ភ្នំពេញ៖ លិខិតមួយដែលមានត្រារាជរដ្ឋាភិបាល និងហត្ថលេខារបស់សម្ដេចនាយករដ្ឋមន្ត្រី ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ ដែលបង្ហាញថា មានការរុះរើគណៈរដ្ឋមន្ត្រីមានទ្រង់ទ្រាយធំជាលើកដំបូង ខណៈឧបនាយករដ្ឋមន្ត្រីម្នាក់បញ្ចប់តំណែង និងម្នាក់ទៀត ចាកចេញពីតំណែង។
យោងតាមលិខិតគណៈរដ្ឋមន្ត្រីនេះ គឺលោក គាត ឈន់ ត្រូវបានបញ្ចប់មុខងារ ជាឧបនាយករដ្ឋមន្ត្រីប្រចាំការ ហើយលោក ហោ ណាំហុង ត្រូវបានបញ្ចប់មុខងារជារដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយរក្សាទុកឋានៈឧបនាយករដ្ឋមន្ត្រី ។
ចំណែក លោក អ៊ឺម ឈុនលឹម ត្រូវបានបញ្ចប់មុខងារជាទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់។ ប៉ុន្តែលិខិតនេះបញ្ជាក់ថា ចំណាត់ការនេះ គឺធ្វើឡើងតាម សមីខ្លួនទាំង ៣ នេះ ដែលបានស្នើសុំ។
ការចេញបញ្ជីឈ្មោះរដ្ឋមន្ត្រីគឺ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៦ មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងរុះរើរដ្ឋមន្ត្រីចំនួន ០៨ រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
ប៉ុន្តែនៅមុននេះ សម្ដេចនាយករដ្ឋមន្ត្រី បានរិះគន់រដ្ឋមន្ត្រី ០២ រូប ចំៗ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន ពីចំណុចអសកម្មមួយចំនួនរបស់ក្រសួង២នេះ។
បើទោះបីយ៉ាងនេះក្តី បើយោងតាមលិខិតទីស្តីគណរដ្ឋមន្ត្រីផ្ញើទៅរដ្ឋសភាបានបង្ហាញថា លោក អ៊ុក រ៉ាប៊ុន ត្រូវស្នើឱ្យតែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចំណែងលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
យោងតាមលិខិតគណៈរដ្ឋមន្ត្រីដដែលនេះ គឺមានសមាសភាព ចំនួន ២៤ រូប ត្រូវផ្លាស់ប្ដូរ គឺមានទាំងរដ្ឋលេខាធិការមួយចំនួនផង។ តាមព័ត៌មាន សភានឹងកោះប្រជុំដើម្បីអនុម័តសំណើរបស់សម្ដេចហ៊ុន សែននៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១៦ នេះ៕