ភ្នំពេញ៖ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ស្នើរុះរើគណៈរដ្ឋមន្ត្រីទៅកាន់រដ្ឋសភារួមមក សារព័ត៌មានក្នុងស្រុកមួយចំនួនក៏បានស្រង់ប្រភពក្រៅផ្លូវការថា នឹងអាចមានការបង្កើតក្រសួងបន្ថែមមួយចំនួនទៀត។
ក្រសួងដែលត្រូវបំបែកនោះគឺ ក្រសួងអប់រំ យុវជន និងកីឡា បំបែកជាពីរគឺ ទៅជាក្រសួងអប់រំ និងក្រសួងយុវជន និងកីឡា។ ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បំបែកជាពីរផងដែរ គឺក្រសួងសេដ្ឋកិច្ច និង ក្រសួងហិរញ្ញវត្ថុ។ បច្ចប្បន្នកម្ពុជាក្រសួងមានចំនួន ២៧ រួចហើយ។
អ្នកវិភាគផ្តល់ជាទស្សនៈថា ក្នុងស្ថានភាពបច្ចុប្បន្នរដ្ឋាភិបាលគួរតែកាត់បន្ថយក្រសួងចេញខ្លះ ព្រោះក្រសួងក្នុងរដ្ឋាភិបាលបច្ចុប្បន្នគឺ ក្បាលធំជាងខ្លួន ដែលនេះគឺគ្មានអ្វីចំណេញដល់ប្រទេសជាតិនោះទេ។ យ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលបដិសេធថាមិនមានផែនការបំបែកក្រសួងទៀតឡើយ។
លោក កែវ សុខា ធ្វើការអត្ថាធិប្បាយពីព័ត៌មាននេះ៖
ស្របពេលដែលប្រទេសប្រកាន់របបសភានិយមនៅក្នុងតំបន់អាស៊ានបានកាត់បន្ថយក្រសួងចោលខ្លះ និងប្រទេសមួយចំនួនកំពុងព្យាយាមបង្រួមក្រសួងឱ្យនៅតិច ដែលគេថាត្រូវធ្វើឱ្យរដ្ឋាភិបាលក្បាលតូចជាខ្លួន។ ប្រទេសអាស៊ានដែលលើកយកមកនិយាយខាងលើ គឺប្រទេសភូមា និងប្រទេសថៃ ដែលប្រទេសទាំងពីរនេះមានដង់ស៊ីតេប្រជាជនច្រើនជាងកម្ពុជា តែរដ្ឋាភិបាលប្រទេសនោះមានក្រសួងតិចជាងកម្ពុជា។
គណបក្សប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន សូជី កាលពីពេលថ្មីៗនេះ បានសម្រេចកាត់បន្ថយក្រសួងមកត្រឹម ១៥ ហើយប្រទេសថៃបច្ចុប្បន្នមានតែក្រសួងចំនួន ១៩ តែប៉ុណ្ណោះ។ ក្នុងបរិបទនេះ
កម្ពុជាកំពុងដំណើរការរុះរើគណរដ្ឋមន្ត្រីថ្មី ស្របពេលមានការលេចឮថា រដ្ឋាភិបាលចង់បង្កើតក្រសួងបន្ថែមថ្មីទៀត។
ថាតើបើមានការបំបែកក្រសួងដើម្បីបង្កើតក្រសួងថ្មី បន្ថែម ឬកាត់បន្ថយ ក្រសួងចាស់ចេញខ្លះ មានសារៈប្រយោជន៍យ៉ាងណាទៅថ្ងៃមុខ?
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមយល់ថា ជាការព្រួយបារម្ភថាប្រសិនបើរដ្ឋាភិបាលបំបែកក្រសួងឱកាន់តែច្រើននោះ គឺការងារនឹងមិនសូវមានប្រសិទ្ធិទេ ព្រោះការងារនឹងត្រូវជាន់តួនាទីគ្នា។ លោក មាស នី បន្ថែមថា ការបង្កើតក្រសួងច្រើន គឺគ្រាន់តែជាយុទ្ធសាស្ត្រមួយដើម្បីបំបែកកន្លែងធ្វើការតែប៉ុណ្ណោះ។
លោក មាស នី៖ «យើងមានការព្រួយបារម្ភថា ការបំបែកក្រសួងច្រើនវាទៅជាមិនមានប្រសិទ្ធិភាព ហើយធ្វើការទៅវាជាន់តួនាទីដូចមុន។ ហើយការបំបែកក្រសួងកាន់តែច្រើនក៏នាំឱរដ្ឋចំណាយកាន់តែច្រើនដែរ»។
កាលពីថ្ងៃម្សិលមិញ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បានបង្ហោះព័ត៌មានថា យ៉ាងតិចមាន ក្រសួងចំនួន ២ ទៀត នឹងត្រូវបានបង្កើត ហើយក្រសួង ២ បំបែកចេញពីក្រសួងអប់រំ យុវជន និងកីឡា និងមួយបំបែកចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ព័ត៌មាននេះធ្វើឱ្យមជ្ឈដា្ឋនមួយចំនួនសម្ដែងមតិរិះគន់ និងខ្លះថាមិនចាប់អារម្មណ៍។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា យល់ថា រដ្ឋាភិបាលគួរតែកាត់បន្ថយក្រសួងឱ្យនៅសល់ត្រឹមតែ ១៥ ក្រសួងគឺសមរម្យ។ មូលហេតុដែលលោក សូ ចន្ថា អះអាងបែបនេះព្រោះលោកយល់ឃើញថា ក្រសួងមួយចំនួនហាក់ដូចជាអសកម្ម ហើយការបង្រួមក្រសួងខ្លះមកជាក្រសួងតែមួយ គឺជាមធ្យោបាយល្អបំផុត។
លោក សូ ចន្ថា៖ «ខ្ញុំគិតថាការបំបែកក្រសួងមិនមែនជាដំណើរការនៃការជំរុញឱ្យមានប្រសិទ្ធិភាពការងារក្នុងទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ តែវាជាផ្នែកមួយនៃការចែកអំណាចគ្នា ហើយវានាំឱ្យខាតប្រយោជន៍យ៉ាងធ្ងន់ធ្ងរ នៅខណៈដែលប្រទេសភូមាគេកំពុងកាត់បន្ថយក្រសួងប្រមាណជា ១០ ក្រសួងជាង បែរជាយើងចង់ដំឡើងក្រសួងវិញ»។
យ៉ាងតិចរដ្ឋមន្ត្រីចំនួន ៨ រូបត្រូវបានផ្លាស់ប្ដូរតួនាទី និងខ្លះទៀត ត្រូវបានបញ្ចប់មុខងារ ហើយការរុះរើ គណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំដំបូងនេះ នឹងធ្វើឡើងនៅថ្ងៃទី ៤ មេសា ដោយការអនុម័តរបស់រដ្ឋសភា។
លោកបណ្ឌិត ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងប្រជាធិបតេយ្យលើកឡើងថា ការបំបែកក្រសួងឱ្យកាន់តែច្រើន រដ្ឋាភិបាលគួរសិក្សា និងវិភាគពីទៅលើក្របខណ្ឌនៃលំហូរការងារឱ្យបានច្បាស់សិន។ តែយ៉ាងណាលោក ចាន់ វិបុល សង្កេតឃើញថា ការដឹកនាំបច្ចុប្បន្នកំពុងដើរប្រាសចាកពីប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការទៅហើយ ព្រោះមន្ត្រីនៅថ្នាក់ជាតិមានច្រើនលើសលប់ ចំណែកឯមន្ត្រីនៅថ្នាក់ក្រោមវិញមិនសូវមាននោះទេ។ លោកថា ការបង្កើតមន្ត្រីនៅថ្នាក់ជាតិកាន់តែច្រើន នោះនឹងបង្កទំនាស់ផលប្រយោជន៍កាន់តែច្រើន។
លោកបណ្ឌិត ចាន់ វិបុល៖ «ខ្ញុំចង់ឃើញការបង្កើតមន្ត្រីឱបានច្រើនទាំងគុណភាព ទាំងបរិមាណនៅថ្នាក់ឃុំ ខ្ញុំអត់ចង់ការបង្កើតច្រើននៅថ្នាក់ជាតិទេ។ ខ្ញុំគិតថាការបង្កើតក្រសួងកាន់តែច្រើន រដ្ឋមន្ត្រីកាន់តែច្រើន កន្លែងហ្នឹងជំលោះតួនាទីក៏កាន់តែច្រើន ខ្ជះខ្ជាយធនធានកាន់តែច្រើន ហើយបើសិនយើងខ្វះយន្តការគ្រប់គ្រងធនធានមនុស្សទៀត គឺជម្លោះផលប្រយោជន៍គុណភាពការងារក៏ជាសំណួរផងដែរ។
ឆ្លើយតបនឹងព័ត៌មានក្រៅផ្លូវការដែលថា រដ្ឋាភិបាលអាចនឹងបំបែកក្រសួងបន្ថែមនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់វិទ្យុស្ត្រីយ៉ាងខ្លីថា រដ្ឋាភិបាលនឹងមិនបំបែកក្រសួងចាស់ ហើយក៏មិនបង្កើតក្រសួងថ្មីនោះដែរ។ លោក ផៃ ស៊ីផាន បានច្រានចោល ការចុះផ្សាយរបស់ប្រព័ន្ធព័ត៌មានមួយចំនួន ដែលបានផ្សាយដំណឺងដូចនេះ។ លោកចាត់ទុកជាដំណឹងអកុសល។
ប្រទេសកម្ពុជាសព្វថ្ងៃមានក្រសួងចំនួន ២៧ ក្រសួង។ ក្រសួងភាគច្រើនត្រូវបានពង្រីកឬបំបែកពីបន្ថែម ក្រសួងចាស់។ ក្រុមអ្នកវិភាគទទូចថា ប្រទេសតូចគួរមានស្ថាប័នរដ្ឋតិច ទើបការគ្រប់គ្រងមានតម្លាភាព និង ប្រសិទ្ធភាព៕