លោក ជា ចំរើន បានប្រកាសលាលែងពីប្រធានគណបក្សតាមសំណើប្រជាពលរដ្ឋនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃសុក្រនេះ។ ការប្រកាសលាឈប់ពីប្រធានគណបក្សកម្ពុជាសេរីភាព ដែលទើបបង្កើតថ្មីនេះ ធ្វើឡើងបន្ទាប់ពីមតិមហាជនផ្តល់ជាមតិយោបល់តាមបណ្តាញសង្គមហ្វេសប៊ុកឱ្យលោក ជា ចំរើន កុំឱ្យលូកដៃក្នុងរឿងនយោបាយ។
លោក ជា ចំរើន បានសរសេរនៅហ្វេសប៊ុកផ្លូវការរបស់លោកថា៖ « មហាជនផ្តល់យោបល់យល់ព្រមឱ្យខ្ញុំធ្វើដំណើរក្នុងជីវិតនយោបាយចំនួន ៤៧.៤៥% និងមិនយល់ព្រមឱ្យខ្ញុំប្រឡូកក្នុងវិស័យនយោបាយមាន ៤៩.២៧% រួមទាំងការផ្តល់មតិផ្សេងៗមាន ៣.២៨%»។
ទាក់ទាងបញ្ហានេះ លោកមិនបានបញ្ជាក់ឱ្យច្បាស់ពីមតិមហាជនសរុបចំនួនប៉ុន្មាននាក់ឡើយ។ ស្ថាបនិកគណបក្សកម្ពុជាសេរីភាព រូបនេះ ធ្លាប់ជាអតីតសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ហើយបានបង្កើតគណបក្សនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ បន្ទាប់ពីលោកសម្រេចចិត្តដើរចេញពីបក្សកាន់អំណាច។ បើតាមក្រសួងមហាផ្ទៃប្រាប់សាព័ត៌មានក្នុងស្រុកថា បច្ចុប្បន្ននេះ គណបក្សបានចុះបញ្ជីនៅក្រសួងមហាផ្ទៃប្រមាណ ៦០ គណបក្ស៕