en     km
en     km

អត្ថបទសើុបអង្កេត​៖ យុវជន​ប្តេជ្ញា​ចិត្ត​រាយ​ការណ៍​ពី​អំពើ​ពុក​រលួយ​

Share

ភ្នំពេញ៖ ស្រប​ពេល​ដែល​ការ​និយាយ​និង​ការ​ជជែក​ពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ស្ថិត​នៅ​ក្រោមឥទ្ធិ​ពល​នៃ​ភាព​ភ័យ​ខ្លាច​និង​មិន​ទាន់​បើក​ចំហ​នៅ​ឡើយ​នោះ យុវជន​ថា អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​កំពុង​មាន​វត្ត​មា​នសម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​សង្គម​ជា​ច្រើន​រូបភាព ហើយ​ពួក​គេ​បាន​ប្តេជ្ញា​ថា នឹង​និយាយ​រាយ​ការណ៍​ពី​អំពើ​ពុក​រលួយ ឬ​រូបភាពនៃ​អំពើ​ពុក​រលួយ​ទាំង​នោះ​ដើម្បី​បញ្ចប់​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម ដោយ​ផ្តើម​ចេញ​ពី​យុវជន​។ ការ​យល់​ឃើញ​ដូច្នេះ ដោយ​​សារ​ពួក​គេ​បាន​ចាត់​ទុក​ថា ការ​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ រូប​ភាព​នៃ​អំពើ​ពុក​រលួយ ជា​រនាំង​រាំង​ស្ទះ​ដល់​ដំណើរនៃ​ការ​កសាង​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យ៉ាង​ខ្លំាង​។ ទន្ទឹម​គ្នា​នេះ តើ​យុវជ​ទាំង​នោះ​ប្តេជ្ញា​ចិត្ត​រាយ​ការណ៍​ពី​អំពើ​ពុក​រលួយ និង​រួម​គ្នា​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​របៀប​ណា​ចេញ​ពី​សង្គម​កម្ពុជា​?

យុវជនផ្តិតម្រាមដៃបង្ហាញពីការប្តេជ្ញាចិត្តរាយការណ៍និងលុបបំបាតអំពើពុករលួយ (រូបភាព៖ អង្គការតម្លារភាពកម្ពុជា)
យុវជនផ្តិតម្រាមដៃបង្ហាញពីការប្តេជ្ញាចិត្តរាយការណ៍និងលុបបំបាតអំពើពុករលួយ – (រូបភាព៖ អង្គការតម្លារភាពកម្ពុជា)

« ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់ ខ្ញុំ​ធ្លាប់​បាន​ចូល​រួម​សកម្ម​ភាព​ច្រើន ហើយ​ខ្ញុំ​តែង​តែ​និយាយ​ពី​​អំពើ​ពុក​រលួយ​នៅ​កន្លែង​មួយ​ចំនួន ជា​ពិសេស​នៅ​តាម​ទី​សាធារណៈ ​ដើម្បី​បង្ហាញ​ពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​កម្ពុជា​។ តាម​បទ​ពិសោធន៍​ខ្ញុំ ដំបូង​ខ្ញុំមាន​ភាព​ភ័យ​ខ្លាច​ដែរ ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​បាន​ធ្វើ​វា​ម្តង ពីរ​ដង​ក្រោយ​មក រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​អត់​មាន​អារម្មណ៍​ភ័យខ្លាច​អី​ទេ។ ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត ក៏​ដូច​ជា​ជំរុញ​ឱ្យ​យុវជន​យើង​ផ្សេងៗ​ទៀត​មាន​ភាព​ក្លាហ៊ាន​ក្នុង​ការ​ជជែក ក្នុង​ការ​វែក​ញែក ក្នុង​ការ​និយាយ​ពី​ការ​ព្រួយ​បារម្ភ​និយាយ​ពី​បញ្ហា​អំពើ​ពុក​រលួយ​នៅក្នុង​សង្គម​កម្ពុជា​យើង​ »។ នេះ​ជា​ការ​រៀប​រាប់​ពី​ប​ទ​ពិ​សោធន៍​របស់​យុវជន ខេង រដ្ឋា ដែល​ធ្លាប់​និយាយ​ពី​បញ្ហា​អំពើ​ពុក​រលួយ និង​រូបភាព​នៃ​អំពើ​ពុករលួយ​ទៅ​កាន់​មនុស្ស​ទូទៅ។

យុវជន ​ខេង រដ្ឋា បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា លោក​មិន​ខ្លាច​នឹងនិយាយ ឬ​រាយ​ការណ៍​ពី​អំពើ​ពុករលួយ​នោះ​ទេ ព្រោះ​ក្នុង​នាម​ជា​យុវជន​ត្រូវ​តែ​ចាប់​ផ្តើម​ហ៊ាន​និយាយ​ពី​អំពើ​ពុក​រលួយ ឬរូប​ភាព​នៃ​អំពើ​ពុករ​លួយ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម។ យុវជន ខេង រដ្ឋា បាន​បន្ត​និយាយ​ទៀត​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ស្ថាន​ភាព​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​បណ្តា​ប្រទេស​ផ្សេងៗទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

អង្គការ​តម្លា​ភាព​អន្តរ​ជាតិ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​របស់​ខ្លួន​ប្រចាំ​ឆ្នាំ ២០១៤ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុងលេខ​រៀង​ទី ១៥៦ ក្នុង​ចំណោម​ប្រទេស ១៧៥ ក្នុង​ពិភព​លោក​ដែល​មាន​អំពើ​ពុក​រលួយ​។ លទ្ធផល​នេះ បាន​បង្ហាញ​ឱ្យឃើញ​នូវភាព​ប្រសើរ​ជាង​មុន​បន្តិច​របស់​កម្ពុជា បើ​ប្រៀប​ទៅ​នឹង​លទ្ធផល​នៅ​ក្នុង​ឆ្នាំ​២០១៣ ដែល​កម្ពុជា​ស្ថិត​នៅលេខ​រៀង​ទី ១៦០ ក្នុង​ចំណោម ១៧៧​ប្រទេស។

លោក ខេង រដ្ឋា បាន​និយាយ​អះ​អាង​ដោយ​សង្កត់​ធ្ងន់​ថា អំ​ពើ​ពុក​រលួយ​មួយ​ដែល​លោ​ក​មើល​ឃើញ​មាន​សភាព​ខ្លាំង​ក្លាបំផុត​គឺ​អំពើ​ពុក​រលួយ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិ​ធម៌​របស់​កម្ពុជា។​ សំឡេង ៖ « ទាក់​ទង​នឹង​ការ​ចូល​រួម​ជា​មួយ​​អង្គការ​តម្លារ​ភាព​កម្ពុជា​ខ្ញុំ​បាន​យល់​ច្រើន ខ្ញុំ​ឃើ​ញ​ថា​ប្រទេស​កម្ពុជា​មាន​ស្ថាន​ភាពអំពើ​ពុករលួយ​ធ្ងន់ធ្ងរ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដូចគ្នា។ ក្នុង​នោះ​អ្វី​ដែល​ខ្ញុំ​ផ្តោត​ខ្លាំង​ជាង​គេ​គឺអំ​ពើ​ពុក​រលួយនៅ​ក្នុង​វិស័យ​ប្រព័ន្ធ​យុត្តិធម៌ មាន​ការ​កើន​ឡើង ​»។

ទន្ទឹម​គ្នា​នេះ​ដែរ ផ្អែក​តាម​ការ​ស្ទង់​មតិ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ធ្វើ​ឡើង​ដោយ​អង្គការ​តម្លារ​ភាព​កម្ពុជា​លោក ព្រាប កុល នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​តម្លារ​ភាព​កម្ពុជា បាន​ឱ្យ​ដឹង​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលា​ការ​នៅ​កម្ពុជា​មាន​លក្ខណៈធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​អំពើពុក​រលួយ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​វិស័យ​ផ្សេងៗ​របស់​រដ្ឋ ក្នុង​នោះ​មាន​ស្ថាប័នអនុវត្ត​ច្បាប់ ដូចជា ស្ថាប័ន​នគរ​បាល​ជាតិ​ជា​ដើម។

ក្រៅ​ពី​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរនៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា យុវ​និស្សិត ខេង រដ្ឋា បាន​និយាយ​បន្ត​ទៀត​ថា កន្លង​មក​នៅ​ក្នុង វិស័យ​អប់រំ វិស័យ​សុខា​ភិបាល វត្ត​មាន​នៃ​អំពើពុក​រលួយ​នៅតែបន្ត​កើត​មាន​រហូត​មក​ដល់​បច្ចុប្បន្ន​។ អំពើ​ពុក​រលួយ​ទាំងនោះ​ មិនទាន់​លុប​បំបាត់​បាន​ទាំង​អស់​នៅ​ឡើយ​នោះ​ទេ​។ សំឡេង ៖ « ករណី​ជាក់​ស្តែង​ដែល​ខ្ញុំ​បាន​ឃើញ​ផ្ទាល់ គឺ​ខ្ញុំ​ធ្លាប់បាន​សង្កេត​ការណ៍​ក្នុង​សម័យ​ប្រឡង​បាក់​ឌុប ខ្ញុំ​សង្កេត​ឃើញ​ថា កូន​សិស្ស​គាត់​បាន​ប្រមូល​លុយ​គ្នា​ដើម្បី​សូក​លោក​គ្រូអ្នក​គ្រូ​ក្នុងការ​លួច​ថត​ចម្លង​ឯកសារ ដើម្បី​ជាប់​ក្នុង​ការ​ប្រឡង​បាក់​ឌុប​ហ្នឹង​។ ផ្សេង​ពីហ្នឹង​ទៀត ​ករណី​ជាក់​ស្តែង​លោក​គ្រូពេទ្យ​អ្នក​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​ផ្សេងៗ គាត់​បាន​ទារ​សំណូក​ពី​អ្នក​ជំងឺ​ដើម្បី​ឱ្យ​អ្នក​ជំងឺមាន​ឱកាស​ទទួល​បាន​សេវា​ព្យា បាល​ជំងឺ​ជា​ដើម »។

យុវជន ខេង រដ្ឋា និយាយ​ដោយ​មិន​លាក់លៀម​ឡើយ​ថា រូប​គេ​ក៏​ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដែរ នៅ​ក្នុង​ពេល​កន្លង​ទៅ។ ធ្លាប់​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក៏​ព្រោះ​តែ រដ្ឋា មិន​បាន​ដឹង​ថា អំពើ​ពុក​រលួយ​ជា​អ្វី​នោះ​ទេ ពេល​ខ្លះ​ដឹង​ថា​ទង្វើ​នោះ ​ជាអំពើ​ពុករលួយ​ហើយ ក៏​ប៉ុន្តែ​បែរ​ជា​គិត​ថា ខ្លួន​ឯង​ផ្ទាល់​មិន​បាន​ចូល​រួម​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​វិញ​។ ជាក់​ស្តែង​ រដ្ឋា ធ្លាប់​បាន​ឱ្យប្រាក់​ទៅគ្រូ​នៅពេល​ប្រឡង​បាក់​ឌុប ធ្លាប់​ត្រូវ​ប៉ូលីសចរាចរណ៍​ផាក​ពិន័យ​ដោយ​មិន​បាន​ទារ​បង្កាន់​ដៃ​បង់​ប្រាក់ ​ឳពុកធ្លាប់​ធ្វើ​សៀវ​ភៅ​ស្នាក់នៅ​ត្រូវ​ចំណាយ​ប្រាក់​អស់​ ៤០​ដុល្លារ​ជា​ដើម​។ ប៉ុន្តែ​នៅ​ពេល​ដែលបាន​យល់​ដឹង​ពី​ផល​ប៉ះ​ពាល់ផ្សេង​ៗ ពី​អំពើ​ពុក​រលួយ​ហើយ ​រដ្ឋា បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​រាយ​ការណ៍​និង​លុប​បំបាត់​អំពើ​ពុក​រលួយ​ឱ្យ​បាន​ជាក់​ជា​ពុំខាន​។

យុវ​​និស្សិត ខេង រដ្ឋា បាន​និយាយ​ថា មក​ដល់​ពេល​នេះ ​ដល់​ពេល​ហើយ​ដែល​យុវជន​កម្ពុជា​គ្រប់​រូប​ចាំ​បាច់​ត្រូវ​តែ​រួម​គ្នាចូល​រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ​។ យុវជន​រូប​នេះ បាន​លើក​ឡើង​ថា​ យុវ​ជន​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការចូល​រួម​ប្រយុទ្ធ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ទៅ​ដល់​សហគមន៍​ដែល​ពួក​គេ​រស់​នៅ។ សំឡេង ៖ « យុវជន​គាត់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​អំពើ​ពុក​រលួយ ដោយ​សារ​ពួក​គាត់​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ជំរុញ ក៏​ដូច​ជា​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​សង្គម ហើយ​ពួក​គាត់​ជា​បញ្ញវន្ត​ដែល​ជា​អ្នក​ស្នង​ដំណែង​នៅ​ថ្ងៃអនាគត។ ពួក​​គាត់​មាន​ឱកាស​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​គ្រួសារ​របស់គាត់ ទៅ​ដល់​សហគមន៍​របស់​គាត់ »។​

យុវតី ស្រួស សុគន្ធនីកា និស្សិត​ឆ្នាំទី​២ សិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ បាន​និយាយ​ថា​ អំពើ​ពុក​រលួយ​កំពុង​កើត​មាន​ច្រើ​ន​​រូប​ភាព​នៅ​ក្នុង​សង្គម​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​។ យុវតី​រូបនេះ បាន​អះ​អាង​ថា បញ្ហា​ពុក​រលួយ​ដែល​ខ្លួនធ្លាប់​ឃើញ​ញឹក​ញាប់នោះ​គឺ​ការ​ផាក​ពិន័យ​ខុស​ច្បាប់​កំណត់​របស់​តម្រួត​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នានា​។ កញ្ញា សុគន្ធ​នីកា បាន​និយាយ​ដោយមិន​មាន​ភាព​អល់​អែក​ក្នុង​ការ​ឆ្លើយថា​ អំពើរ​ពុក​រលួយ​ក្នុង​ករណី​ខាង​លើ​នេះ កើត​ឡើង​ដោយ​សារ​ការ​ចង់​បាន​ផល​ចំណេ​ញរបស់​ប៉ូលីសចរាចរណ៍​និង​ការ​មិន​ខ្វាយ​ខ្វល់​គិត​មុខ​គិត​ក្រោយ​របស់​ប្រជា​ពលរដ្ឋ ដោយ​ពលរដ្ឋ​មិន​ចង់​ជួប​រឿង​វែងឆ្ងាយ ដូច្នេះ ពួក​គេ​សុខ​ចិត្ត​ចំណាយ​ប្រាក់​ជា​ផ្នូរ​នឹង​ការ​រួច​ខ្លួន​ពី​ការ​ច្បាប់។ សំឡេង ៖ « ពេល​ខ្លះ​គាត់​អត់​តាម​ច្បាប់​ទេ គាត់​ផាក​យើង​អស់​តែ​ប៉ុណ្ណឹង​ទេ តែ​គាត់​ចេះ​តែ​ពង្រីក​ថែម​ទៀត បើ​សិន​ជា​យើង​អត់​ឱ្យ​គាត់​អាហ្នឹង​មាន​បញ្ហា​​ទៀត​ហើយ ​»។

និស្សិត​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​រូបនេះ បាន​បញ្ជាក់​ដោយ​ពាក្យ​​សម្តី​ម៉ឺង​ម៉ាត់​ថា អំពើរ​ពុក​រលួយ​កើត​ឡើង​ក្នុង​សង្គម​ទាំងអស់ ដើម្បី​លុប​បំបាត់​បាន​មិន​មែន​បន្ទោស​ទៅ​លើ​រដ្ឋា​ភិបាល​ទាំងស្រុង​នោះ​ទេ អ្វី​ដែល​សំខាន់​យុវជន​ត្រូវ​ចាប់​ផ្តើម​ហ៊ាននិយាយ​ពី​រឿង​អំពើ​ពុក​រលួយ​។ សំឡេង ៖ « អ្វី​ក៏​ដោយ​អាច​ថា​កុំ​ចាំ​តែ​បន្ទោស​រដ្ឋា​ភិបាល ឬ​បន្ទោស​ភាគី​ផ្សេង​ទៀ​ត អាហ្នឹង​​ដឹង​ថា​វា​ជា​ផ្នែក​មួយ​ហើយ ប៉ុន្តែ​យើង​ជាយុវ​ជន យើង​ក៏​គួរ​តែ​ចាប់​ផ្តើម​ពី​ខ្លួន​យើង​ដែរ​​ ធ្វើ​អី​តិច​តូច​ត្រឹម​តែ​ចែក​រម្លែកនិយាយ​ពី​រឿង​ហ្នឹង​ (រឿង​ពុក​រលួយ) ឱ្យ​ច្រើន​ៗដង​ទៅ គេ​ក៏​យល់​រឿង​ហ្នឹង​ច្រើន​ដែរ »។

យុវជននាំគ្នាជជែកពីអំពើពុករលួយដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា - រូបភាព៖ អង្គការតម្លារភាពកម្ពុជា
យុវជននាំគ្នាជជែកពីអំពើពុករលួយដែលកំពុងកើតមាននៅក្នុងសង្គមកម្ពុជា – រូបភាព៖
(អង្គការតម្លារភាពកម្ពុជា)

ជុំវិញបញ្ហានេះ លោក ម៉ាប់ សារាវុធ មានអាយុ ២៤ឆ្នាំ ជានិស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​បាន​និយាយ​ថា​ លោកមើល​ឃើញ​អំពើ​ពុក​រលួយ​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​មាន​ច្រើន​រូបភាព​ អំពើ​ពុក​រលួយ​ទាំង​នោះ ភា​គច្រើន​កើតមាន​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋ រាប់​ចាប់​តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម​។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា លោក​មិនចង់​ឃើញ​អំពើ​ពុក​រលួយ​បន្ត​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ បន្ត​មាន​ទៀត​នោះ​ទេ។ មិន​ចង់​ឃើញ​អំពើ​ពុក​រលួយ ដោយ​លោក​បាន​អះ​អាង​ថា ក្នុង​នាម​ជាយុវជន​មួយ​រូប លោក​ចង់​បាន​សង្គម​មួយ​មាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ទាំង​អស់គ្នា​រស់​នៅ​ក្នុង​សង្គម​។ សំឡេង ៖ « យើង​ឃើញ​ថា​ប្រទេស​យើង វា​តាំង​ពី​កំពូល​មក រហូត​ដល់​ក្រោម​ញ៉ាំ​ញី​ដោយ​អំពើពុក​រលួយ ​ជា​ពិសេស​និយាយ​ឱ្យ​ចំ​ទៅ​គឺ​ទាក់​ទង​ទៅ​នឹង​វិស័យ​សាធារណៈ​របស់​រដ្ឋ​តែ​ម្តង ដែល​សំបូរ​ញ៉ាំ​ញី​ដោយ​អំពើ​ពុករលួយ​។ ខ្ញុំ​ចង់​ឃើញ​សង្គម​មួយ​ដែល​ពោរ​ពេញ​ដោយ​ភាព​យុត្តិធម៌ ហើយ​ភាព​យុត្តិធម៌​បាន​ទាល់​តែ​ស​​ង្គម​លុប​បំបាត់​បាននូវ​អំពើ​ពុក​រលួយ​បាន ព្រោះ​អី​វា​ជា​ស្នូល​ដែល​នាំ​ឱ្យ​ប្រទេស​យើង​មិន​មាន​ភាព​យុត្តិ​ធម៌​ទាល់​តែ​សោះ។ យើង​ឃើញ​ថា ប្រទេស​សិង្ហបុរី​អី​ជា​ប្រទេស​ដែល​គោរព​ច្បាប់​ពេញ​ទំហឹង ចឹង​ហើយ​នាំ​ឱ្យ​ប្រទេស​គេ​រីក​ចម្រើន ចុះ​ប្រទេស​យើង​អ្នកប្រព្រឹត្ត​បទ​ល្មើស គាត់​ព្យាយាម​ប្រើ​អំណាច ប្រើ​ទឹក​ប្រាក់ ដែល​ជា​ដើម​ហេតុ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ចឹង​យើងឃើញ​ថា​ប្រ ទេស​យើង​នឹង​មិន​អាច​រក​ធន​ធាន​បាន​នោះ​ទេ​ »។

យុវជន​ដែល​ធ្លាប់​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ បាន​និយាយ​បន្ត​ថា វត្ត​មាន​យុវជន​គ្រាន់​តែ​ជា​ចំណែក​មួយ​តែ​ប៉ុណ្ណោះ ​ក្នុង​ការ​ចូលរួម​លុប​បំបាត់​អំពើ​ពុក​រលួយ ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​សង្គម​ជាតិ​មិន​មានអំពើ​ពុក​រលួយ​កើត​ឡើង ទាល់​តែ​មាន​ការ​ចូល​រួម​លុបបំបាត់​ពី​ពល​រដ្ឋ​ទូទៅ និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លុប​បំបាត់​អំពើ​ពុក​រលួយ​ពី​រាជ​រដ្ឋាភិ​បាល​។ សារាវុធ ថា រដ្ឋា​ភិបាល​បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ហើយ ​ក៏ប៉ុន្តែ​ប្រជា​ពលរដ្ឋ រដ្ឋា​ភិបាល​ត្រូវ​នាំគ្នា​គោរព​ច្បាប់ និង​អនុវត្ត​ច្បាប់​ឱ្យ បាន​ល្អ​និង​ឱ្យ​មាន​ប្រសិទ្ធិ​ភាព ដើ​ម្បី​ដាក់​ទោស​ជន​ប្រព្រត្តឹ​អំពើពុក​រលួយ ហើយ​នៅ​ក្នុង​ការ​គោរព​ច្បាប់​នោះ​ទៀត​សោត យុវជន​ត្រូវ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គោរព​ច្បាប់​នេះ និង​ធ្វើ​ខ្លួន​ឱ្យ​ក្លាយ​ជា​បុគ្គល​គំរូ​នៅ​ក្នុង​សង្គម​ដោយ​ភាព​ស្អាត​ស្អំ​។ សំឡេង ៖ « ក្នុង​នាម​យើង​ជា​យុវជន ហើយ​ដើម្បី​លុប​បំបាត់ មាន​ន័យ​ធំធេង​ណាស់​អំពើ​ពុក​រលួយ​មិន​អាច​យើង​ម្នាក់​ឯង​លុប​បំបាត់​បាន​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គ្រាន់​តែ​ចង់​ផ្ញើ​សារ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ ក៏​ដូច​ជា​ក្រសួង​សាម៉ី អ្នក​ដែល​ពាក់​ព័ន្ធ​អី​ត្រូវព្យា​យាម​ពង្រឹង​ឬ​ចែង​បង្កើត​ច្បាប់​ក្នុង​ប្រទេស​យើង​សិន យើង​មាន​ច្បាប់​ហើយ​យើង​ចាប់​ផ្តើម​អនុវត្ត ហើយ​ការ​អនុវត្តន៍​គឺ​ចាប់​ផ្តើម​ពី​ខ្លួន​យើង​ផង​ដែរ។ នៅ​ពេល​យើង​ជា​យុវជន យើង​ឃើញ​ច្បាប់ យើង​ដឹង​ច្បាប់ ប៉ុន្តែ​យើង​អត់​បាន​ចូល​រួម ​ឬអត់​បានគោ​រពច្បាប់ ក៏យើង​អត់​អាច​លុប​បំបាត់ ឬ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​បាន​ដែរ »។

និយាយ​ដោយ​សុំ​មិន​បង្ហាញ​ពី​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន យុវជន​ម្នាក់​ជានិស្សិត​ត្រៀម​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៃ​សា កល​វិទ្យា​ល័យ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ដោយ​សារ​តែ​សង្គម​មាន​អំពើ​ពុក​រលួយ អំពើពុក​រលួយ​បំផ្លាញ​ធន ធាន​ជាតិ បំផ្លាញ​សង្គម​ជាតិ​យ៉ាងច្រើន ទើប​រដ្ឋាភិបាល​បង្កើត​ស្ថាប័ន​មួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។ លោក​និយា យ ​ដូច្នេះ ចង់​​សម្តៅ​ទៅ​​លើ​ការ​បង្កើត​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​​។ លោក​ក៏​បាន​សំណូម​ពរ​ឱ្យ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​មួយ​នេះ ​អនុវត្ត​នូវ​គោល​ការណ៍​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ធ្វើ​ខ្លួន​ឱ្យ​សាកសម​ជា​អង្គ​ភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ​ពិត​ប្រាកដ​។ ប្រសិន​បើ​ស្ថាប័ន​មួយ​នេះ រដ្ឋា​ភិបាល​បង្កើត​ឡើង​ហើយមាន​តែ​ឈ្មោះ ហើយ​បំពេញ​នាទី​របស់​ខ្លួន​មិន​បាន​ល្អ​ជា​ហេតុ​នាំ​ឱ្យ​ស្ថាប័ន​មួយ​នេះ​មាន​ឈ្មោះ​មិន​ល្អ​ទៅ​វិញ​នោះ​ទេ។ សំឡេង ៖ « ដើម្បី​លាង​ជំរះ​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ខ្មែរ ចាំ​បាច់​ត្រូវ​បង្កើត​ច្បាប់​មួយ អង្គ​ភាព​មួយ ដើ​ម្បី​ប្រយុទ្ធ​ប្រឆាំង​រឿង​ទាំង​ឡាយ​ហ្នឹង (អំពើ​ពុក​រលួយ)​។ មាន​ស្នាម​ប្រឡាក់​ត្រូវ​មាន​អំបោស​មួយ​ដើម្បី​ជូត​ជំរះ។ សម្រាប់​រូប​ខ្ញុំ គ្រាន់​តែ​សំណូម​ពរ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឱ្យ​បំពេញ​តួនាទី​របស់​ខ្លួន ឱ្យ​ស្រប​តាម​គោល​ដៅ​របស់​ខ្លួន ​និងដាក់​ចេញ​នូវ​ផែន​ការ​ដើម្បី​ឈាន​ទៅ​រក​ការ​លុប​បំបាត់ ការ​បោស​សំអាត ​និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្រុក​ខ្មែរ ក៏ដូច​ជា​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ឱ្យ​មាន​ភាព​ស្អាត​ស្អំ​ឡើង​វិញ​។ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ មិន​ត្រឹម​តែ​ខ្ញុំ​ទេ យុវជន​ទាំង​អស់​គឺត្រូវ​ប្តេជ្ញា​ចិត្ត​លុប​បំបាត់​អំពើ​ពុក​រលួយ​គ្រប់គ្នា »​។

ស្រប​ពេល​នឹង​ការ​លើក​ឡើង​របស់​យុវជន​ទាំង​បួ​ន​រូប​ខាង​លើ បង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត​រាយ​ការណ៍​ពី​អំពើពុក​រលួយ​ និយា យពី​បញ្ហាអំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​ធន​ធាន​ធម្ម​ជាតិ​ដែល​កំពុង​កើត​មា​ន​វិញ​ម្តង លោក សរ ម៉ូរី អនុ​ប្រធាន​បណ្តាញ​យុវ​ជន​កម្ពុជា (CYN) បាន​លើក​ឡើង​ថា ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា ព្រៃ​ឡង់​កម្ពុជា​កំពុង​រង​ឥទ្ធិពល​អំពើ​ពុក​រលួយ​យ៉ាងខ្លាំង​ពី​អ្នក​មាន​អំណាច តាម​រយៈ​ការ​ប្រើ​ប្រាស់​អំណាច ប្រើ​ប្រាស់​ទឹក​ប្រាក់ ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាញ​ផល​ចំណេញ​ពី​ធន ធាន​ធម្ម​ជាតិ​ទាំង​នោះ​យ៉ាង​ធ្ងន់​ធ្ងរ​។ សំឡេង ៖ « ការ​កាប់​បំផ្លាញ់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ មាន​រូបភាព​ច្រើន​។ ទី​មួយ ​រូបភាព​នៃ​ការ​ផ្តល់​ដីសម្ប​ទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​ដែល​គាត់​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​ដំណាំ​កៅ​ស៊ូ ហើយ​ការ​ផ្តល់​ដី​សម្ប​ទាន​នោះ​ទៀត​សោត ចំណុច​ខ្លះ​គឺ​ប៉ះ​ចំណុច​តំបន់​ព្រៃ​ឡង់ ហើយ​ខ្លះ​ប៉ះ​ចំ​តំបន់​ជុំវិញ​ព្រៃ​ឡង់។ ពេល​ដែល​គាត់​បាន​អាជ្ញា​ប័ណ្ណ​ពី​រាជ​រដ្ឋាភិបាល​ហើយ គាត់​មិន​ត្រឹម​តែ​កាប់​ឈើ​នៅ​ក្នុង​រង្វង់​ដែន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ទេ គាត់​ទៅ​កាប់​ឈើ​ខាង​ក្រៅ​ពី​ចំណុច​ស្នូល​នៃ​តំបន់​ព្រៃ​ឡង់​ទៀត ហើយ​គាត់​ដឹក​ចូល​ក្រុម​ហ៊ុន​ថា​ឈើ​ហ្នឹង​ជា​ឈើ​ស្របច្បាប់ » ។

លោក សរ ម៉ូរី បាន​លើក​ឡើង​ពី​ករណី​អំពើ​រពុក​រលួយ​ជាក់​ស្តែង​មួយ ទាក់​ទង​នឹង​ការ​កាប់​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់​ក្នុង​ពេលបច្ចុប្បន្ន​មក​បង្ហាញ​ថា ការ​កាប់​ឈើ​ព្រៃ ​ការ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ខុស​ច្បាប់ ការ​កាន់​កាប់ដី និង​ការ​រុក​រាន​ដី​ល្មើស​ពី​ច្បាប់ឬ​អាជ្ញា​ប័ណ្ណ​ដែល​រដ្ឋ​ផ្តល់​ឱ្យ កំពុង​បន្ត​កើត​មាន​ដោយ​សារ​ការ​ឃុប​ឃិត​គ្នា​ពី​អាជ្ញា​ធរ​ក្នុង​តំបន់​និង​ក្រុម​ហ៊ុន​ឯក​ជន កំពុង​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង។​ លោក​ថា អ្នក​រង​គ្រោះ​ពី​អំពើ​ពុក​រលួយ​ទាំង​នោះ​ជា​ប្រជា​ពល​រដ្ឋ​ក្រីក្រ ដែល​ត្រូវ​គេ​ទាយយក​ផល​ប្រយោជន៍​ និង​ត្រូវ​បាន​គេ​រំលោភ​បំពាន​សិទ្ធិ ​។ សំឡេង ៖ « ខ្ញុំ​មានបទ​ពិសោធន៍​​ចូល​រួម​ល្បាត​ជា​មួយ​សហគមន៍​ព្រៃ​ឡង់​ផ្ទាល់ យើង​ឃើញ​ថា​ឈ្មួញ​ទុច្ច​រិត​គាត់​ចុះ​ទៅ​កាប់​ព្រៃ​ឈើ មាន​ឡាន ឡាន​អាយី​ឌុប​អី​ចឹង​ទៅ គាត់​ដឹក​ចេញ​មកតាម​ផ្លូវ​ដោយ​សេរី គ្មាន​អាជ្ញា​ធរ​ណា​មក​សួរ​នាំ សុំ​មើល​អាជ្ញា​ប័ណ្ណ​នៃ​កា​រកាប់​ឈើ​ទេ អា​នេះ​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ មួយ​វិញ​ទៀត នៅ​ពេល​ដែល​សហគមន៍​ដែល​ស្រឡាញ់​ព្រៃ​ឈើ​គាត់​ចុះ​ល្បាត ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ អាជ្ញា​ធរ​ហ្នឹង​បែរ​ទៅ​ជា​គម្រាម​សហគមន៍​ទៅ​វិញ​ថា​ជា​អំពើ​ខុស​ច្បាប់​ »​ ។

លោក សរ ម៉ូរី អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​រូប​នេះ ​ក៏​បាន​លើក​ឡើង​ថា យុវជន​ដើរ​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​លុបបំបាត់​អំពើ​ពុក​រលួយ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម ហើយ​ការ​នាំ​គ្នា​ប្តេជ្ញា​ចិត្ត​រាយ​ការណ៍​ពី​អំពើពុក​រលួយ​ ក៏​ជា​ការ​ចាប់ផ្តើម​លុប​បំបាត់​អំពើ​ពុក​រលួយ​ដែរ។

យុវជនផ្តិតម្រាមដៃបង្ហាញពីការប្តេជ្ញាចិត្តរាយការណ៍និងលុបបំបាតអំពើពុករលួយ - (រូបភាព៖ អង្គការតម្លារភាពកម្ពុជា)
យុវជនផ្តិតម្រាមដៃបង្ហាញពីការប្តេជ្ញាចិត្តរាយការណ៍និងលុបបំបាតអំពើពុករលួយ – (រូបភាព៖ អង្គការតម្លារភាពកម្ពុជា)

មាន​សម្បុរ​ខ្មៅ​ស្រអែម មាន​អាយុ​ជាង ៦០​ឆ្នាំ លោក រស់ ឡាច សមាជិក​ក្រុម​ស្នូល​ការពារ​ព្រៃ​ឡង់ រស់​នៅ​ស្រុក​ថាក់​ឡា បរិ​វ៉ាត់ ខេត្ត​ស្ទឹង​ត្រែង លោ​ក​បាន​និ​យាយ​ក្នុង​ទឹក​មុខ​មាំ​អម​ដោយ​កាយ​វិការ​ពន្យល់​មួយ​ៗ​ថា យុវជន​មាន​តួនាទី​សំខាន់​ក្នុងការ​ប្រឆាំង​អំពើ​ពុក​រលួយ ។ យុវជន​អាច​រាយ​ការណ៍​ពី​អំពើពុក​រលួយ​បាន​ទូលំ​ទូលាយ​ជាង​មនុស្ស​ចាស់ ដោយ​សារ​តែយុវជន​មាន​សមត្ថភាព​អាច​ចូល​រួមផ្សព្វ​ផ្សាយនិង​ចែក​រំលែក​ព័ត៌​មាន​ពី​អំពើ​ពុក​រលួយ​ជា​ច្រើន ទៅ​កាន់​សាធា​រណៈ​ជន​ពីស្ថាន​ភាព រូប​ភាព​អំពើ​ពុក​រលួយ​អ្វី​មួយ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​សង្គម។

លោក រស់ ឡាច បាន​និយាយ​ដោយ​ភាព​ជឿ​ជាក់​និង​មាន​ទំនុក​ចិត្តទៅ​លើ​យុវជ​ន​បន្ត​ទៀត​ថា បច្ចុប្បន្ន​អំពើ​ពុក​រលួយ​នៅសហគមន៍​ដែល​លោក​រស់​នៅ ​ទាក់​ទង​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើនៅជា​ដើម យុវជន​បាន​នាំ​គ្នា​និយាយ​ នាំ​គ្នា​ឈឺ​ឆ្អាល និង​បាន​ផ្សព្វ​ផ្សាយ​ពី​ព័ត៌​មាន​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នៃ​កាប់​និង​ជួញ​ដូរ​ឈើ ធ្វើ​ឱ្យ​សកម្ម​ភាព​ទាំង​នោះ​មាន​ការ​ធ្លាក់​ចុះជា​​បណ្តើរ​ៗផង​ដែរ​។ សំឡេង ៖ « យុវជន​មាន​ទឹក​មាត់​ប្រៃ​ណាស់​ទី​មួយ ទី​ពីរ​យុវ​ជន​យើង​ឥឡូវ​យើង​មាន​ប្រព័ន្ធ​ព័ត៌​មានសំខាន់​ៗ​ដូច​ជា​ប្រព័ន្ធ​ហ្វេស​ប៊ុក​ជាដើម ដូច្នេះ​ខ្ញុំ​គិត​ថា​យុវជន​យើង​បាន​ចូល​រួម​សកម្ម​ភាព​ការ​បង្រ្កាប​​ចុះ​ល្បាត​ ឬ​ការ​ផ្សព្វ​ផ្សាយ ជា​ព័ត៌​មាន​ដល់​ជាតិ​និង​អន្តរ​ជាតិ​។ ខ្ញុំ​គិត​ថា ប្រហែល​ថ្នាក់​ដឹក​នាំ ឬ​ជាតិ អន្តរ​ជាតិ​គេ​ចាប់​អារម្មណ៍ ពេល​នោះ​ការប្រព្រឹត្ត​បទ​ល្មើស​អាច​ថយ​ចុះ តាម​រយៈ​អ្វី​ដែល​យុវជន​អាច​ធ្វើ​ទៅ​បាន »។​

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​នៃ​អង្គ​ការ​តម្លារ​ភាព​កម្ពុជា​បាន​អះ​អាង​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​យុវជន​កំពុង​ចូល​រួម​ធ្វើ​សកម្ម​ភាព​ច្រើន​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយ​នៅ​ក្នុង​សង្គម​។ លោក ព្រាប កុល បាន​បញ្ជាក់​ថា​ តាម​កា​រកត់​សម្គាល់​របស់​លោក​យុវជន​បច្ចុប្បន្ន​មាន​ការ​យល់​ដឹង​ពី​អំពើ​ពុក​រលួយ យុវជន​គិត​ថា​អំពើ​ពុក​រលួយ​ជា​បញ្ហា​របស់​សង្គមជាតិ ដែល​យុវ​ជន​តំរូវ​ឱ្យ​មាន​កាព្វ​កិច្ច​ចូល​រួម​ក្នុង​ការ​បោស​សម្អាត ឬ​ទប់​ស្កាត់​នៅ​ក្នុង​សង្គម។ ពិសេស​ការ​ធ្វើ​ការងារ​ជា មួយ​យុវជន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​មាន​ភាព​ងាយ​ស្រួល​ច្រើន​ជា​មនុស្ស​ចាស់។ សំឡេង ៖ « យុវជន​ជាតួអង្គ​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម ទី​មួយ​ការងារ​ដែល​គាត់​ធ្វើ​គឺ​គាត់​ចូល​រួម​ទប់​ស្កាត់​អំពើ​ពុក​រលួយ ជួយអប់រំ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជំនាន់​ក្រោយ​និង​ក្រុម​សិស្ស​ប្អូន​របស់​គាត់ ហើយ​កត្តា​ទីពីរ​ខ្លួន​គាត់​នឹង​ក្លាយ​ជា​ទំពាំង​ស្នង​ឬស្សី​នៅ​ពេលដែល​គាត់​មាន​ឱកាស​ទៅ​កាន់​មុខ​ងារ​ទៅ​កាន់​មុខ​ដំណែង​ជំនួស​ឱ្យ​អ្នក​ជំនាន់​មុន​ហ្នឹង បើ​សិន​គាត់​ជា​បុគ្គល​ស្អាត​ស្អំ គាត់​ប្រកាន់​គោល​ការណ៍​សុច​រឹត​ភាព គាត់​អាច​កែ​ប្រែ​សង្គម​ជាតិ​យើង​បាន​ច្រើន » ។  

នាយក​ប្រតិបត្តិ​នៃ​អង្គ​ការ​នៃ​អង្គ​ការ​តម្លារ​ភាព​កម្ពុជា​រូប​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ​ដ្បិត​យុវជនមួយ​ចំនួន​មាន​ការ​យល់​ដឹង​ពីអំពើ​ពុក​រលួយ ចូល​រួម​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​សង្គម​ក៏ពិត​មែន ប៉ុន្តែ​ការ​ចូល​រួម​របស់​យុវជន​នៅ​ក្នុង​ពេល​បច្ចុ ប្បន្ន​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​។ នៅ​មាន​កម្រិត​ក៏​ព្រោះ​តែ​ ការ​បញ្ជ្រាប​ចំណេះ​ដឹង​ពី​បញ្ហា​អំពើ​ពុក​រលួយ​មិន​ទាន់​បាន​ទូលំ​ទូលាយ​នោះ​ទេ។ លោក​ព្រាប កុល បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​នោះ​យុវជន​ដែល​ទទួល​បាន​ការ​អប់រំ​មាន​កម្រិត​ យុវ​ជន​នៅតាម​បណ្តា​ខេត្ត នៅ​តាម​ទី​ជន​បទ​ជា​ដើម ពុំ​ទាន់​អាច​ចូល​រួម​សកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​បាន​ច្រើន​ឡើយទេ ដោយ​សារ​ពួក​ខ្វះ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​អំពើ​ពុក​រលួយ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ព្រាប កុល។

សំឡេង ៖ « នៅ​មាន​កម្រិត​នៅ​ឡើយ បើ​យើង​មើល​ឃើញ​បី​ការ​ចូល​រួម​ជាក់​ស្តែង​របស់​គាត់ ប៉ុន្តែ​បើ​មើល​តាម​ទៅ​ការសិក្សា​ស្រាវ​ជ្រាវ​កន្លង​មក គាត់​មាន​ការ​ប្តេជ្ញា​ចិត្ត មាន​ភាគ​រយ​ច្រើន​រហូត​ដល់​ជាង​ចិត​សិប​ភាគ​រយ​ជាង ដែល​គាត់​ប្តេជ្ញា​ចិត្ត​ថា​នឹង​ចូល​រួមនៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ។ នៅ​ក្នុង​ពេល​ប​ច្ចុប្បន្ន​នេះ ប្រហែល​ជា​យើង​ពុំ​ទាន់​មានផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​ឱ្យ​បាន​ទូលំ​ទូលាយ​ដូច្នេះ ការ​ចូល​រួម​របស់​ពួក​គាត់​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ។ យើង​មិន​ទាន់​មានលទ្ធ​ភាព​បង្កើត​កម្ម​វិធី​បាន​ទូលំ​ទូលាយ​ឱ្យ​ដល់​ពួក​គាត់ ដូច​ជា​យើង​អត់​ទាន់​បាន​បង្ករ​លក្ខណៈ​ឱ្យ​គាត់​ចូល​រួម​បាន​នៅ​តាមជន​បទ នៅ​តាម​ខេត្ត ហើយ​ភាគ​ច្រើន​យើង​ធ្វើ​នៅ​តាម​រាជ​ធានី​ដូច​ច្នេះ ទាំង​នេះ​ហើយ​ដែល​ជា​ឧបសគ្គ​ខ្លះ ដែល​ធ្វើឱ្យ​យុវ​ជននៅ​តាម​ទី​ជន​បទ​មិន​សូវ​បាន​ចូល​រួម »។

សូម​រម្លឹក​ថា របាយ​ការណ៍​របស់​អង្គការ Usaid ធ្លាប់​បាន​បញ្ជាក់​ថា អំពើ​ពុក​រលួយ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខាត​បង់​ទឹកប្រាក់​ក្នុង​ចំនួន​ពី៣០០ ទៅ ៥០០​លាន​ដុល្លារ​អា​មេរិក​ជា​រៀង​រាល់​ឆ្នាំ៕​

Share

Image
Image
Image