en     km
en     km

សម្តេច​ ហ៊ុន​ សែន​ រិះគន់​សារព័ត៌មាន​ដែល​និយាយ​អាក្រក់​ និង​មិន​ពិត​ពី​កម្ពុជា​

Share

cover-HS-at-peace-palace
ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​១៦​ ខែមីនា​ បាន​ប្រតិកម្ម​ចំពោះ​បណ្តាសារ​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ផ្សាយ​ព័ត៌មាន​ដោយ​បាន​និយាយ​អាក្រក់​ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ប្រទេស​កម្ពុជា​ទៅ​ក្រៅប្រទេស​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​។​ សម្រាប់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កម្ពុជា​គឺ​មាន​ចំនួន​ ២​ គឺ​កម្ពុជា​ពិត​ និង​កម្ពុជា​នៅ​លើ​សារព័ត៌មាន​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​៖​ «​កម្ពុជា​មាន​ពីរ​  ទី​១​ គឺ​កម្ពុជា​ពិត​ និង​ទី​២​ កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន​ ដែល​មនុស្ស​មួយ​ចំនួន​បាន​យក​ទៅ​បរិហា​កេ​រ្ត៍​ ឬ​និយាយ​អាក្រក់​ពី​កម្ពុជា​ វា​សឹងតែ​ក្លាយជា​ឋាននរក​លោកីយ៍​។​ កម្ពុជា​លើ​ទំព័រ​សារព័ត៌​មាននៅ​ក្រៅប្រទេស​តា​រយៈ​ការ​សរសេរ​ផ្សាយ​របស់​មួយ​ចំនួន​ រាប់​ទាំង​ជនជាតិ​កម្ពុ​ជាមួយ​ចំនួន​ គឺ​កម្ពុជា​មិន​គួរ​ឱ្យ​ចង់​រស់នៅ​ មិន​ចង់​ឱ្យមក​ទស្សនកិច្ច​នោះ​ទេ​។​

​ជាមួយនឹង​ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី​  លោក​ ពុ​យ​ គា​ អគ្គលេខាធិការ​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ ទទួលស្គាល់​ថា​ ការ​សរសេរ​ព័ត៌មាន​នៅ​កម្ពុជា​សព្វថ្ងៃ​  ហាក់​បាន​ផ្ដោត​ទៅ​លើ​ភាព​អវិជ្ជមាន​ ច្រើន​ជាង​ចំណុច​វិជ្ជមាន​ ហើយ​ចំណុច​អវិជ្ជមាន​ទាំងនោះ​គឺជា​ចំណុច​ចាប់អារម្មណ៍​ពី​មហាជន​។​ តែ​យ៉ាងណា​លោក​ថា​ ក្នុង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ គេ​មិន​អាច​ហាមឃាត់​ ឬ​ក៏​តម្រូវ​ឱ្យ​សារព័ត៌មាន​ទាំងនោះ​ផ្សាយ​តែ​រឿង​ល្អ​បាន​នោះ​ទេ​ តែ​អ្វី​ដែល​សំខាន់​ស្ថាប័ន​ទាំងនោះ​ត្រូវ​គោរព​វិជ្ជាជីវ​សារព័ត៌មាន​ឱ្យ​បាន​ល្អ​។​

​លោក​ ពុ​យ​ គា​៖​ «​បច្ចុប្បន្នភាព​របស់​ប្រទេស​កម្ពុជា​ មានការ​សរសេរ​ព័ត៌មាន​ចំនួន​៣​។​ និន្នាការ​ទី​១​ គឺ​សារព័ត៌មាន​ដែល​គាត់​មាន​ទំនោរ​ទៅ​រក​បក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​ ទំនោរទី​២​គឺ​ ទៅ​រក​គណបក្សជំទាស់​ និង​ទំនោរទី​៣​ គឺ​និយម​កណ្តាល​។​ ដូច្នេះ​បើ​យើង​ពិនិត្យ​ទៅ​មើល​ទំនោរ​ទាំង​៣​ហ្នឹង​ គឺ​ជៀស​មិន​ផុត​អំពី​ការ​សរសេរ​លម្អៀង​ទៅ​ម្ខាងៗ​។​ អ​ញ្ចឹ​ង​ហើយ​បានជា​សម្តេច​ ហ៊ុន​ សែន​ គាត់​លើក​មក​និយាយ​ តែ​ទាក់ទង​បញ្ហា​នេះ​ យើង​ពិបាក​ហាមឃាត់​គាត់​បាន​ ព្រោះ​ដោយ​ប្រទេស​យើង​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ ជា​ពិសេស​គោរព​ទៅ​លើ​សេរីភាព​សារព័ត៌មាន​»​។​

​ចំណែក​លោក​ កៃ​ គឹ​ម​សុង​ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ មិន​បាន​ចាប់អារម្មណ៍​អ្វី​ច្រើន​នោះ​ទេ​ ចំពោះ​ប្រសាសន៍​របស់​សម្តេច​ ហ៊ុន​ សែន​។​ តែ​ជា​ការ​កត់សម្គាល់​លោក​ថា​ នៅ​លើ​ពិភពលោក​ គឺ​តែងតែមាន​អ្នក​សារព័ត៌មាន​ដែល​សរសេរ​ព័ត៌មាន​ល្អ​ និង​មិន​បាន​ល្អ​ នោះ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​។​

​លោក​ កៃ​ គឹ​ម​សុង​៖​ «​ធម្មតា​អ្នកកាសែត​ឯករាជ្យ​ មិន​ឯករាជ្យ​ អាហ្នឹង​ស្រុក​ណា​ក៏​មាន​ដែរ​។​ មាន​អ្នកកា​ សែត​ល្អ​ មាន​អ្នកកាសែត​មិនល្អ​ មាន​រាយការណ៍​ល្អ​ មាន​រាយការណ៍​មិនល្អ​ វា​ជា​រឿង​ធម្មតា​ទេ​អាហ្នឹង​»​។​

​របាយការណ៍​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​ កត្តា​ប្រឈម​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​ ដែល​បាន​ផ្សព្វផ្សាយ​ ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ បានឱ្យ​ដឹង​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ មិន​ទាន់​មាន​ឯករាជ្យ​ពេញលេញ​នោះ​ទេ​។​ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា​ ៥៣%​ នៃ​អ្នក​សារព័ត៌មាន​ជាង​ ១០០​នាក់​ បាន​លើក​ឡើង​ថា​ មានការ​ជ្រៀតជ្រែក​ពី​សំណាក់​រាជរដ្ឋាភិបាល​ រួម​ទាំង​មានកម្ម​សិទ្ធិ​ប្រមូលផ្តុំ​នៃ​ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​ មានការ​ដាក់​សម្ពាធ​ពី​សំណាក់​ម្ចាស់​ស្ថាប័ន​ ការ​គ្រប់គ្រង​និយ័ត​កម្ម​ និង​ការ​ផ្តល់​អាជ្ញា​បណ្ណ​ជាដើម​៕

Share

Image
Image
Image