en     km
en     km

លោក​ ស៊ុន​ ចាន់​ថុ​ល ប្តេជ្ញា​ធ្វើ​ឱ្យ​វិស័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ល្អ​ប្រសើរ​ជាង​មុន​

Share

​ភ្នំពេញ​៖​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​​លើ​​វិស័យ​ដឹក​ជញ្ជូន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ បន្ទាប់​​ពី​លោក​​វិល​​ត្រឡប់​ទៅ​កាន់​​តំណែង​​ជា​​រដ្ឋមន្ត្រី​ក្រសួង​​សារ​ធា​រណ​ការ​ និង​​ដឹក​​ជញ្ជូន​​វិញ​។​ ការ​ប្តេជ្ញា​​ចិត្ត​​នេះ​ ធ្វើ​ឡើង​​ក្រោយ​​ពី​​បញ្ចប់​​វេទិកា​​ពិភាក្សា​​អំពី​​វិស័យ​​ពាណិ​ជ្ជ​កម្ម ​​និង​​អប់រំ​​នៅ​កម្ពុជា​បច្ចុប្បន្ន​ រៀប​ចំ​​ឡើង​​ដោយ​​ក្រសួង​ពាណិជ្ជ​កម្ម​ នៅ​​វិទ្យា​ស្ថាន​​បច្ចេក​វិទ្យា​​កម្ពុជា​ (​សាលា​​តិច​ណូ​​)​ នា​ព្រឹក​​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​ ២០១៦​ នេះ​។​

cover-Sun-CHanthol-(by-mao-samnang)
លោក​ ស៊ុន​ ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ក្នុងកម្មវិធីជំនួបពាណិជ្ជករខ្មែរ-ថៃ នៅទីស្តីការក្រសួង

​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​តួនាទី​​ទៅ​ដឹកនាំ​ក្រសួង​សា​ធារ​ណការ ​និង​ដឹក​ជញ្ជូន​វិញ​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ បាន​អះអាង​ថា​ លោក​នឹង​ប្រឹង​ប្រែង​​ឱ្យ​​អស់​ពី​​កម្លាំងកាយ​ចិត្ត​ ដើម្បី​កំណែទម្រង់​វិស័យ​សាធារណការ​ និង​ដឹក​ជញ្ជូន​ឱ្យ​បាន​ជោគជ័យ​ តាម​ការ​ត្រូវការ​របស់រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​។​

ការ​ប្តេជ្ញា​របស់​រដ្ឋមន្ត្រី​រូប​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  បាន​សម្រេច​ផ្លាស់​ប្តូរ​រូប​លោក​ពី​ក្រសួង​ពាណិ​ជ្ជ​កម្ម​ ទៅ​​កាន់​​ក្រសួង​​សាធារ​ណការ ​​និង​​ដឹក​​ជញ្ជូន​​ក្នុង​​ពេល​​ឆាប់ៗ​​ខាង​​មុខ​​នេះ​។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ថ្លែង​ថា​ ការ​កែទម្រង់​នេះ​ គឺជា​ភាព​ចាំបាច់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​  ដើម្បី​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​​ការ​ងារ​​កាន់​តែ​ខ្ពស់​​ថែម​ទៀត​ ហើយ​លោក​ក៏​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​សម្តេច​ ហ៊ុន​ សែន​ ក្នុង​ការ​ផ្លាស់​ប្តូរ​រូប​លោក​​ទៅ​​កាន់​​តួនាទី​​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​វិញ​។​

លោក​បញ្ជាក់​ថា​ ការ​ត្រឡប់​ទៅ​ដឹកនាំ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​វិញ​នេះ​ លោក​នឹង​ខិតខំ​ប្រឹងប្រែង​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រសើរ​ចំពោះ​ការ​ផ្តល់​សេវា​សាធារណៈ​នានា​ ដូច​ជា​ ការ​ចេញ​ប័ណ្ណ​បើក​ ការ​ធ្វើ​ឈៀក​ឡាន​ ការ​សាងសង់​ផ្លូវ​ និង​ស្តារ​ផ្លូវដែក​ឡើង​វិញ​  ឱ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​ជាង​មុន​។​

«​ខ្ញុំ​ក៏​ធ្លាប់​កាន់​ក្រសួង​នេះ​មួយ​អាណត្តិ​ដែរ​ ហើយ​ខ្ញុំ​ត្រឡប់​ទៅ​វិញ​នេះ​ ដើម្បី​ជួយ​ធ្វើ​ម៉េច​ឱ្យ​ការ​រីក​ចម្រើនក្នុង​វិស័យ​ផ្តល់​សេវា​ ឱ្យ​បាន​ល្អ​ កសាង​ផ្លូវថ្នល់​ ហេ​ដ្ឋា​រចនា​សម្ព័​ន​ឱ្យ​បាន​ល្អ​ រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រព័ន្ធ​ដឹក​ជញ្ជូន​យើង​នេះ​ មាន​តម្លៃ​ទាប​ជាង​មុន​ ដើម្បី​យើង​ងាយស្រួល​ទាក់ទាញ​វិយោគ​មក​ដាក់​ទុន​នៅ​កម្ពុជា​យើង​ផង​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍»​​។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​អះអាង​ថា​ ការងារ​មុន​ដំបូង​ដែល​លោក​ត្រូវធ្វើ​ ដើម្បី​កំណែទម្រង់​វិស័យ​ដឹក​ជញ្ជូន​ គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ដឹក​ជញ្ជូន​ឱ្យ​បាន​លឿន​បំផុត​ ដើម្បី​ទាក់ទាញ​វិនិយោគ​គិ​ន​ និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។​

​គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​ ២០១៦​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ផ្ញើ​សំណើ​រុះរើ​រដ្ឋមន្ត្រី​ចំនួន ​៨ ​ក្រសួង​ ទៅ​កាន់​រដ្ឋសភា​។​ ហើយ​រដ្ឋសភា​ ក៏​គ្រោង​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ខាង​មុខ​នេះ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ធ្លាប់​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាល​អាណត្តិ​ទី​ ០៣​ ពី​ឆ្នាំ​ ២០​០៣​ ដល់​​ឆ្នាំ​ ២០០៨​ ។ ចាប់ពី​ឆ្នាំ​ ២០០៨​ ដល់​ឆ្នាំ​ ២០១៣​ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​​ទេស​រដ្ឋមន្ត្រី​ និង​​ជា​​អនុ​ប្រធាន​ ក្រុម​ប្រឹ​ក្សា​​អភិវឌ្ឍន៍​​កម្ពុជា​​ផង​ដែរ​។​ ក្រោយមក​ទៀត​ នៅ​ខែកញ្ញា​  ឆ្នាំ​ ២០១៣​ លោក​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ពាណិ​ជ្ជកម្ម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​៕

Share

Image
Image
Image