en     km
en     km

វិភាគ​៖​ ការ​រុះរើ​គណៈរដ្ឋមន្ត្រី​អសកម្ម​គឺជា​ការ​ប្រសើរ​ តែ​គួរ​កាត់​បន្ថយ​ក្រសួង​ខ្លះ​ជា​ជាង​បំបែក​ក្រសួង​

Share

​ភ្នំពេញ៖ បន្ទាប់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​ស្នើ​រុះរើ​គណៈរដ្ឋមន្ត្រី​ទៅ​កាន់​រដ្ឋសភា​រួម​មក​ សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ក៏​បាន​ស្រង់​ប្រភព​ក្រៅផ្លូវការ​ថា​ នឹង​អាច​មានការ​បង្កើត​ក្រសួង​បន្ថែម​មួយ​ចំនួន​ទៀត​។​

​ក្រសួង​ដែល​ត្រូវ​បំបែក​នោះ​គឺ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បំបែក​ជា​ពីរ​គឺ​ ទៅ​ជា​ក្រសួង​អប់រំ​ និង​ក្រសួង​យុវជន​ និង​កីឡា​។​ ចំណែក​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏​បំបែក​ជាពីរផង​ដែរ​ គឺ​ក្រសួង​សេដ្ឋកិច្ច​ និង​ ក្រសួង​ហិរញ្ញវត្ថុ​។​ ប​ច្ចប្ប​ន្នកម្ពុជា​ក្រសួង​មាន​ចំនួន​ ២៧​ រួច​ហើយ​។​

​អ្នកវិភាគ​ផ្តល់​ជា​ទស្សនៈ​ថា​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​រដ្ឋាភិបាល​គួរតែ​កាត់​បន្ថយ​ក្រសួង​ចេញ​ខ្លះ​ ព្រោះ​ក្រសួង​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​ ក្បាល​ធំ​ជាង​ខ្លួន​ ដែល​នេះ​គឺ​គ្មាន​អ្វី​ចំណេញ​ដល់​ប្រទេស​ជាតិ​នោះ​ទេ​។​ ​យ៉ាងណា​ក៏​ដោយ​មន្ត្រីជាន់ខ្ពស់​ រដ្ឋាភិបាល​បដិសេធ​ថា​មិន​មាន​ផែនការ​បំបែក​ក្រសួង​ទៀត​ឡើយ​។​

letter-from-Office-of-Council-of-Ministers

​លោក​ កែវ​ សុខា​ ធ្វើការ​អត្ថាធិប្បាយ​ពី​ព័ត៌មាន​នេះ​៖

​ស្រប​ពេល​ដែល​ប្រទេស​ប្រកាន់​របប​សភា​និយម​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​កាត់​បន្ថយ​ក្រសួង​ចោល​ខ្លះ​ និង​ប្រទេស​មួយ​ចំនួន​កំពុង​ព្យាយាម​បង្រួម​ក្រសួង​ឱ្យ​នៅ​តិច​ ដែល​គេ​ថា​ត្រូវធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្បាល​តូច​ជា​ខ្លួន​។​ ប្រទេស​អាស៊ាន​ដែល​លើកយក​មក​និយាយ​ខាងលើ​ គឺ​ប្រទេស​ភូមា​ និង​ប្រទេស​ថៃ​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​មាន​ដង់ស៊ីតេ​ប្រជាជន​ច្រើន​ជាង​កម្ពុជា​ តែ​រដ្ឋាភិបាល​ប្រទេស​នោះ​មាន​ក្រសួង​តិច​ជាង​កម្ពុជា​។​

​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អ៊ុ​ង​សាន​ សូ​ជី​ កាលពី​ពេល​ថ្មីៗ​នេះ​ បាន​សម្រេច​កាត់​បន្ថយ​ក្រសួង​មក​ត្រឹម​ ១៥​ ហើយ​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​តែ​ក្រសួង​ចំនួន​ ១៩​ តែ​ប៉ុណ្ណោះ​។​ ក្នុង​បរិបទ​នេះ​
​កម្ពុជា​កំពុង​ដំណើរការ​រុះរើ​គណរដ្ឋមន្ត្រី​ថ្មី​ ស្រប​ពេល​មានការ​លេចឮ​ថា​ រដ្ឋាភិបាល​ចង់​បង្កើត​ក្រសួង​បន្ថែម​ថ្មី​ទៀត​។​

​ថា​តើ​បើ​មានការ​បំបែក​ក្រសួង​ដើម្បី​បង្កើត​ក្រសួង​ថ្មី​ បន្ថែម​ ឬ​កាត់​បន្ថយ​ ក្រសួង​ចាស់​ចេញ​ខ្លះ​ មាន​សារៈ​ប្រយោជន៍​យ៉ាងណា​ទៅ​ថ្ងៃ​មុខ​?

លោក មាស​ នី
លោក មាស​ នី (អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម)

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ ជា​ការ​ព្រួយបារម្ភ​ថា​ប្រសិនបើ​រដ្ឋាភិបាល​បំបែក​ក្រសួង​ឱ​កាន់តែ​ច្រើន​នោះ​ គឺ​ការងារ​នឹង​មិនសូវ​មាន​ប្រសិទ្ធិ​ទេ​ ព្រោះ​ការងារ​នឹង​ត្រូវ​ជាន់​តួនាទី​គ្នា​។​ លោក​ មាស​ នី​ បន្ថែម​ថា​ ការ​បង្កើត​ក្រសួង​ច្រើន​ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​បំបែក​កន្លែងធ្វើការ​តែ​ប៉ុណ្ណោះ​។​

​លោក​ មាស​ នី​៖​ «​យើង​មានការ​ព្រួយបារម្ភ​ថា​ ការ​បំបែក​ក្រសួង​ច្រើន​វា​ទៅ​ជា​មិន​មាន​ប្រសិទ្ធិ​ភាព​ ហើយ​ធ្វើការ​ទៅ​វា​ជាន់​តួនាទី​ដូច​មុន​។​ ហើយ​ការ​បំបែក​ក្រសួង​កាន់តែ​ច្រើន​ក៏​នាំ​ឱ​រដ្ឋ​ចំណាយ​កាន់តែ​ច្រើន​ដែរ​»​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ សារព័ត៌មាន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​ បាន​បង្ហោះ​ព័ត៌មាន​ថា​ យ៉ាងតិច​មាន​ ក្រសួង​ចំនួន​ ២​ ទៀត​ នឹង​ត្រូវ​បាន​បង្កើត​ ហើយ​ក្រសួង​ ២​ បំបែក​ចេញពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មួយ​បំបែក​ចេញពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​ ព័ត៌មាន​នេះ​ធ្វើ​ឱ្យ​ម​ជ្ឈ​ដា្ឋ​ន​មួយ​ចំនួន​សម្ដែង​មតិ​រិះគន់​ និង​ខ្លះ​ថា​មិន​ចាប់អារម្មណ៍​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ យល់​ថា​ រដ្ឋាភិបាល​គួរតែ​កាត់​បន្ថយ​ក្រសួង​ឱ្យ​នៅ​សល់​ត្រឹមតែ​ ១៥​ ក្រសួង​គឺ​សមរម្យ​។​ មូលហេតុ​ដែល​លោក​ សូ​ ច​ន្ថា​ អះអាង​បែប​នេះ​ព្រោះ​លោក​យល់​ឃើញ​ថា​ ក្រសួង​មួយ​ចំនួន​ហាក់ដូចជា​អសកម្ម​ ហើយ​ការ​បង្រួម​ក្រសួង​ខ្លះមក​ជា​ក្រសួង​តែ​មួយ​ គឺជា​មធ្យោបាយ​ល្អ​បំផុត​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា​ (​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ)

​លោក​ សូ​ ច​ន្ថា​៖​ «​ខ្ញុំ​គិត​ថា​ការ​បំបែក​ក្រសួង​មិនមែន​ជា​ដំណើរការ​នៃ​ការ​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ការងារ​ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី​នោះ​ទេ​ តែ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ចែក​អំណាច​គ្នា​ ហើយ​វា​នាំ​ឱ្យ​ខាត​ប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ​ នៅ​ខណៈ​ដែល​ប្រទេស​ភូមា​គេ​កំពុង​កាត់​បន្ថយ​ក្រសួង​ប្រមាណ​ជា​ ១០​ ក្រសួង​ជាង​ បែរជា​យើង​ចង់​ដំឡើង​ក្រសួង​វិញ​»​។​

​យ៉ាងតិច​រដ្ឋមន្ត្រី​ចំនួន​ ៨​ រូប​ត្រូវ​បាន​ផ្លាស់​ប្ដូរ​តួនាទី​ និង​ខ្លះ​ទៀត​ ត្រូវ​បាន​បញ្ចប់​មុខងារ​ ហើយ​ការ​រុះរើ​ គណៈរដ្ឋមន្ត្រី​ទ្រង់ទ្រាយ​ធំ​ដំបូង​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៤​ មេ​សា​ ដោយ​ការ​អនុម័ត​របស់​រដ្ឋសភា​។​

​លោក​បណ្ឌិត​ ចាន់​ វិបុល​ អ្នកជំនាញ​អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​លើក​ឡើង​ថា​ ការ​បំបែក​ក្រសួង​ឱ្យ​កាន់តែ​ច្រើន​ រដ្ឋាភិបាល​គួរ​សិក្សា​ និង​វិភាគ​ពី​ទៅ​លើ​ក្រប​ខណ្ឌ​នៃ​លំហូរ​ការងារ​ឱ្យ​បាន​ច្បាស់​សិន​។​ តែ​យ៉ាងណា​លោក​ ចាន់​ វិបុល​ សង្កេត​ឃើញ​ថា​ ការ​ដឹកនាំ​បច្ចុប្បន្ន​កំពុង​ដើរ​ប្រាសចាក​ពី​ប្រព័ន្ធ​វិមជ្ឈការ​ និង​សហ​វិមជ្ឈការ​ទៅ​ហើយ​ ព្រោះ​មន្ត្រី​នៅ​ថ្នាក់​ជាតិ​មាន​ច្រើន​លើសលប់​ ចំណែកឯ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​វិញ​មិនសូវ​មាន​នោះ​ទេ​។​ លោក​ថា​ ការ​បង្កើត​មន្ត្រី​នៅ​ថ្នាក់​ជាតិ​កាន់តែ​ច្រើន​ នោះ​នឹង​បង្កទំនាស់​ផលប្រយោជន៍​កាន់តែ​ច្រើន​។​

​លោក​បណ្ឌិត​ ចាន់​ វិបុល​៖​ «​ខ្ញុំ​ចង់​ឃើញ​ការ​បង្កើត​មន្ត្រី​ឱ​បាន​ច្រើន​ទាំង​គុណភាព​ ទាំង​បរិមាណ​នៅ​ថ្នាក់​ឃុំ​ ខ្ញុំ​អត់​ចង់ការ​បង្កើត​ច្រើន​នៅ​ថ្នាក់​ជាតិ​ទេ​។​ ខ្ញុំ​គិត​ថា​ការ​បង្កើត​ក្រសួង​កាន់តែ​ច្រើន​ រដ្ឋមន្ត្រី​កាន់តែ​ច្រើន​ កន្លែង​ហ្នឹង​ជំ​លោះ​តួនាទី​ក៏​កាន់តែ​ច្រើន​ ខ្ជះខ្ជាយ​ធនធាន​កាន់តែ​ច្រើន​ ហើយ​បើសិន​យើង​ខ្វះ​យន្តការ​គ្រប់គ្រង​ធនធានមនុស្ស​ទៀត​ គឺ​ជម្លោះ​ផលប្រយោជន៍​គុណភាព​ការងារ​ក៏​ជា​សំណួរ​ផង​ដែរ​។​

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន (អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី)

​ឆ្លើយ​តប​នឹង​ព័ត៌មាន​ក្រៅផ្លូវការ​ដែល​ថា​ រដ្ឋាភិបាល​អាច​នឹង​បំបែក​ក្រសួង​បន្ថែម​នេះ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​យ៉ាង​ខ្លី​ថា​ រដ្ឋាភិបាល​នឹង​មិន​បំបែក​ក្រសួង​ចាស់​ ហើយ​ក៏​មិន​បង្កើត​ក្រសួង​ថ្មី​នោះ​ដែរ​។​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​ច្រានចោល​ ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​ ដែល​បាន​ផ្សាយ​ដំ​ណឺង​ដូចនេះ​។​ លោក​ចាត់ទុកជា​ដំណឹង​អកុសល​។​

​ប្រទេស​កម្ពុជា​សព្វថ្ងៃ​មាន​ក្រសួង​ចំនួន​ ២៧​ ក្រសួង​។​ ក្រសួង​ភាគច្រើន​ត្រូវ​បាន​ពង្រីក​ឬ​បំបែក​ពី​បន្ថែម​ ក្រសួង​ចាស់​។​ ក្រុម​អ្នកវិភាគ​ទទូច​ថា​ ប្រទេស​តូច​គួរ​មាន​ស្ថាប័នរដ្ឋ​តិច​ ទើប​ការ​គ្រប់គ្រង​មាន​តម្លាភាព​ និង​ ប្រសិទ្ធភាព​៕​

Share

Image
Image
Image