សហគមន៍អន្ដរជាតិចាប់ផ្ដើមអបអរសាទរប្រទេសភូមា ដែលមានប្រធានាធិបតីថ្មីមកពីគណបក្សប្រឆាំងលម្អៀងប្រជាធិបតេយ្យ។ កាលពីថ្ងៃម្សិលម៉ិញ ស្ថានទូតចិនប្រចាំភូមា បានចេញសេចក្ដីថ្លែងការណ៍មុនគេដោយអបអរសាទរមេដឹកនាំថ្មី គឺលោក អ៊ូ ទីនក្យូវ ដែលជាជំនួយការជិតស្និទ្ធបំផុតរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានតែងតាំងជាប្រធានាធិបតី។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតចិនបានលើកឡើងថា៖ ចិនប្រាថ្នាឲ្យប្រទេសភូមា ទទួលបាននូវការអភិវឌ្ឍន៍ជាតិច្រើនថែមទៀតហើយសង្ឈឹមថារដ្ឋាភិបាលថ្មីនេះ នឹងក្លាយទៅជាដៃគូសហប្រតិបត្តិការប្រកបដោយមិត្តភាពជាមួយនិងប្រទេសចិន។
តំណាលគ្នានេះដែរ ស្ថានទូតប្រទេសបារាំងនៅទីក្រុង Yangon ក៏បានចេញសេចក្ដីថ្លែងការណ៍សារទរប្រទេសភូមា ដែលមានមេដឹកនាំថ្មីផងដែរ។
ស្ថានទូតបារាំងបាននិយាយថា៖ «ការបោះឆ្នោតជ្រើសរើសលោក អ៊ូ ទីនក្យូវ ធ្វើជាប្រធានាធិបតី គឺមានន័យថាប្រទេសនេះបានធ្វើការផ្ទេរអំណាចដោយសន្ដិវិធីំមួយជំហានៗដើម្បីឆ្ពោះទៅរកការផ្ទេរអំណាចទាំងស្រុង ហើយបារាំងសង្ឃឹមថា ភូមានឹងក្លាយជាប្រទេសប្រកបដោយប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិ»។
ចំណែកឯអង្គការសហប្រជាជាតិវិញក៏បានប្រកាសអបអរសាទរផងដែរ ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖ «អបអរសាទរការវិវត្តន៍នយោបាយដ័វិជ្ជមាននិងមានសារៈសំខាន់បំផុតនេះ ធ្វើឡើងតាមរយៈការកែទម្រង់ការដឹកនាំប្រទេស។ លោកបានហៅការជាប់ឆ្នោតរបស់ប្រធានាធិបតី អ៊ូ ទិនក្យូវ ថាជាការបោះជំហានដ៏មានសារៈសំខាន់ ឆ្ពោះទៅរកការផ្ទេរអំណាចប្រកបដោយសាមគ្គីភាព ស្ថេរភាព និងការយោគយល់»។
ដោយឡែកមេដឹកនាំកំពូលដ៏មានឥទ្ធិពលគឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ក៏បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរលោក អ៊ូ ទីនក្យូវ និងគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ផងដែរ។
ចំណែកនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសថា៖ «កងទ័ពមានមោទនភាពហើយត្រូវគាំទ្រប្រធានាធិបតីថ្មីរូបនេះ គឺម្យ៉ាងគត់ដើម្បីឲ្យប្រទេសជាតិមានសន្ដិភាពឯកភាពជាតិនិងការអភិវឌ្ឍន៍»។
គេរំពឹងថាគណៈរដ្ឋមន្ដ្រីថ្មីរបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដែលដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី នឹងកើតរូបរាងនៅថ្ងៃ ៣០ មីនា ខាងមុខ ហើយលោកស្រី អ៊ុង សានស៊ូជី អាចនឹងត្រូវបានតែងតាំងជារដ្ឋមន្ដ្រីការបរទេស៕
ប្រភព:Mizzima