en     km
en     km

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ អរគុណ​ជនរួមជាតិ​ដែល​គាំទ្រ​ប្រធានាធិបតី​ថ្មី​

Share

មីយ៉ាន់ម៉ា៖  លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មេដឹកនាំ​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ថ្លែងអំណរគុណ​អ្នកគាំទ្រ​របស់​លោកស្រី​ ដែល​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​នយោបាយ​វិជ្ជមាន​នៅ​ក្នុង​ប្រទេស​ ខណៈ​លោកស្រី​បាន​សម្ដែង​ក្ដី​ស​ង្ឈឹ​ម​ចំពោះ​ជំនួយការ​របស់​លោកស្រី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​។​

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ បាន​សម្ដែង​មោទនភាព​ចំពោះ​ជនរួមជាតិ​ និង​អ្នកតំណាង​រាស្ដ្រ​​មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​​ប្រជាធិបតេយ្យ​របស់​លោកស្រី​ ដែល​បាន​សម្ដែង​ឆន្ទៈ​រួបរួម​គ្នា​គាំទ្រ​លោក​ អ៊ូ​ទី​ន​ ក្យូ​វ​ ឱ្យធ្វើ​ជា​ប្រធានាធិបតី​។​

cover-Suu-Kyi-&-new-MM-president

លោកស្រី​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​៖​ «​ខ្ញុំ​មិនដឹង​ថា​ថ្លែងអំណរគុណ​យ៉ាងម៉េច​ឱ្យ​សក្តិ​សម​នឹង​គុណ​បំណាច់​របស់​ប្រជាជន​ដែល​បាន​គាំទ្រ​គណបក្ស​របស់ខ្ញុំ​ដោយ​អហិ​ង្សា​។​ ខ្ញុំ​ជឿ​ថា​តាម​រយៈ​ប្រធានាធិបតី​ថ្មី​នេះ​ យើង​នឹង​អាច​ពុះពារ​បាន​រាល់​ការ​ប្រឈម​ទាំងឡាយ​ដែល​កើត​មាន​ចំពោះ​ប្រទេស​យើង​»​។​

លោក​ អ៊ូ​ទី​ន​ ក្យូ​វ​ ត្រូវ​បាន​គាំទ្រ​ដោយ​សមាជិក​សភា​ឱ្យធ្វើ​ជា​ប្រធានាធិបតី​នោះ​ កាលពី​ថ្ងៃ​ម្សិលមិញ​លោក​បាន​ហៅ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ថា​ជា​បងស្រី​ហើយ​ថា​ការ​តែងតាំង​លោក​ គឺជា​ជ័យជម្នះ​របស់​បងស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​។​

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​មាន​បំណង​ចង់​ធ្វើ​ប្រធានាធិបតី​នោះ​ គឺ​លោកស្រី​បាន​ខកខាន​ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​របស់​ពួក​យោធា​ភូមា​ឃា​ឃាំង​លោកស្រី​ គឺ​ពីព្រោះ​តែ​លោកស្រី​មាន​ប្ដី​ជនជាតិ​អង់គ្លេស​ និង​កូន​ពីរ​នាក់​របស់បុរសបរទេសនេះ។​

តាម​សារព័ត៌មាន​ភូមា​ Mizima​ News​ ​មេដឹកនាំ​បរទេស​មួយ​ចំនួន​ចាប់ផ្ដើម​អបអរសាទរ​ប្រទេស​ភូមា​ដែល​មាន​មេដឹកនាំ​ថ្មី​ចេញពី​ការ​បោះ​ឆ្នោត​។​ ប្រធានាធិបតី​ចិន​ ហ្ស៊ី​ ជី​ន​ភីង​ បាន​ផ្ញើ​សារលិខិត​អបអរសាទរ​មុនគេ​បង្អស់​ជូន​លោក​ អ៊ូ​ទី​ន​ ក្យូ​វ​។​

នៅ​ក្នុង​សារលិខិត​នេះ​លោក​ ហ្ស៊ី​ ជី​ន​ភីង​ បាន​និយាយ​ថា​៖​ «​ខ្ញុំ​រីករាយ​ដែល​បានដឹង​ថា​លោក​ត្រូវ​ជ្រើសរើស​ឱ្យធ្វើ​ជា​ប្រធានាធិបតី​នៃ​សហភាព​មី​យ៉ា​ន់​ម៉ា​ ហើយ​ក្នុង​ន័យ​នេះ​ខ្ញុំ​សូម​សម្ដែង​ការ​សារ​ទរ​យ៉ាង​កក់ក្ដៅ​ និង​ជូនពរ​ចំពោះ​លោក​។​ ខ្ញុំ​ស​ង្ឈឹ​ម​ថា​ប្រជាជន​ភូមា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នឹង​ទទួល​បាន​សមិទ្ធផល​យ៉ាង​ធំធេង​»​។​

លោក​ ហ្ស៊ី​ ជី​ន​ភីង​ ជា​មេដឹកនាំ​ប្រទេស​មហាអំណាច​ធំ​មួយ​មាន​ព្រំដែន​ជាប់​ នឹង​ប្រទេស​ភូមា​បាន​ថ្លែង​ទៀត​ថា​៖​ «​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ជិតខាង​នេះ​ គឺ​ចាប់ពី​ពេល​នេះ​តទៅ​ នឹង​កាន់តែ​មាន​ភាព​ប្រសើរ​នឹង​ជិត​ស្និទ្ធ​ជាង​មុន​ ហើយ​សហប្រតិបត្តិការ​នឹង​នាំ​មក​នូវ​ផ្លែផ្កា​ដ៏​មាន​សារៈសំខាន់​»​។​

កាលពី​ស​ប្ដា​ហ៍​មុន​ក្រសួងការបរទេស​ចិន​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​នៅ​ភូមា​ត្រូវ​កសាង​សន្ដិភាព​នៅ​តាម​ព្រំដែន​ជាមួយនឹង​ប្រទេស​ចិន​ដែល​ក្រុង​ប៉េ​កាំ​ង​ហៅ​ថា​ព្រំដែន​សន្ដិភាព​ស្ថិរភាព​យូរអង្វែង​៕​

ប្រភព​៖​ Mizima​ News

Share

Image
Image
Image