ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញកោះហៅលោក សម រង្ស៊ី កំពុងគេចខ្លួននៅក្រៅប្រទេស ឱ្យចូលបំភ្លឺតាមបណ្តឹងរបស់រដ្ឋមន្ត្រីម្នាក់ក្នុងសំណុំរឿង បរិហារកេរ្តិ៍ ដែលថាចំនួនអ្នក Likes នៅលើហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី ភាគច្រើនត្រូវ គេជួលឱ្យបង្កើតគណនី ធ្វើឱ្យសំណុំរឿងប្រឆាំង មេបក្សប្រឆាំងរូបនេះកើនឡើងចំនួន ៤ ករណី។
ដីកាកោះចុះថ្ងៃទី១៦ ខែមីនា របស់ព្រះរាជអាជ្ញារងលោក សៀង សុខ បានកោះអញ្ជើញលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក ដើម្បីសួរអំពីបណ្ដឹងរបស់ឈ្មោះ សោម សឿន ប្តឹងពីការផ្សាយព័ត៌មានលើហ្វេសប៊ុក។
កាលពីថ្ងៃទី៩ ខែមីនា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក សោម សឿន បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងលោក សម រង្ស៊ី។ ក្នុងពាក្យបណ្ដឹង រដ្ឋមន្ត្រីនោះបានចោទប្រធានគណបក្សសង្គ្រោះជាតិពីបទក្លែងលិខិតនៅលើ Facebook និងបង្ហោះអត្ថបទមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។
លោក សោម សឿន បានចាត់ទុក ការបង្ហោះនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី បានថាធ្វើឱ្យប៉ះពាល់កិត្តិយសដល់ថ្នាក់ដឹកនាំជាតិយ៉ាងធ្ងន់ធ្ងរ គឺសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តែបែបនេះក្ដីលោក សម រង្ស៊ី បានឆ្លើយប្រយោលតបវិញថាប្រទេសកម្ពុជាមិនមានសេរីភាពក្នុងការបញ្ចេញមតិ ហើយថារដ្ឋាភិបាលចង់ដាក់គុករូបលោក ដោយសារតែលោកនិយាយថា ហ៊ុន សែន ទិញ Likes ក្លែងក្លាយដើម្បីឱ្យចំនួនអ្នកចិត្តនេះកើនឡើង។
គិតមកដល់ពេលនេះ លោក សម រង្ស៊ី ដែលជាមេដឹកនាំបក្សប្រឆាំងល្បីមួយនៅកម្ពុជា បានទទួលរកការប្ដឹង ករណីព្រហ្មទណ្ឌចំនួន ៤ មកហើយក្នុងរយៈពេលជាង ៤ ខែ គឺរាប់ទាំងបណ្ដឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីម្នាក់របស់បក្សកាន់អំណាច៕