​ចង់​​ចារ​ ឃុំ​​ស្រែ​ឈូក​ ស្រុក​​កែវ​​សី​ម៉ា​ ខេត្ត​មណ្ឌល​គិរី​។​

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​រូប​នេះ​ បាន​បន្ត​ថា​ បញ្ហា​​ទំនាស់​ដីធ្លី​ នៅ​តែ​ជា​បញ្ហា​ក្តៅ​គគុក​ក្នុង​សង្គម​ដដែល​ ហើយ​ករណី​​រ៉ាំរ៉ៃ​​​ធំៗ​​មួយ​ចំនួន​នៅ​តែ​កើត​មាន។​ នៅថ្ងៃទី ២១ ខែមីនា ខាងមុខនេះ NGO Forum នឹង​ដាក់​សំណើ​របស់​ខ្លួន​ជូនដល់​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ធ្ងន់ធ្ងរ​ ឲ្យ​បាន​ឆាប់រហ័ស​បំផុត​៕​

Share

ព័ត៌មានទាក់ទង

Image