ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែមីនា បានប្រតិកម្មចំពោះបណ្តាសារព័ត៌មានមួយចំនួនដែលបានផ្សាយព័ត៌មានដោយបាននិយាយអាក្រក់ និងផ្សាយព័ត៌មានមិនពិតពីប្រទេសកម្ពុជាទៅក្រៅប្រទេស។ ការថ្លែងដូចនេះធ្វើឡើងនៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយអ្នកដំណើរថ្មីនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ សម្រាប់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាគឺមានចំនួន ២ គឺកម្ពុជាពិត និងកម្ពុជានៅលើសារព័ត៌មាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «កម្ពុជាមានពីរ ទី១ គឺកម្ពុជាពិត និងទី២ កម្ពុជាលើទំព័រសារព័ត៌មាន ដែលមនុស្សមួយចំនួនបានយកទៅបរិហាកេរ្ត៍ ឬនិយាយអាក្រក់ពីកម្ពុជា វាសឹងតែក្លាយជាឋាននរកលោកីយ៍។ កម្ពុជាលើទំព័រសារព័ត៌មាននៅក្រៅប្រទេសតារយៈការសរសេរផ្សាយរបស់មួយចំនួន រាប់ទាំងជនជាតិកម្ពុជាមួយចំនួន គឺកម្ពុជាមិនគួរឱ្យចង់រស់នៅ មិនចង់ឱ្យមកទស្សនកិច្ចនោះទេ។
ជាមួយនឹងប្រតិកម្មរបស់នាយករដ្ឋមន្ត្រី លោក ពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា ទទួលស្គាល់ថា ការសរសេរព័ត៌មាននៅកម្ពុជាសព្វថ្ងៃ ហាក់បានផ្ដោតទៅលើភាពអវិជ្ជមាន ច្រើនជាងចំណុចវិជ្ជមាន ហើយចំណុចអវិជ្ជមានទាំងនោះគឺជាចំណុចចាប់អារម្មណ៍ពីមហាជន។ តែយ៉ាងណាលោកថា ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គេមិនអាចហាមឃាត់ ឬក៏តម្រូវឱ្យសារព័ត៌មានទាំងនោះផ្សាយតែរឿងល្អបាននោះទេ តែអ្វីដែលសំខាន់ស្ថាប័នទាំងនោះត្រូវគោរពវិជ្ជាជីវសារព័ត៌មានឱ្យបានល្អ។
លោក ពុយ គា៖ «បច្ចុប្បន្នភាពរបស់ប្រទេសកម្ពុជា មានការសរសេរព័ត៌មានចំនួន៣។ និន្នាការទី១ គឺសារព័ត៌មានដែលគាត់មានទំនោរទៅរកបក្សកាន់អំណាចគឺគណបក្សប្រជាជន ទំនោរទី២គឺ ទៅរកគណបក្សជំទាស់ និងទំនោរទី៣ គឺនិយមកណ្តាល។ ដូច្នេះបើយើងពិនិត្យទៅមើលទំនោរទាំង៣ហ្នឹង គឺជៀសមិនផុតអំពីការសរសេរលម្អៀងទៅម្ខាងៗ។ អញ្ចឹងហើយបានជាសម្តេច ហ៊ុន សែន គាត់លើកមកនិយាយ តែទាក់ទងបញ្ហានេះ យើងពិបាកហាមឃាត់គាត់បាន ព្រោះដោយប្រទេសយើងគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជាពិសេសគោរពទៅលើសេរីភាពសារព័ត៌មាន»។
ចំណែកលោក កៃ គឹមសុង និពន្ធនាយកកាសែតភ្នំពេញ មិនបានចាប់អារម្មណ៍អ្វីច្រើននោះទេ ចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន។ តែជាការកត់សម្គាល់លោកថា នៅលើពិភពលោក គឺតែងតែមានអ្នកសារព័ត៌មានដែលសរសេរព័ត៌មានល្អ និងមិនបានល្អ នោះគឺជារឿងធម្មតាទៅហើយ។
លោក កៃ គឹមសុង៖ «ធម្មតាអ្នកកាសែតឯករាជ្យ មិនឯករាជ្យ អាហ្នឹងស្រុកណាក៏មានដែរ។ មានអ្នកកា សែតល្អ មានអ្នកកាសែតមិនល្អ មានរាយការណ៍ល្អ មានរាយការណ៍មិនល្អ វាជារឿងធម្មតាទេអាហ្នឹង»។
របាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពី កត្តាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា ដែលបានផ្សព្វផ្សាយ ដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា មិនទាន់មានឯករាជ្យពេញលេញនោះទេ។ របាយការណ៍នេះបានរកឃើញថា ៥៣% នៃអ្នកសារព័ត៌មានជាង ១០០នាក់ បានលើកឡើងថា មានការជ្រៀតជ្រែកពីសំណាក់រាជរដ្ឋាភិបាល រួមទាំងមានកម្មសិទ្ធិប្រមូលផ្តុំនៃប្រព័ន្ធផ្សាព្វផ្សាយ មានការដាក់សម្ពាធពីសំណាក់ម្ចាស់ស្ថាប័ន ការគ្រប់គ្រងនិយ័តកម្ម និងការផ្តល់អាជ្ញាបណ្ណជាដើម៕