ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសសន្យាថា សម្ដេចនឹងបញ្ឈប់ការបន្ដការពង្រីកព្រលានយន្ដហោះភ្នំពេញអន្ដរជាតិ ខណៈសម្ដេចទទួលស្គាល់ថាការអនុវត្តដោយមិនបានសិក្សាអំពីផលប៉ះពាល់ឱ្យបានច្បាស់លាស់ គឺជាកំហុសរបស់រដ្ឋាភិបាលនាំឱ្យពលរដ្ឋឈឺចាប់។
ថ្លែងនៅចំពោះមុខ ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ សម្ដេច ហ៊ុន សែន បញ្ជាក់ថា លោកឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅឆ្នាំ ១៩៨៥ គឺពេលនោះ សម្ដេចមិនបានសិក្សាច្បាស់លាស់អំពីវិសាលភាពនៃសេចក្ដីត្រូវការរបស់ ព្រលានយន្តហោះនេះ ទើបមានបញ្ហាដល់ពលរដ្ឋរស់នៅជាប់របងព្រលាននេះ។ លោកទទូលស្គាល់ថា គឺកំហុសមួយរបស់ថ្នាក់ដឹងកនាំ។
សម្ដេច ហ៊ុន សែន៖ «ទីក្រុងភ្នំពេញ បើនិយាយពីព្រលានយន្ដហោះរបស់យើង ប្រវែងផ្លូវយើងនៅខ្វះខាតនៅចំនួនផ្លូវ ប៉ុន្ដែនេះពុំមែនជាកំហុសរបស់ពួកគាត់ទេតែ ជាកំហុសរបស់រដ្ឋាភិបាលដែលមិនអាចផ្ដល់ដីឱ្យបាន ហើយនេះក៏ជាកំហុសរបស់ខ្ញុំតែម្ដង»។
កាលពីចុងឆ្នាំ២០១២ អ្នកភូមិរស់នៅជាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែល ដាក់ឈ្មោះខ្លួនឯងថាសហគមន៍ SOS បានស្វែងរកកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីការពារពួកគេ៦០០ គ្រួសារ កុំឱ្យមានការបណ្តេញចេញទាំងបង្ខំ។ ប៉ុន្តែការចេញតវ៉ារបស់សហគមន៍នេះ តែងតែត្រូវបានបង្ក្រាបពីសំណាក់សមត្ថកិច្ច។
លោក កៅ សុវណ្ណ តំណាងសហគមន៍ អេស អូ អេស (sos) បានប្រាប់វិទ្យុស្ដ្រីថា លោកមានក្ដីរីករាយ និងសប្បាយចិត្ដជាខ្លាំង បន្ទាប់ពីបានឮដំណឹងពីការប្រកាស់សន្យារបស់សម្ដេច ហ៊ុន សែន នាពេលនេះ។ លោកថា ចាប់តាំងពីពលរដ្ឋរងគ្រោះដោយសារគម្រោងពង្រីកព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនេះតាំងពី ២០១២ មកពលរដ្ឋទាំងអស់មានក្ដីបារម្ភស្ទើរគ្រប់ពេលចំពោះការរុះរើផ្ទះ និងបណ្ដេញចេញ។
លោក កៅ សុវណ្ណ បន្ដថា ថ្វីត្បិតតែការការប្រកាស់របស់សម្ដេចនេះធ្វើឱ្យរូបលោក និងអ្នករងគ្រោះផ្សេងទៀតរីករាយក៏ពិតមែន តែលោកថា ចំពោះការអនុវត្ដបានឬមិនបាន ត្រូវចាំមើលតទៅមុខទៀតសិន។
លោកបន្ថែមថា៖ «អញ្ចឹងខ្ញុំគិតថា យើងនៅមិនទាន់ជឿជាក់ ១០០% នៅឡើយទេ ព្រោះអីអ្វីដែលសម្ដេចមានប្រសាសន៍ហ្នឹងយើងមិនអាចសម្រេចថាជឿជាក់ថា គាត់នឹងមិនប៉ះពាល់ទេ ហើបើសិនជាមិនប៉ះពាល់មែន យើងនឹងដាក់លិខិតស្នើសុំធ្វើកម្មសិទ្ធិដើម្បីឱ្យពលរដ្ឋគាត់អាចសាងសង់ [ផ្ទះ]»។
ចំណែកអ្នកស្រី ច្រាយ នីម ជាតំណាងសហគមន៍ អេស អូ អេស (SOS) ផងដែរ ក៏បានសាទរចំពោះសារ សន្យារបស់សម្ដេច ហ៊ុន សែន នាពេលនេះ។ ក៏ប៉ុន្ដែអ្នកស្រីថា កាលពីពេលមុនមកសម្ដេចក៏ធា្លប់បានសន្យាជាច្រើនទាក់ទងការការពារព្រៃឈើ ការការពារធនធានធម្មជាតិអ្វីផ្សេងៗ តែមិនអាចសម្រេចបានតាមការសន្យារបស់សម្ដេចឡើយ។
អ្នកស្រីថា ពេលនេះគឺត្រូវចាំមើលការអនុវត្តរបស់សម្ដេចតទៅមុខទៀតសិន។ អ្នកស្រី ច្រាយ នីម បញ្ជាក់ថា ក្រុមសហគមន៍របស់អ្នកស្រីទាំងអស់នឹងនៅតែបន្ដបាតុកម្មទៀតបើសិនជា ការសន្យារបស់សម្ដេចមិនអាចធ្វើបានហើយ បើសិនជាសម្ដេចចង់ឱ្យការសន្យារបស់សម្ដេចនេះមានប្រសិទ្ធភាពសម្ដេចគួរតែមានចេញជាលិខិតស្នាមដើម្បីបញ្ជាក់រឿងនេះ។
អ្នកស្រី ច្រាយ នីម ៖ «ប្រសិនជាសម្ដេចគាត់មានប្រសាសន៍ថាឱ្យប្រជាពលរដ្ឋឈប់ការតវ៉ា ហើយគាត់អត់ពង្រីកព្រលានយន្ដហោះទេសុំឲ្យសម្ដេចសរសេរ ឬក៏ចេញលិខិតមួយឲ្យបានច្បាស់លាស់ដែលជាភស្ដុតាងរបស់ពួកយើង [ពលរដ្ឋរងគ្រោះ] ហើយពួកយើងអត់មានការបាតុកម្មតទៅទៀត»។
ជុំវិញរឿងនេះលោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន មានប្រសាសន៍ថា ក្នុងនាមលោកដែលធ្វើការពាក់ព័ន្ធនឹង សិទ្ធលំនៅឋាននេះ លោកពិតជាសាទរចំពោះចំណាត់ការរបស់សម្ដេច ហ៊ុន សែន ដែលបានមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនាពេលនេះ ។
លោក សៀ ភារម្យ បញ្ជាក់ថា លោកគិតថាសម្ដេចប្រាកដជាអាចបំពេញការសន្យារបស់សម្ដេចបានព្រោះសម្ដេចគឺបុគ្គលគំរូមួយរូបសម្រាប់ប្រទេសជាតិ លោកថាបើសិនជាសម្ដេចធ្វើមិនបានដូចការសន្យាទេនោះនឹងធ្វើឱ្យសម្ដេចបាត់បង់ការគាំទ្រពីពលរដ្ឋជាក់ជាពុំខាន។
លោកបន្ថែមថា៖ «ខ្ញុំជឿថាសម្ដេចមិនអាចនិយាយក្រឡាច់ដូចរឿងកាត់កអស់ព្រៃឈើអីហ្នឹងទេ ក្នុងនាមលោកជាបុរសជាតិជាអ្នកគំរូ អ្នកដឹកនាំជាតិហ្នឹងត្រូវតែនិយាយអ្វីហើយត្រូវហ៊ានធ្វើ តែប្រសិនបើនិយាយហើយអត់ហ៊ានធ្វើទេ ហ្នឹងបានន័យថា សម្ដីរបស់បុរសជាតិហ្នឹង ត្រូវសាបរលាបហើយអត់មានតម្លៃទេ សម្រាប់ម្ចាស់ឆ្នោតនិងសាធារណៈជន»។
នៅរយៈពេលចុងក្រោយនេះ គេសង្កេតឃើញ សម្ដេច ហ៊ុន សែន បានដឹងរឿងជាច្រើនជុំវិញទុក្ខវេទនា របស់ប្រជាពលរដ្ឋ ដែលតែងតែទួញសោកអំពីការរស់នៅក្នុងសង្គមជួបប្រទះរឿងអយុត្តិធម៌។ កាលពីថ្ងៃម្សិលមិញ សម្ដេចក៏បានបញ្ជាឱ្យកូនប្រុសសម្ដេច ២នាក់ ទៅសុំអន្តរាគមន៍ដោះលែងស្ត្រី ២នាក់ នៅខេត្តកំពង់ស្ពឺ ឱ្យនៅក្រៅឃុំដោយបានដោះលែងទាំងយប់ បន្ទាប់ពីស្ត្រី ២រូប ត្រូវបានតុលាការខេត្តឃុំខ្លួនជាច្រើនថៃ្ង ករណីជម្លោះដីធ្លីជាមួយអ្នកមានអំណាច នៅស្រុកភ្នំស្រួច៕