ភ្នំពេញ៖ ប្រធានចៅក្រមប្រឹក្សានៃសាលាឧទ្ធរណ៍សំនុំរឿងលោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍នេះបានបដិសេធសំណើ មន្ត្រីជាន់ខ្ពស់របស់គណៈបក្សសង្គ្រោះជាតិ ដែលមានសញ្ញាត្តិអាមេរិករូបនេះ សុំទៅព្យាបាលជម្ងឺនៅក្រៅប្រទេស ។ មន្ត្រីការពារសិទ្ធិមនុស្សដែលសង្កេតការណ៍លើរឿងនេះ ចាត់ទុកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ថាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
ប្រធានចៅក្រមប្រឹក្សានៃសាលាឧទ្ធរណ៍ លោក ភ្លង់ សំណាង បានសម្រេចបដិសេធសំណើររបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា មិនឲ្យទៅព្យាបាលជម្ងឺនៅក្រៅប្រទេស ដោយលោកចៅក្រម ចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅតែមានប្រសិទ្ធភាពដដែល ។
ការប្រកាស បដិសេធរបស់លោកចៅក្រម ភ្លង់ សំណាង ធ្វើឡើងនៅពេលលោកអានសេចក្ដីសម្រេចរបស់លោក កាលពីព្រឹកមិញនៅចំមុខមេធាវីការពារជនជាប់ចោទ និងចំពោះមុខលោក មាជ សុវណ្ណារ៉ា ។
លោក ជួង ជូងី មេធាវីបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចរបស់ប្រធានចៅក្រមសាលាឧទ្ធរណ៍ ដែលបដិសេធកូនក្តីរបស់លោក មិនឲ្យចេញមកព្យាបាលនៅខាងក្រៅមន្ទីរឃុំឃាំង ព្រោះកូនក្តីរបស់លោកមានបញ្ហាសុខភាព ។
លោក ជួង ជូងីនិយាយថា «ខ្ញុំថាការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍នេះ អត់ត្រឹមត្រូវ គ្មានភាពចាំបាច់អ្វីត្រូវហាមឃាត់គាត់ ។ ខ្ញុំនឹងពិភាក្សាជាមួយកូនក្តីរបស់ខ្ញុំថានិងត្រូវធ្វើអ្វីបន្តទៀត»។
លោក មាជ សុវណ្ណរ៉ា មានប្រសាសន៍នៅពេលនគរបាលបណ្តើរមកបន្ទប់ទឹកថា លោកមានសង្ឃឹមថាតុលាការសាលាឧទ្ធរណ៍ផ្តល់យុត្តិធម៌ដល់រូបលោក ប៉ុន្តែក្តីសង្ឃឹមរបស់លោកត្រូវបានរលាយទៅវិញភ្លាមៗនៅពេលដែលសាលាឧទ្ធរណ៍បានបដិសេធមិនឲ្យលោកទៅព្យាបាលនៅក្រៅប្រទេស ។
លោក មាជ សុវណ្ណរ៉ា និយាយថា «គេកាត់មិនឲ្យយើងចេញទៅក្រៅប្រទេសទេ សវនាការដើម្បីតទល់ជាមួយសាលាដំបូងគឺនៅទេ» ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីការដូដែលអង្កេតការណ៍រឿងក្ដីនេះ សម្តែងការខកចិត្តចំពោះសេចក្តីសម្រេចចិត្តរបស់ចៅក្រមសាលាឧទ្ធរណ៍មិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ទៅព្យាបាលនៅក្រៅប្រទេសនោះ ហើយការបដិសេធនេះជាការរំលោកទៅសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។
លោក អំ សំអាត យល់ឃើញថា សំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១ នាក់ជារឿងនយោបាយ ។ លោកថា ទាល់តែមានការសម្របសម្រួលផ្នែកនយោបាយ ទើបសកម្មជនទាំងនោះ អាចស្ថិតនៅក្រៅឃុំបាន ។
លោក អំ សំអាត និយាយថា «រឿងទាំងអស់នេះយើងសង្គមស៊ីវិល យើងបានចាត់ទុកថា ជារឿងនយោបាយទៅហើយ អញ្ចឹងមិនបើគ្មានការដោះស្រាយតាមផ្នែកនយោបាយណាមួយទេ អ្នកទាំង ១១ នាក់នេះ និងអ្នកដែលពាក់ព័ន្ធរឿងនយោបាយផ្សេងទៀតដូចជា លោក ហុង សុខហួរ អ្នកដែលផ្សែងទៀត ក៏មិនអាចនិងមានផ្លូវរួចពីពន្ធធនាគារបានដែរ» ។
នៅក្នុងសវនាការព្រឹមមិញនេះដែរគឺ មានសំណុំរឿងបីផ្សេងដាច់ដោយឡែកពីគ្នាទី១ សំណុំរឿងលោក មាជ សុវណ្ណារ៉ា សុំទៅព្យាបាលនៅក្រៅប្រទេស សំណុំរឿងទី២ ទាក់ទង់ទៅនិងការកាត់សេចក្តីខុសនីតិវីធីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងរឿងព្រហ្មទណ្ឌ និងសំណុំរឿងទី៣ សវនាការអង្គសេចក្តីថា តើអ្នកណាខុសអ្នកណាត្រូវករណីហិង្សានៅទីលានប្រជាធិបតេយ្យ ។
លោក ជួង ជូងី មេធាវី បានស្នើទៅលោក ភ្លង សំណាង ប្រធានចៅប្រឹក្សានៃសាលាឧទ្ធរណ៍ឲ្យបំបែកសំនុំរឿងជាពីរសំនុំរឿងក្នុងចំណោមសំណុំរឿងចំនួន ០៣ តែចៅក្រមសាលាឧទ្ធរណ៍បានយល់ព្រមតាមសំណើររបស់លោកមេធាវីរួចហើយ ។
ជុំវិញបញ្ហានេះ លោក ណៃ វង្សដា អនុប្រធានផ្នែកស៊ើបអង្កេតអង្គការអាដហុក បានសាទរចំពោះចៅក្រមដែលយល់ព្រមបំបែកសំណុំរឿងនេះ ។ លោកយល់ថា ការញែកសំណុំរឿងពីរផ្សេងគ្នាអាចដោះស្រាយ ។ លោក ណៃ វង្សដានិយាយថា «ឥឡូវចៅក្រមបានយល់ព្រមបំបែកសំណុំរឿង ហើយយើងមើលឃើញថាចំនុចវិជ្ជមានមួយ សុំកោតសសើរចំពោះការសម្រេចរបស់ចៅក្រមដែលគោរពតាមឆន្ទះជនជាប់ចោទ និងមេធាវីជនជាប់ចោទ ហើយលោកចង់ឲ្យតុលាការទាំងអស់ធ្វើអ៊ីញ្ចឹង យកច្បាប់ជាគោល» ។
កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ ០៥ នាក់ និងព្រះសង្ឃ ០៣ អង្គក្នុងនោះក៏មានលោក មាជ សុវណ្ណរ៉ា ម្នាក់ផងដែរ ។ ប៉ុន្តែត្រូវបានកាត់ទោសដោយបើកសវនាការពេញអង្គសេចក្ដីដោយផ្តន្ទាទោសឱ្យជាប់ពន្ធធនាគារពី ០៧ ឆ្នាំ រហូតដល់ ២០ ឆ្នាំ ពីបទអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ ។ ក្នុងនោះ លោក មាជ សវណ្ណរ៉ា ត្រូវបានផ្តន្ទា ២០ ឆ្នាំ៕