ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងដល់យុវជន/យុវនារីកម្ពុជា ដែលមានបំណងទៅធ្វើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែ មីនា នេះ ឱ្យដឹងថា ការិយាល័យធនធានមនុស្សរបស់អង្គការសហប្រជាជាតិ នឹងរៀបចំការប្រឡង “កម្មវិធីវិជ្ជាជីវៈវ័យក្មេង” (Young Professionals Programmes-YPP) ឆ្នាំ ២០១៦ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជ្រើសរើសបេក្ខជន/បេក្ខនារីវ័យក្មេង និងមានសមត្ថភាព ពីបណ្តាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិ ទៅបំរើការងារនៅ លេខាធិការដ្ឋានអង្គការសហប្រជាតិ។
លក្ខខណ្ឌជ្រើសជ្រើស៖
- បេក្ខជន/បេក្ខនារី ត្រូវមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ និងមានអាយុមិនលើសពី ៣២ ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៦ ហើយត្រូវចេះភាសាអង់គ្លេស ឬបារាំងច្បាស់លាស់។
- ក្នុងករណីមានបេក្ខជនកម្ពុជាលើសពី ១៥នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមប្រឡង ហើយមានបំណងចង់ប្រឡងវិញ្ញាសាសរសេរនៅកម្ពុជា នោះរាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានមណ្ឌលប្រឡងនៅកម្ពុជា តាមសំណើរបស់អង្គការសហប្រជាតិ ដើម្បីសម្រយលដល់ការប្រឡងរបស់បេក្ខជន/បេក្ខនារីកម្ពុជា។
- ចំពោះជំនាញដែលត្រូវជ្រើសរើស និងព័ត៌មានលម្អិតអំពីមណ្ឌលប្រឡង អង្គការសហប្រជាជាតិនឹងប្រកាសផ្សាយនៅដើមខែមេសា ឆ្នាំ២០១៦ ក្នុងគេហទំព័រ Careers.un.org/ypp ។