ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងផ្ញើសារព្រមានទៅសមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ិនប៉ិចថា ប្រសិនបើហ៊ានចុះចូលគណបក្សប្រឆាំង លោកនឹងបណ្តេញចេញពីតួនាទីក្នុងរដ្ឋាភិបាលត្រឹមតែរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។ ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ន័រតុន នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៦។
សម្តេចនាយករដ្ឋមន្ត្រីផ្ញើសារព្រមាននាពេលនេះ ដោយសារមើលឃើញថា គណបក្សហ្វ៊ុនស៊ិនប៉ិច កំពុងបែកបាក់សាមគ្គីរវាង សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ និងលោក ញឹក ប៊ុនឆៃ។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា៖ «រឿងនេះ ការពិតខ្ញុំមិនគួរនិយាយទេ ប៉ុន្តែវាទាក់ទងនិងរាជរដ្ឋាភិបាល ដោយសារតែមានសមាជិក សមាជិកា ហ្វ៊ុនស៊ិនប៉ិចមួយចំនួន គឺជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សារដ្ឋាភិបាល ដល់អ៊ីញ្ចឹង មួយចំនួនទៅតាមលោក ញឹក ប៊ុនឆៃ មួយចំនួនទៀតទៅតាមសម្តេចក្រុមព្រះ អ៊ីញ្ចឹងសួរថា ធ្វើយ៉ាងម៉េច? »
សម្តេចនាយករដ្ឋមន្ត្រីថ្លែងបន្តទៀតថា៖ «ឥឡូវនាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលនេះ បញ្ជាក់ជំហរថា បើទោះជាបុគ្គលនោះទៅតាមសម្តេចក្រុមព្រះ ឬទៅតាមលោក ញឹក ប៊ុនឆៃ គឺនៅរក្សាមុខតំណែងដដែល សុំតែប៉ុណ្ណេះទេ បើចូលបក្សប្រឆាំងដេញចោល ២៤ ម៉ោង»។
សូមស្តាប់ប្រសាសន៍សម្តេច ហ៊ុន សែន ៖
ការថ្លែងព្រមានពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីនេះ ទំនងសំដៅទៅបុគ្គលមួយចំនួនដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងជួររដ្ឋាភិបាលមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គ្រោងដើរចូលគណបក្សប្រឆាំង៕