en     km
en     km

នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ព្រមាន​​ដក​​តួនាទី​​សមាជិក​​គណបក្ស​​ហ្វ៊ុ​ន​​ស៊ិ​ន​​ប៉ិ​ច​ ប្រសិន​ហ៊ាន​​ចុះ​ចូល​​បក្ស​​ប្រឆាំង

Share

ភ្នំពេញ៖ ​​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​ធ្ងន់ៗ​ ​ទៅ​កាន់​សមាជិក​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ​​ដែល​មាន​​មុខ​តំណែង​​ខ្ពស់ៗ​ ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថា​ ប្រសិនបើ​ហ៊ាន​ទៅ​ចូលរួម​ជាមួយ​ គណបក្សប្រឆាំង​ ឬ​ ​គណបក្ស​ផ្សេង​ទៀត​  នឹង​ត្រូវ​បណ្តេញចេញ​ភ្លាមៗ ​ពី​តួនាទី​។​ ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ ន័​រ​តុ​ន ​នា​ព្រឹក​ថ្ងៃ​ទី​ ១៧​ មីនា​នេះ​។​ ចំពោះ​ការ​ព្រមាន​នេះ​ អ្នកវិភាគ​នយោបាយ​យល់​ថា​ គឺជា​ការ​ជម្រុញ​ឱ្យ​មន្ត្រី​ទាំង​អស់នោះនៅ​តែ​រក្សា​ជំហរ​គាំទ្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គាំទ្រ​រដ្ឋាភិបាល​ដដែល​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ផ្ញើ​សារ​ព្រមាន​ទៅ​សមាជិក​ សមាជិកា​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា​ ប្រសិនបើ​ហ៊ាន​ចុះ​ចូល​​គណបក្សប្រឆាំង​ លោក​នឹង​បណ្តេញ​ចេញពី​តួនាទី​ក្នុង​រដ្ឋាភិបាល​ ត្រឹមតែ​រយៈពេល​ ២៤ ​ម៉ោង​ប៉ុណ្ណោះ​ ។​

hun-sen
សម្តេច ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា

សម្តេច​នាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​ព្រមាន​នា​ពេល​នេះ​ ទំនង​ដោយសារ​មើលឃើញ​ថា​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ បច្ចុប្បន្ន​កំពុង​បែក​បាក់​​សាមគ្គី​រវាង​ សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ឬ​ទ្ធិ​ និង​លោក ​ញឹក​ ប៊ុ​ន​ឆៃ​។​

សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​ «​ ឥឡូវ​នាយក​រដ្ឋមន្ត្រី​ នៃ​រដ្ឋាភិបាល​នេះ​ បញ្ជាក់​ជំហរ​ថា​ បើ​ទោះជា​បុគ្គល​នោះ​ទៅ​តាម​សម្តេចក្រុមព្រះ​ ឬ​ទៅ​តាម​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ គឺ​នៅ​រក្សា​មុខ​តំណែង​ដដែល​ សុំ​តែ​ប៉ុណ្ណេះ​ទេ​ បើ​ចូលបក្ស​ប្រឆាំង​ដេញ​ចោល​ ២៤ ​ម៉ោង​ »​។​

​ចំពោះ​ការ​ព្រមាន​របស់​សម្តេច​ ហ៊ុន​ សែន​ នេះ​ដែរ​ ធ្វើ​ឡើង​ខណៈ​លោក​កំពុង​រៀបចំ​រុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី​ ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​​ការងារ​។​ លោក​មាន​ប្រសាសន៍​ថា ​«​បើ​ទោះបីជា​បុគ្គល​នោះ​ទៅ​តាម​ សម្តេចក្រុមព្រះ​ ឬ​ទៅ​តាម ​ញឹក​ ប៊ុ​ន​ឆៃ​ គឺ​នៅ​រក្សា​មុខ​ដំណែង​ដដែល​ សូម​សម្តេចក្រុមព្រះ​មេត្តា​យោគយល់​ ទួល​បង្គំ​មិន​អាច​ទៅ​តាម​ព្រះ​អង្គ​ ហើយ​ធ្វើ​ឱ្យ​ឈ្នើ​ស​ចិត្ត​ ចំពោះ​អ្នក​ដែល​កំពុង​បំពេញការងារ​ជាមួយ​រាជរដ្ឋាភិបាល​ សុំ​ទោស​ពីព្រោះ​នេះ​ ជា​ជម្លោះ​ព្រះ​អង្គ​ជាមួយ​កូនចៅ​ ហើយ​ទៅ​បង្កើត​បក្ស​ផ្សេង​ ។​ ហើយ​ថា​ហេ​ឥលូវ​មិនមែន​ហ៊ុន​ស៊ិ​ន​ប៉ិច​ទៀត​ ត្រូវ​តែ​ចេញពី​រដ្ឋាភិបាល​ សុំ​តែ​ប៉ុណ្ណេះ​ទេ​ បើ​ចូលបក្ស​ប្រឆាំង​ដេញ​ចេញ​ ២៤ ​ម៉ោង​»​ ។​

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​ទៀត​ថា​ ចំពោះ​សមាជិក​ សមាជិកា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​រារែក​ចិត្ត​មិនដឹង​ថា​ ទៅ​តាម​លោក​ ញឹក​ ប៊ុ​ន​ឆៃ​ ឬ​តាម​សម្តេចក្រុមព្រះ​នោះ​ លោក​ស្វាគមន៍​ឱ្យ​ពួក​គេ​ឲ្យ​មក​ជ្រកកោន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ៖«​ឥលូវ​បងប្អូន​ទាំងនោះ​គាត់​អត់​យល់​ ជា​ថ្នាក់​ទីប្រឹក្សា​រដ្ឋាភិបាល​ ជា​ថ្នាក់​អនុរដ្ឋលេខាធិការ​តាម​ក្រសួង​ ឥលូវ​កំពុង​តែ​ព្រួយ​ថា​អញ​គួរ​នៅ​ខាង​ណា​?​  អ​ញ្ចឹ​ង​ទេ​ ប៉ុន្តែ​មាន​ផ្លូវ​ជ្រើសរើស​តែ​ពីរ​ទេ​…​។​

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ លោក​ ញ៉េ​ប​ ប៊ុ​ន​ជិន​ និង​លោក​ សាយ​ ហាក់​ មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​បាន​ទេ​នៅ​ថ្ងៃនេះ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ លោក​សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ យល់​ថា​ ការ​ព្រមាន​នេះ​ ដោយសារ​សម្តេច​ហ៊ុន​ សែន​ មិន​ចង់ឱ្យ​មន្ត្រី​ទាំង​អស់នោះ​ទៅ​ទាក់ទង​ ឬ​ ​ចូលរួម​ជាមួយ​គណបក្សប្រឆាំង​ ហើយ​វា​ជា​ការ​ជម្រុញ​ឱ្យ​ មន្ត្រី​ទាំង​អស់​នោះ​ នៅ​តែ​រក្សា​ជំហរ​គាំទ្រ​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​គាំទ្រ​រដ្ឋាភិបាល​ដដែល​។​ លោក​បន្ត​ថា​ ការ​ព្រមាន​បែប​នេះ​ គឺជា​ការ​បិទ​សិទ្ធ​សេរីភាព​​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​ស្តី​ពី​សេរីភាព​នៃ​ជំនឿ​នយោបាយ​។​

«​ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ការ​ព្រមាន​បែប​នេះ​ ហាក់បីដូចជា​ ពុំ​មាន​ប្រសិទ្ធភាព​តេស​ម្រា​ប់​ ពេល​បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ទទួល​ព័ត៌មាន​ អ៊ី​ន​ធើ​ណេ​ត​ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អី​ជា​ច្រើន​ទៀត​»​។​

សូម​បញ្ជាក់​ថា​ ការ​ថ្លែង​ព្រមាន​ពី​​សម្តេច​នាយក​រដ្ឋមន្ត្រី​នេះ​ ទំនង​សំដៅ​ទៅ​បុគ្គល​មួយ​ចំនួន​ ដែល​បច្ចុប្បន្ន​កំពុង​បំរើ​ការងារ​នៅ​ក្នុង​​ជួរ​រដ្ឋាភិបាល​មក​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ដែល​គ្រោង​ដើរ​ចូល​គណបក្សប្រឆាំង​៕

Share

ព័ត៌មានទាក់ទង

Image