en     km
en     km

វិភាគ​៖​ ទោះជា​សំណុំរឿង​លោក​ សម​ រ​ង្ស៊ី​ កើន​ដល់​ ៤​ ករណី​ក៏​ដោយ​ តែ​លោក​នឹង​មានឱកាស​ចូល​ប្រទេស​វិញ​បាន​

Share

គិត​ចាប់តាំងពី​លោក​ សម​ រ​ង្ស៊ី​ គេចខ្លួន​នៅ​ក្រៅប្រទេស​ គឺ​តាំងពី​ដើម​ខែវិច្ឆិកា​ ឆ្នាំ​២១០៥​ មក​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ទទួល​ដីការ​ចាប់ខ្លួន​ និង​កោះហៅ​ឡើង​ តុលាការ​មាន​ចំនួន​ ៤​ សំណុំរឿង​។​ ដីកាចុង​ក្រោយ​នេះ​ គឺជា​បណ្ដឹង​របស់​រដ្ឋមន្ត្រី​ម្នាក់​ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​សម្ដេច​ ហ៊ុន​ សែន​ ករណី​ថាស​ម្ដេច​ទិញ​ទឹកចិត្ត​អ្នក​ Likes​ លើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហើយ​ត្រូវ​ហៅ​ចូលខ្លួន​ នៅ​ថ្ងៃ​ទី​២0​ មេ​សា​។​ តែ​ លោក​ សម​ រ​ង្ស៊ី​ ថា​លោក​មិន​ឈឺក្បាល​រឿង​នេះ​ទេ​។​

​ថា​តើ​ សំណុំរឿង​ទាំង​ ៤​ នេះ​ អាច​បិទ​ជីវិត​នយោបាយ​លោក​ សម​ រ​ង្ស៊ី​ មិន​ឱ្យ​ចូល​ប្រទេស​បាន​ឬទេ​ ខណៈ​លោក​មានឱកាស​ចូល​ប្រទេស​វិញ​បាន​ ៤​ លើក​មក​ហើយ​។​ ​អ្នក​សង្កេតការណ៍​គិត​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​ប្រទេស​វិញ​បាន​ គឺ​មាន​កត្តា​ច្រើន​យ៉ាង​ គឺ​មិន​សំខាន់​ចំនួន​សំណុំរឿង​កាន់តែ​ច្រើន​នោះ​ទេ​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​សំណុំរឿង​របស់​លោក​ សម​ រ​ង្ស៊ី​ មានការ​កើន​ទ្បើ​ង​ ៤​ ករណី​ហើយ​នៅ​ក្នុង​តុលាការ​ បើ​គិត​ចាប់តាំងពី​លោក​បាន​និរទេស​ខ្លួន​ចេញ​ទៅ​ក្រៅប្រទេស​។​ ពាក់ព័ន្ធ​បញ្ហា​នេះ​អ្នកវិភាគ​យល់​ឃើញ​ថា​អ្នក​ន​យោ​យ​បាយ​មិន​បាន​អនុវត្ត​តាម​វប្បធម៌​សន្ទនា​ដូចដែល​ពួក​គេ​បាន​បង្កើត​នោះ​ទេ​។

យោង​តាម​ដីកាកោះ​ចុះ​ថ្ងៃ​ទី​១៦​ ខែមីនា​ របស់​ព្រះរាជអាជ្ញា​រង​លោក​ សៀង​ សុខ​ បាន​កោះ​អញ្ជើញលោក​ សម​ រ​ង្ស៊ី​ ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៩​ ព្រឹក​ ដើម្បី​សួរ​អំពី​បណ្ដឹង​របស់​ឈ្មោះ​ សោម​ សឿ​ន​ ប្តឹង​ពី​ការ​ផ្សាយ​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ដែល​ នេះ​ជា​សំណុំ​ព្រហ្មទណ្ឌ​ទី​៤​ ប្រឆាំង​មេ​បក្ស​ប្រឆាំង​រូប​នេះ​។​

Sam-Rainsy

​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​ លោកស្រី​ ជា​ វ​ណ្ណាត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ថ្ងៃនេះ​ថា​ វា​មិនមែន​ជា​លើក​ទី​១​ សម្រាប់​លោក​ សម​ រ​ង្ស៊ី​ នោះ​ទេ​ ដែល​ត្រូវ​បាន​អ្នកមាន​អំណាច​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​រូប​លោក​នោះ​។​ លោក​ ស្រី​ ជា​ វ​ណ្ណាត​ បន្ត​ថា​ បើ​ទោះបីជា​លោក​ សម​ រ​ង្ស៊ី​ ជាប់​ពាក្យបណ្តឹង​ក៏​ពិតមែន​ ប៉ុន្តែ​កន្លង​មក​លោក​តែងតែ​អាច​វិល​ត្រ​ទ្ប​ប់​ចូល​ស្រុក​បាន​វិញ​ដដែល​ គឺ​មុន​ពេល​បោះ​ឆ្នោត​។​ លោកស្រី​ យល់​ឃើញ​ថា​ លោក​ សម​ រ​ង្ស៊ី​ អាច​នឹង​វិល​ត្រ​ទ្ប​ប់​ចូល​ក្នុងស្រុក​វិញ​តាម​រយៈ​ការ​ផ្សា​ភ្ជាប់​នយោបាយ​ ឬ​តាម​រយៈ​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។​

​លោកស្រី​ ជា​ វ​ណ្ណាត​ ៖ «​នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ​ដែល​ឯកឧត្តម​ សម​ រ​ង្ស៊ី​ លោក​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​តុលាការ​ច្បាប់​ ជា​ស្អី​អីចឹង​ ហើយ​នៅ​ក្រោយ​បំផុត​លោក​បាន​ត្រ​ទ្ប​ប់​មក​ប្រទេស​កម្ពុជា​យើង​វិញ​ ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​វិញ​លើស​ពី​ម្តង​ទៅ​ទៀត​ បើ​តាម​ខ្ញុំ​ចាំ​…»​។​

​លោក​ សម​ រ​ង្ស៊ី​ មានទោស​ធ្ងន់ធ្ងរ​គឺ​ករណី​លោក​ដក​ត​ម្រុ​ញ​បង្គោល​ព្រំដែន​ នៅ​ខេត្តស្វាយរៀង​ ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រ​ទស​វៀតណាម​។​ កាល​ណោះ​លោក​មានទោស​ជិត​ ២០​ ឆ្នាំ​។​ តែ​លោក​បាន​វិល​ចូល​កម្ពុជា​វិញ​ មុន​បោះ​ឆ្នោត​ [២៨​ កក្កដា​ ២០១៣]​ ជាង​មួ​យស​ប្ដា​ហ៍​ នៅ​ថ្ងៃ​ទី​១៩​ កក្កដា​ ឆ្នាំ​ ២០១៣​។​

​អ្នក​ស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ គិត​ថា​ សំណុំរឿង​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​កើត​មាន​ពី​មួយ​ទៅ​មួយទៀត​នោះ​ ពីព្រោះ​អ្នកនយោបាយ​មិន​បាន​អនុវត្ត​ទៅ​តាម​វប្បធម៌​សន្ទនា​ដែល​ខ្លួន​បាន​បង្កើត​ទ្បើ​ង​ តែ​ផ្ទុយ​ទៅ​វិញ​បែប​ជា​ជំរុញ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ទៅ​វិញ​។​

លោក​ សុ​វ​ណ្ណា​រ៉ា​ បន្ត​ថា​ នេះ​វា​មិនមែន​ជា​វប្បធម៌​សន្ទនា​នោះ​ទេ​ ប៉ុន្តែ​វា​ហាក់បីដូចជា​បង្កើត​វប្បធម៌​ “​ទឹក​ទ្បើ​ង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​”​ ទៅ​វិញ​។​ លោក​ សុ​វ​ណ្ណា​រ៉ា​ សង្ឃឹមថា​ លោក​ សម​ រ​ង្ស៊ី​ អាច​នឹង​វិល​ត្រ​ទ្ប​ប់​ចូល​ក្នុង​ប្រទេស​វិញ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ តាម​រយៈ​ការ​ផ្សះផ្សា​នយោបាយ​ ឬ​តាម​រយៈ​អន្តរាគមន៍​របស់​សហគមន៍​អន្តរជាតិ​។​

«​វា​អត់​ទៀង​នៅ​ស្រុក​ខ្មែរ​យើង​ អ្វី​ដែល​យើង​មើលឃើញ​ថា​វា​មិន​ទៅ​រួច​វា​អាច​ទៅ​រួច​ អ្វី​ដែល​មិនកើត​ទ្បើ​ង​វា​អាច​កើត​ទ្បើ​ង​ ករណី​នេះ​វា​មិនមែន​សហគមន៍​អន្តរជាតិ​ លូកដៃ​ចូល​ ឬ​ក៏​ធ្វើការ​គៀបសង្កត់​ ឬ​ក៏​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​កម្ពុជា​នោះ​ទេ​…»​។​

​កន្លង​មក​ លោក​ សម​ រ​ង្ស៊ី​ ធ្លាប់​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែងទោស​ចំនួន​ ៤​ ដង​មក​ហើយ​ ហើយ​ចុង​ក្រោយ​សំណុំរឿង​ដក​បង្គោល​ព្រំដែន​វៀតណាម​ ប៉ុន្តែ​រយៈពេល​ ៤​ ខែ​ចុង​ក្រោយ​នេះ​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​តុលា​កោះហៅ​ចូល​ស្រាយ​បំភ្លឺ​ចំនួន​ ៤​ ករណី​ មាន​ដូច​ជា​៖​ បណ្ដឹង​បរិហារកេរ្តិ៍​ លោក​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ បណ្ដឹង​បរិហារកេរ្តិ៍​ លោក​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ផ្សព្វផ្សាយ​ផែនទី​ក្លែងក្លាយ​ជាមួយ​ លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ និង​ចុង​ក្រោយ​ បណ្តឹង​របស់​ លោក​ សោម​ សឿ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ប្ដឹង​លោក​ ពី​បទ​ បរិហារកេរ្តិ៍​សម្ដេច​ ហ៊ុន​ សែន​ ករណី​ ថាស​ម្ដេច​ទិញ​ទឹកចិត្ត​អ្នក​ Likes​ លើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​ ហើយ​ត្រូវ​ហៅ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​២០​ មេ​សា​។​

​លោក​ សម​ រ​ង្ស៊ី​ អះអាង​ថា​ លោក​នឹង​វិល​ចូល​កម្ពុជា​វិញ​ នៅ​ពេល​ណា​កាលៈទេសៈ​មក​ដល់​ គឺ​ដូច​ឆ្នាំ​២០១៣​ តែ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ប្រឆាំង​ដាច់ខាត​ហើយ​ថា​មិន​ធ្វើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​លើកលែងទោស​ទៀត​ឡើយ​ បើ​លោក​លើកលែងទោស​ គឺ​លោក​នឹង​កាត់​ដៃស្ដាំ​លោក​ក្រ​វែង​ចោល​៕

Share

Image
Image
Image