ភ្នំពេញ៖ សង្គមស៊ីវិលចំនួន ០៧ ដែលធ្វើការងារពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងសិទ្ធិមនុស្ស ដាក់លិខិតសុំអន្តរាគមន៍ផ្លូវការ និងរបាយការណ៍ស៊ើបអង្កេតផលប៉ះពាល់គម្រោងអភិវឌ្ឍន៍ ដាក់ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ដើម្បីឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍លើករណីនេះ។ សង្គមស៊ីវិលក៏នឹងដាក់លិខិតសុំអន្តរាគមន៍ ព្រមទាំងរបាយការណ៍ស៊ើបអង្កេតនេះ ទៅកាន់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាផងដែរ។
នៅក្នុងសិន្នសីទកាសែតរបស់វេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) នៅថ្ងៃសុក្រម្សិលមិញ បានបង្ហាញរបាយការណ៍ស៊ើបអង្កេតស្តីអំពីផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍របស់ ក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺ១ នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ថា គម្រោងអភិវឌ្ឍធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសហគមន៍ជនជាតិដើមភាគតិច ជាពិសេសការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើ និងរំលោភសិទ្ធិជនជាតិដើមភាគតិច សមាជិកបណ្តាញជនជាតិដើមភាគតិច។
ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នដីសម្បទាននេះ មិនទាន់ចុះបញ្ជីជាដីឯកជនរបស់រដ្ឋនៅឡើយ ហើយក្រុមហ៊ុនក៍មិនទាន់ធ្វើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ជាពិសេសមិនបានធ្វើការពិគ្រោះយោបល់ជាសាធារណៈអំពីគម្រោង ឬធ្វើសំណើសម្បទានដីសេដ្ឋកិច្ចជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋនៅក្នុងតំបន់ និងអ្នកពាក់ព័ន្ធនៅឡើយ។
តាមលទ្ធផលនៃការស៊ើបអង្កេតបង្ហាញថា ការផ្តល់សម្បទានដីសេដ្ឋកិច្ចឱ្យក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺ១ ខមភើនី លីមីធីត ស្ថិតនៅលើតំបន់ព្រៃការពារដែលជាផ្ទៃដីព្រៃ មិនអាចផ្ទេរដើម្បីអភិវឌ្ឍបានទេ។
សូមបញ្ជាក់ថា វិវាទដីធ្លីរវាងប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅភូមិចក់ចារ ជាមួយនិងក្រុមហ៊ុន ប៊ិញហ្វឿក ក្រចេះ រ៉ាប់ប៊ឺ១ ខមភើនី លីមីធីត បានចាប់ផ្តើមកើតឡើងចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ មកម៉្លេះ។ បច្ចុប្បន្ន ក្រុមហ៊ុនបានយកគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយដីចម្ការវិលជុំរបស់សហគមន៍ជនជាតិដើមភាគតិច។
ប្រជាពលរដ្ឋជនជាតិភាគតិចរស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី មានចំនួន ១៨០ គ្រួសារស្មើនឹង ៨៦៩ នាក់ ក្នុងនោះមានស្ត្រី ៤០៨ នាក់។ ប្រជាពលរដ្ឋក្នុងតំបន់នេះ ភាគច្រើនជាជនជាតិដើមព្នងប្រកបរបបធ្វើចម្ការវិលជុំ ដាំដុះលើដីតាមក្បួនខ្នាត ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ជាលក្ខណៈសមូហភាព៕