en     km
en     km

​នា​យក​រដ្ឋ​មន្ត្រី​ថ្លែង​ថា​ រដ្ឋមន្ត្រី ​០៨ ​រូប​​នឹង​​ត្រូវ​​​​​ផ្លាស់​​​ប្តូរ​ចេញ​ពី​មុខ​​តំណែង​​ឆាប់​ៗ​​នេះ​​

Share

ភ្នំពេញ៖ ប្រមុខដឹក​នាំរដ្ឋាភិបាលកម្ពុជា សម្តេច​ ហ៊ុន​ សែន​ បាន​លើក​ទ្បើ​ង​ថា​ រដ្ឋមន្ត្រី​ប្រហែលជា​ ០៨ ​រូប​ នឹង​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ចេញពី​មុខ​តំណែង​ ហើយ​ការ​ផ្លាស់​ប្តូរ​នោះ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​កោះ​ពេជ្រ​ នាព្រឹក​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ ​២០១៦​ នេះ ។​ ចំណែកមន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​សង្កេតការណ៍​សាទរ​ចំពោះ​ចំណា​ត់ការនេះ​។​

HUN-SEN
សម្តេច​ ហ៊ុន​ សែន ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ ន័​រ​តុ​ន​

សម្តេច​ ហ៊ុន​ សែន ​​បាន​ថ្លែង​ថា​ រដ្ឋមន្ត្រី​ប្រហែលជា​ ០៨ ​រូប នឹង​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ចេញពី​មុខ​តំណែង​ហើយ​ការ​ផ្លាស់​ប្តូរ​នោះ​ទៀត​សោត​មិនមែន​ជា​ការ​កម្ចាត់​រដ្ឋមន្ត្រី​ចោល​នោះ​ទេ​។​​

សម្តេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ ទោះជាមានការ​ការ​ផ្លាស់​ប្តូរ​មុខ​តំណែង​រដ្ឋមន្ត្រី​នេះ​ក្ដី តែមិនឱ្យពួកគាត់បាត់បង់​មុខងារ​របស់គាត់​នៅតាមស្ថាប័នរបស់រាជរដ្ខាភិបាលឡើយ។ ​

«​ខ្ញុំ​សូម​យក​ឱកាស​នេះ​ ​ដើម្បី​និយាយ​ទៅ​កាន់​រដ្ឋមន្ត្រី​ បើសិនជា​បានដឹង​ថា​ ខ្លួន​ត្រូវ​ដូរ​ពី​ក្រសួង​នេះ​ទៅ​កាន់​ក្រសួង​នេះ ​ឬ​ចាក​ចេញ​​មិន​បន្ត​និយាយ​រួម​អ្នក​ដែល​ទទួល​រង​ការ​ផ្លាស់​ប្តូរ​ ​សូម​បន្ត​ការងារ​​រហូត​ដល់​មាន​ព្រះរាជក្រឹត្យ​​ស្តី​​ពី​ការ​​តែងតាំង​​ហើយ​​​រង់​ចាំ​កា​រ​​ផ្ទេរ​ភារកិច្ច​ជូន​រដ្ឋម​ន្ត្រី​ថ្មី​ ពេល​​ហ្នឹង​​ខ្ញុំ​ចាត់​តាំង​​ថា​ឧបនាយក​រដ្ឋមន្ត្រី​មួយ​ណា​ទៅ​ប្រគល់​ដូរ​ការងារ​នៅ​ក្រសួង​ណា​​វា​ប៉ះ​ពាល់​​ប្រហែលជា ​០៨​ ក្រសួង​នេះ​​ជា​ការ​ពង្រឹង​នៅ​ប្រសិទ្ធ​ការងារ​» ។

​យ៉ាងនេះ​ក្ដី​ សម្ដេច​ ហ៊ុន​ សែន​ មិន​បាន​ប្រាប់​ឈ្មោះ​រដ្ឋមន្ត្រី​ណាមួយ​ ត្រូវ​បាន​រុះរើ​នោះ​ ដែរ​។​ ប៉ុន្តែ​ថ្មីៗ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​រិះគន់​រដ្ឋមន្ត្រី​ ០២​ រូប​  ខណៈ​សម្ដេច​និយាយ​ពី​រថយន្ត​ដឹក​ទំនិញ​លើស​ចំនុះ​ធ្វើ​ឱ្យ​ខូច​ផ្លួ​វ​ ហើយ​ករណី​រថយន្ត​ដឹកនាំ​អង្ករ​មួយ​​គ្រឿង​បាន​ធ្វើ​ខូច​ជ័រកៅស៊ូ​ស្ពាន​អ្នក​លឿង​ ។ ​រដ្ឋមន្ត្រី​ដែល​សម្ដេច​ លើក​ឈ្មោះ​មក​និយាយ ​គឺ​រដ្ឋមន្ត្រីក្រសួង​សាធារ​ណៈ​ការ​​ និង​ដឹក​ជញ្ជូន​ លោក​ ត្រាំ​ អ៊ី​វ​តឹក​ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ដែល​ទើបតែ​ចូល​កាន់​អំណាច​នៅ​អាណត្តិ​ទី​៥​នេះ​ គឺ​លោក​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ។​

ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ មាន​កិច្ចការ​ជា​ច្រើន​ដែល​គណបក្ស​ប្រជាជន​ធ្វើ​មិន​ទាន់​បាន​។​

បើ​ទោះជា​យ៉ាងណា​លោក​ យឹ​ម​ សុវណ្ណ​ បន្ថែម​ថា​ ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ​អាច​នឹង​ទទួល​បាន​ផល​វិជ្ជមាន​ជាង​មុន​គ្រាន់តែ​មិនដឹង​ថា​វា​ទទួលផល​វិជ្ជា​មាន​កម្រិត​ណា​តែ​ប៉ុណ្ណោះ​។​ «​ការ​ដែល​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ​​អាហ្នឹង​​គឺ​បង្ហាញ​ថា​កិច្ចការ​មួយ​ចំនួន​ទៀត​ត្រូវកា​រ​​កែ​​លម្អរ​ដូច្នេះ​​វា​ជា​​រឿង​​​ធ​ម្មតា​​​របស់​​​គណ​បក្ស​​ប្រជាជន​កម្ពុជា​នោះ​ទេស ​​​ប៉ុន្តែ​​សំខា​ន់​​ទៅ​​ទៀត​​គឺ​វា​​មិន​​ត្រឹម​តែ​គណៈ​រដ្ឋមន្ត្រី​​វា​​ជា​​ការ​​កែទម្រង់​រ​បស់​​ប្រទេស​​ជាតិ​​ដែល​ជា​ការ​កែទម្រង់​នេះ​ត្រូវធ្វើ​ឱ្យ​មាន​ភាព​នឹង​ការ​ទទួលខុសត្រូវ​រួម​ទាំង​អភិបាលកិច្ច​ល្អ​…»​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ លោក​សាទរចំពោះ​ការ​សម្រេច​​ចិត្តរបស់​​រដ្ឋាភិបាល​។​ ​លោក​ សាស្ត្រាចារ្យ​ផ្ដល់​អនុសាសន៍​ថា​ ការ​រុះរើ​រដ្ឋមន្ត្រី​ចាស់​ចេញ​ដាក់​អ្នក​ថ្មី​ជំនួស​ គឺ​មិន​ត្រូវ​គិត​បក្សពួក​ សែស្រឡាយ​ ហើយ​ត្រូវធ្វើ​វិមជ្ឈការ​។​

«​រដ្ឋាភិបាល​ត្រូវ​ផ្តល់​វិមជ្ឈការ​អំណាច​ឱ្យ​បាន​ច្បាស់លាស់​ ​មាន​ន័យ​ថា ​​អំណាច​មិនមែន​ស្ថិត​នៅ​លើ​តែ​​លោក​នាយក​​រដ្ឋ​មន្ត្រី​ម្នាក់​ឯ​ង​នោះ​​ទេ​ មាន​ន័យ​ថា​ក្រសួង​មួយៗ​ត្រូវ​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​សម្រេចចិត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទី​០១​ ទី​០២​ ត្រូវ​ដាក់​មនុស្ស​ទៅ​តាម​ជំនាញ​ ទៅ​តាម​ឯកទេស​របស់​លោក​រដ្ឋមន្ត្រី​ម្នាក់​ មិនមែន​ដាក់​មនុស្ស​ទៅ​តាម​សែ​ស្រ​ទ្បា​យ​អ្នក​ជិត​ស្និត​នោះ​ទេ​…»​។​

​តាម​ការ​អង្កេត​កន្លង​មក​ កម្ពុជាក៏​មានការ​រុះរើ​រដ្ឋមន្ត្រី​ដែរ​ តែ​មិន​មាន​ទ្រង់ទ្រាយ​ធំ​ដូច​លើក​នេះ​ទេ​ ហើយ​រដ្ឋមន្ត្រី​ ឬ​ មន្ត្រី​ជាន់​ខ្ពស់​ដែល​ត្រូវ​បាន​រុះរើ​ ឬ​ដក​ហូត​តំណែង​  គឺ​ច្រើន​តែ​ក្លាយជា​ទីប្រឹក្សា​រដ្ឋាភិបាល​ ៕

Share

ព័ត៌មានទាក់ទង

Image